ភ្នំពេញ ៖ ឯកឧត្តមម៉ាសាហ៊ីរ៉ូ មីខាមិ (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា តំណាងឱ្យសមាគមធុរកិច្ចជប៉ុន បានថ្លែងអំពីដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាថា ពួកគេមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ធ្វើឱ្យមានភាពកក់ក្ដៅចំពោះអ្នកធុរកិច្ច។
ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមិ (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់ សរុបចំនួនប្រមាណ ១៣០រូប។

ក្នុងកិច្ចប្រជុំនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានប្ដេជ្ញាជំរុញអ្នកវិនិយោគិនជប៉ុន បន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩, រួមគ្នាកែលម្អ ធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងរិះរកបញ្ហាប្រឈម ដាក់ចេញនូវដំណោះស្រាយ ឈ្នះ-ឈ្នះ។
ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមិ បានថ្លែងថា ក្រុមធុរកិច្ចជនជប៉ុន បានមើលឃើញកាន់តែច្បាស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម គួរជាទីមោទនៈ, ហើយក្នុងនោះ ក៏មានសេនាធិការសំខាន់ៗ ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងថែទាំផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិនជប៉ុនគ្រប់រូប។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានកត់សម្គាលថា អ្នកវិនិយោគជប៉ុន ជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី, ក្នុងនោះ មានការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានអំណោយផល សម្រាប់ការវិនិយោគ និងបានរំលេចពីច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ឆ្នាំ២០២១ ដែលជាឯកសារគតិយុត្តិដ៏មានសារៈសំខាន់ក្នុងការផ្តល់កិច្ចសម្រួលការងារ, ការលើកទឹកចិត្ត និងថែទាំអ្នកវិនិយោគ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






