Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ទង្វើ ៦យ៉ាង ដែលភ្លេចខ្លួនធ្វើដោយមិនដឹងខ្លួន នឹងនាំឱ្យលំបាកនៅពេលចាស់

អ្នកធ្វើការងារមានប្រាក់ខែជាច្រើននាក់ ច្រើនតែគិតថា ខ្លួនឯងមានប្រាក់ចំណូលចូលហោប៉ៅជារៀងរាល់ខែជាប់ជានិច្ច តែទាំងអស់គ្នានោះ មិនបានដឹងឡើយថា អ្វីដែលខ្លួនគិតនោះ គឺជារណ្ដៅអន្ទាក់ ដែលធ្វើឱ្យមនុស្សជាច្រើន ចាយវាយ និងរស់នៅស្ថិតលើការធ្វេសប្រហែស ហើយនៅទីបំផុត ជីវិតក្នុងវ័យចូលនិវត្តន៍របស់អ្នក ក៏នឹងលំបាកលំបិនយ៉ាងមិនធ្លាប់នឹកស្មានដល់។ ដូច្នេះបើមិនចង់លំបាកនៅពេលចាស់ទេ ចូរបញ្ឈប់ចរិត និងទង្វើដូចខាងក្រោមនេះ…

១.ឈប់អភិវឌ្ឍខ្លួនឯង

មនុស្សជាច្រើន ច្រើនតែសន្តិភាពនិយម និងឈប់អភិវឌ្ឍខ្លួន ព្រោះគ្រាន់តែមកធ្វើការធម្មតាៗ ក៏ទទួលបានប្រាក់ខែរៀងរាល់ខែស្រាប់ទៅហើយ នៅធ្វើការស៊ីប្រាក់ខែបែបហ្នឹងរហូតទៅ ក៏រស់នៅស្រួលម្យ៉ាងដែរ មិនបាច់ទៅគិតអ្វីច្រើនឡើយ។ តែអ្វីទាំងអស់ហ្នឹងហើយ ដែលនឹងក្លាយជារណ្ដៅអន្ទាក់ ធ្វើឱ្យអ្នកក្លាយជាមនុស្សដើរលែងទាន់ពិភពលោក ព្រោះពិភពលោកយើងសព្វថ្ងៃ វិលលឿនជាងយើងគិតទៅទៀត តិចណូឡូជីក៏ផ្លាស់ប្ដូរថ្មីឡើងៗគ្រប់ពេលវេលា។ ដូច្នេះកុំធ្វើខ្លួន ជាមនុស្សទឹកពេញកែវ ត្រូវចេះកែសម្រួលខ្លួន និងស្វែងរកចំណេះដឹងថ្មីៗជាប់ជានិច្ច។ អភិវឌ្ឍខ្លួនឯង ដើម្បីបាននាំយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការងារនាពេលអនាគត។

២.មិនរៀបផែនការទុកក្នុងករណីអាសន្ន មិនត្រៀមអាជីពទី២

ការមានអាជីពទី២ ទោះជាមិនបានធានាពីភាពស្ថិតស្ថេរដល់រូបអ្នកក៏ដោយ តែក៏វាជាជំនួយការមួយ ជួយសម្រាលបន្ធូរបន្ទុកបំណុលដល់រូបអ្នកបានមិនច្រើន ក៏តិចដែរ ហេងស៊យអាជីពបន្ទាប់បន្សំនេះ អាចបង្កើតទឹកប្រាក់ និងសាងប្រាក់ចំណូលដល់ខ្លួនអ្នក ច្រើនជាងការងាប្រចាំទៀតផង។ រឹតតែយើងមានអាជីពច្រើន យើងនឹងច្បាស់ជាមានជម្រើសសម្រាប់ជីវិតបានច្រើនដូចគ្នា ហើយនិងបានរស់នៅក្នុងបែបបទដែលយើងអាចច្នៃដោយខ្លួនឯងទៀតផង។

៣.ចាយវាយលើសសមត្ថភាព

ក្នុងសង្គមដែលបូជាសម្ភារនិយម និងយកវត្ថុក្រៅរូបកាយជារឿងសំខាន់នេះ ធ្វើឱ្យមនុស្សជាច្រើន ចាំបាច់ត្រូវតែចំណាយប្រាក់ទៅលើអ្វីដែលមិនចាំបាច់ រហូតធ្វើឱ្យភ្លេចឋានៈខាងហិរញ្ញវត្ថុរបស់ខ្លួនឯង និងកើតមានបញ្ហាបំណុលតាមមកនៅទីបំផុត។ យើងគួរផ្លាស់ប្ដូរទស្សនគតិរបស់ខ្លួនឯងជាថ្មី វត្ថុមួយចំនួនដែលគេប្រាប់ថា “វាត្រូវតែមានប្រើ” ការពិតទៅ បើយើងមិនមាន ក៏យើងអាចរស់នៅបានសុខសប្បាយជាងផងក៏អាចថាបានដែរ ព្រោះទោះជាប្រាក់ខែយើង នឹងទទួលបានរាល់ខែក៏ពិតមែន តែបើសិនជាកើតហេតុបន្ទាន់ណាមួយ ដែលត្រូវការចាយលុយ វានឹងធ្វើឱ្យប្រាក់ចំណូលរបស់យើង លែងស្ថិតស្ថេរតទៅទៀត ហើយការមិនចេះគណនាប្រាក់ចំណាយឱ្យបានល្អ វានឹងនាំមកនូវក្ដីអន្តរាយនៅទីបំផុត។

៤.បង្កបំណុលដែលមិនចាំបាច់

កាតក្រេឌីត ជាវត្ថុគូគ្នានឹងមនុស្សធ្វើការស៊ីប្រាក់ខែក៏អាចថាបានដែរ ព្រោះមនុស្សជាច្រើន មិនសូវចេះហាមប្រាមចិត្តខ្លួនឯងទេ តែពូកែចុចដកប្រាក់ ចុចដករហូតដល់កាតក្រេឌីត ក្លាយជាកាតបង្កើតបំណុល ហើយការប្រាក់ក៏មហាសែនថ្លៃទៀតផង។ ដូច្នេះមុននឹងចុចដកប្រាក់ ឬប្រើវាឆូត ដើម្បីទិញវត្ថុអ្វីមួយ ត្រូវតែគិតឱ្យបានល្អិតល្អន់ជាមុនសិន បើមិនមានលុយនៅក្នុងដៃ ដើម្បីឃ្លៀរបំណុលកាតក្រេឌីតទេ ក៏កុំទិញតែម្ដងទៅ ប្រសើរជាង។

៥.មិនរៀបផែនការពេលចូលនិវត្តន៍

មនុស្សជាច្រើនព្រងើយកន្តើយក្នុងការរៀបផែនការក្នុងវ័យចូលនិវត្តន៍ ព្រោះគិតថា លុយ រកពេលណាក៏បាន អាយុនៅតិច មានពេលសន្សំលុយបានទៀតច្រើន តែធ្វើការកន្លងទៅ ១០ឆ្នាំហើយ ក៏នៅតែមិនទាន់មានលុយសន្សំទុកសម្រាប់វ័យចូលនិវត្តន៍សោះ។ បើបណ្ដោយឱ្យវាក្លាយជាបែបហ្នឹងទៅជារឿយៗនោះ ធានាថា អ្នកច្បាស់ជាត្រូវលំបាករកលុយចិញ្ចឹមខ្លួនឯងនៅពេលចាស់មិនខាន។ ដូច្នេះសាកល្បងសន្សំលុយចាប់តាំងពីថ្ងៃនេះទៅ ទោះ៥ ឬ ១០ភាគរយនៃប្រាក់ចំណូលក៏ដោយ ព្រោះគ្រាន់តែបានចាប់ផ្ដើម ក៏វាជាសញ្ញាល្អសម្រាប់រូបអ្នកបាត់ហើយ។

៦.មិនមើលថែទាំសុខភាព

ពេលស្ថិតក្នុងវ័យកំលោះក្រមុំ មានកម្លាំង មានថាមពល មិនថាតែសប្បាយរីករាយក្នុងការជប់លៀង អត់បានដេក អត់បានពួនក៏ដោយ ក៏រាងកាយនៅតែស៊ូបានដែរ តែលុះអាយុចាប់ផ្ដើមច្រើនឡើង អ្នកនឹងចាប់ផ្ដើមមើលឃើញពីការប្រែប្រួលយ៉ាងច្បាស់។ ធ្វើអ្វីបន្តិចបន្តួច ក៏នឿយហត់ និងចុករួយពេញខ្លួនទាំងអស់។ ដូច្នេះ ចូរកុំខំប្រឹងធ្វើការខ្លាំង បានលុយមកយ៉ាងលំបាកលំបិន ដើម្បីយកមកចំណាយលើការព្យាបាលខ្លួនពេលចាស់ឱ្យសោះ។ ចូរឧស្សាហ៍ហាត់ប្រាណ ញ៉ាំអាហារដែលមានគុណប្រយោជន៍ និងចាប់ផ្ដើមតាំងពីពេលនេះទៅ ដើម្បីអនាគតដ៏ល្អវិញប្រសើរជាង ព្រោះរាងកាយមនុស្សយើង គ្មានគ្រឿងបន្លាស់ ទុកផ្លាស់ប្ដូរដូចរថយន្តទេ៕

Photo of Frustrated man calculating bills and tax expenses. Confused frustrated young man holding mail letter reading shocking unexpected news nonsense in paper document, mad about high bill tax invoice, debt notification, bad financial report, money
Oscar Wong/Getty Images
×