ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីភាព នៃកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពី ការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា ការប្រមូលចំណូលថវិការដ្ឋ រយៈពេល៨ខែ ឆ្នាំ២០២២ សម្រេចបាន ១៦ ៤៣០ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។ ដោយឡែក ចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់»។


បើតាមក្រសួងសេដ្ឋកិច្ច ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
