ក្នុងពិធីអាពាហ៍ពិពាហ៍ម្តងៗ មានរឿងមួយដែលយើងតែងមើលឃើញជាប្រចាំ រហូតក្លាយជាទម្លាប់ ឬប្រពៃណីទៅហើយនោះ គឺការឱ្យកូនក្រមុំបោះបាច់ផ្កាក្នុងថ្ងៃរៀបការ។ ចា៎ស មនុស្សជាច្រើនប្រហែលជានឹកឆ្ងល់ហើយមែនទេថា ហេតុអីចាំបាច់ត្រូវតែបោះបាច់ផ្កានោះ ទៅឱ្យគេដណ្តើមគ្នា? បើមិនបាច់បោះ មិនបានទេឬ? និងពេលកូនក្រមុំបោះទៅ ហេតុអីស្រីក្រមុំៗទាំងឡាយ (ឥឡូវ ថែមទាំងមានកំលោះៗទៀតផង) ត្រូវតែនាំគ្នាដណ្តើមយកមកធ្វើជារបស់ខ្លួនឱ្យបានធ្វើអី?។ ចម្លើយមានដូចតទៅ…
ការពិតទៅ ការបោះបាច់ផ្កាក្នុងថ្ងៃអាពាហ៍ពិពាហ៍នេះ គឺជាទំនៀមទម្លាប់ប្រពៃណីក្នុងការរៀបការរបស់ជនជាតិអឺរ៉ុប ដែលមានតាំងពី ៥០០ឆ្នាំមកហើយ ដោយពីដំបូង កូនក្រមុំច្រើនតែគិតថា ខ្លួនប្រហែលជាលែងត្រូវការប្រើឈុតសម្លៀកបំពាក់កូនក្រមុំទៀតហើយ និងនាំគ្នាជឿថា ឈុតសម្លៀកបំពាក់កូនក្រមុំនេះ គឺជាវត្ថុនាំជោគសំណាងសម្រាប់នារីដទៃ ដូច្នេះនៅពេលពិធីមង្គលការ ចប់សព្វគ្រប់ហើយ កូនក្រមុំច្រើនតែប្រគល់ឈុតអាពាហ៍ពិពាហ៍នេះទៅឱ្យអ្នកដទៃ តែដោយសារតែមាននារីក្រមុំៗច្រើននាក់ និងឈុតមានតែ ១សម្រាប់ ទើបក្លាយជាការនាំគ្នាហែកឈុតកូនក្រមុំនោះ ម្នាក់ ១បន្ទះ យកទៅទុកធ្វើជាវត្ថុនាំគូព្រេង ជោគសំណាង និងអនុស្សាវរីយ៍។
លុះពេលវេលាកន្លងទៅ ឈុតអាពាហ៍ពិពាហ៍របស់កូនក្រមុំ មានតម្លៃកាន់តែថ្លៃឡើង និងចាប់ផ្តើមមានប្រពៃណីក្នុងការថែរក្សាឈុតអាពាហ៍ពិពាហ៍ទុកផងនោះ ទើបមានការផ្លាស់ប្តូរមកជាការបោះបាច់ផ្កាជំនួសវិញម្តង ព្រោះថា ផ្កា គឺជានិមិត្តរូបនៃភាពរីកលូតលាស់ ស្រស់បំព្រង និងដោយសារផ្កាស្រស់នឹងត្រូវស្រពោនរុះរោយផងនោះ ទើបកូនក្រមុំមិននិយមរក្សាទុក (តែគូអាពាហ៍ពិពាហ៍ខ្លះ មិននិយមបោះបាច់ផ្កាឱ្យគេដណ្តើមទេ តែនឹងដើរចែកផ្កាជូនស្ត្រីក្រមុំៗ ម្នាក់ ១ទងៗ ជំនួសវិញ)។
សម្រាប់ចម្ងល់ដែលថា ហេតុអីពេលកូនក្រមុំប្រុងបោះបាច់ផ្កា ត្រូវតែមាននារីក្រមុំៗ មករង់ចាំទទួលយក? នេះ ព្រោះតែវាជាជំនឿ ដែលគេនាំគ្នាជឿថា បើស្រីក្រមុំណាម្នាក់បានទទួលបាច់ផ្កាពីកូនក្រមុំ ស្រីក្រមុំនោះនឹងបានរៀបការបន្ទាប់ពីនោះទៅ។
សម្រាប់ផ្កាស្រស់របស់កូនក្រមុំក្នុងថ្ងៃមង្គលការ ដែលគេនិយមប្រើ គឺផ្កាកុលាបពណ៌ក្រហម តែក៏អាស្រ័យលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់កូនក្រមុំដែរ ហើយតទៅនេះ គឺអត្ថន័យរបស់ផ្កាដែលប្រើក្នុងថ្ងៃមង្គលការ…
-បាច់ផ្កាកុលាប មានន័យ ពីសេចក្តីស្នេហាដ៏រ៉ូមែនទិក ភាពស្រស់ស្អាត មន្តស្នេហ៍ដ៏ទាក់ទាញ និងស្នេហាស្មោះ រវាងកូនកំលោះ និងកូនក្រមុំ។
-បាច់ផ្កាលីលលី អហ្វ ឌឹ វ៉ាលលេយ៍ ( Lilly of the valley ) មានន័យពី ភាពទន់ភ្លន់ផ្អែមល្ហែម សេចក្តីសុខរបស់កូនក្រមុំ និងដំណើរផ្លូវដែលនឹងនាំឆ្ពោះទៅជួបនឹងសេចក្តីសុខ ប្រៀបដូចនៅលើស្ថានសូគ៌។
-បាច់ផ្កាខាលឡា លីលលី ( Kalla lilly ) មានន័យពី ភាពមានមន្តស្នេហ៍ ភាពស្រស់ស្អាត សង្ហា ភាពទំនើបខ្ពង់ខ្ពស់របស់កូនក្រមុំ ដែលនឹងលេចធ្លោដិតជាប់នៅក្នុងដួងចិត្តរបស់កូនកំលោះរហូតទៅ។
-បាច់ផ្កាធីវលីប ( Tulip ) មានន័យពី ភាពស្រស់ថ្លា សេចក្តីសុខ សេចក្តីសមបំណង ជាតំណាងរបស់សេចក្តីស្នេហា ដែលពេញប្រៀបរវាងគូអាពាហ៍ពិពាហ៍ និងជំនួសឱ្យសេចក្តីសុខដែលស្រស់ថ្មី របស់សេចក្តីស្នេហារហូតទៅ៕