ភ្នំពេញ៖ ផែនទីទេសចរណ៍ ដែលមានលក្ខណៈជាឌីជីថល បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីតម្រូវការជាចាំបាច់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់ដឹងពីទីតាំងទេសចរណ៍សំខាន់ៗក្នុងខេត្តទាំងអស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរទេសចរណ៍ខេត្ត បានផ្សព្វផ្សាយជាសាធារណៈ អំពីផែនទីទេសចរណ៍ នៅក្រុងបាត់ដំបង ដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ និងក្រុមអាជីវករ ដើម្បីបញ្ជៀបឱ្យមានការយល់ដឹងអំពីមុខងារសំខាន់ៗនៃ។

ផែនទីទេសចរណ៍នេះ មានភ្ជាប់មកជាមួយនូវ QR Code អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមើលព័ត៌មានផ្សេងៗពីទីតាំងរមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដែលភ្ញៀវទេសចរចង់ទៅ ដោយគ្រាន់តែ ស្កេនQR Code នោះនឹងរត់ទៅរកគេហទំព័រផែនទីទេសចរណ៍នោះតែម្ដង។

ផែនទីទេសចរណ៍នេះ ផ្តោតសំខាន់ ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្ត ដើម្បីជាការទាក់ទាញ និងជួយសម្រួលដល់ភ្ញៀវទេសចរ ដែលមកកម្សាន្ត និងថែមទាំងជួយសម្រួល ដល់ការសិក្សាស្វែងយល់ និងស្រាវជ្រាវរបស់សិស្ស និស្សិត ហើយក្នុងនោះក៏បានបង្ហាញ អំពីរមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋាន ដែលមាននៅក្នុងខេត្តផងដែរ ។

ផែនទីនេះ ជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា ខេត្តបាត់ដំបង ដោយគ្រាន់តែស្កេន QR Code នឹងបង្ហាញនូវផែនទីទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍សំខាន់នានា ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានបំណងចង់ទៅ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានជំរុញដល់បណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើកិច្ចសហការជាមួយក្រុមអ្នកជំនាញ ដើម្បីផ្ដល់ព័ត៌មាន និងបញ្ចូលទិន្នន័យសំខាន់ៗចាំបាច់ ដែលពាក់ព័ន្ធក្នុងខេត្ត ដើម្បីដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះ ឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យមានព័ត៌មានកាន់តែច្រើនឡើងៗ ងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវការ៕
