Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើគួរធ្វើយ៉ាងណា នៅពេលដែលក្អកមិនបាត់?

អាការក្អក អាចកើតឡើងច្រើនបែប អាស្រ័យលើមូលហេតុរបស់វា មនុស្សយើងមិនអាចជ្រើសរើសថា នឹងក្អកបែបណាបាននោះទេ តែ អាចជ្រើសរើសក្នុងការចាត់ការវាឱ្យធូរស្រាលទៅវិញយ៉ាងឆាប់រហ័សបាន។ ដូច្នេះហើយទើបខាងវេជ្ជសាស្ត្រ គេបែងចែកអាការក្អកចេញជាច្រើនបែបច្រើនយ៉ាងដូចជា ក្អកស្ងួត និងក្អកមានស្លេស្ម៍ ឬក្អករយៈពេលខ្លី និងក្អករ៉ាំរ៉ៃ ជាដើម។ មនុស្សក្នុងយុគសម័យនេះ កើតមានអាការក្អកច្រើនគ្នាណាស់ ដោយសារតែបច្ច័យអាកាសធាតុ និងបច្ច័យខាងក្នុងរាងកាយ គឺប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ ទើបចេះតែក្អកមិនបាត់។

ក្នុងខាងវេជ្ជសាស្ត្រ បានបែងចែកអាការក្អក ចេញជា 2 បែប ដើម្បីឱ្យលោកអ្នកសម្រេចចិត្តថា តើនឹងចាត់ការជាមួយវាយ៉ាងណា ដូចតទៅនេះ…
១.ក្អកទូទៅ គឺក្អកដោយសារប្រព័ន្ធដកដង្ហើមមានបញ្ហា ដូចជា ក្អកដោយសារឈ្លក់នឹងល្អងធូលីដី ឬផ្សែងអ័ព្ធជាដើម ក្អកដោយសារកើតជំងឺផ្តាសាយ តឹងច្រមុះធម្មតា ឬក្អកដោយសារកើតប្រតិកម្មចាញ់ទីកន្លែងក៏មាន។ល។
២.ក្អកមួយទៀត ដែលត្រូវប្រយ័ត្ននោះ និងថាតើត្រូវទៅរកគ្រូពេទ្យ ឬក៏អត់នោះគឺ ក្អករ៉ាំរ៉ៃយូរអង្វែង ក្អករួមជាមួយហត់ដង្ហក់ ដកដង្ហើមមិនរួច ក្អកដោយសារឆ្លងមេរោគចូលខ្លួនធ្ងន់ធ្ងរ ឬមានគ្រុនក្តៅខ្លួនផង ដែលទាំង ៣រោគសញ្ញានេះ គឺជាអាការហើមសួត(សួតឆ្លងមេរោគ)។

ការរក្សាព្យាបាលអាការក្អកបែបទី១ (ក្អកទូទៅ) មានការបឋមព្យាបាលដោយខ្លួនឯងបែបងាយៗដូចតទៅ…
-ចាប់ផ្តើមដោយការគេងសម្រាកឱ្យបានច្រើន ចូលគេងយ៉ាងយូរបំផុតនៅម៉ោង ១០យប់ ដើម្បីឱ្យរាងកាយជួយពង្រឹងប្រព័ន្ធប្រឆាំងជំងឺ។
-ពាក់ស្រោមជើងពេលគេងយប់ ព្រោះបើចង់ឱ្យសុខភាពល្អ ត្រូវតែឱ្យចុងជើងក្តៅឧណ្ហៗជានិច្ច។
-ញ៉ាំផ្លែត្របែក ឬផ្លែប៉េងប៉ោះស្រស់ៗ និងញ៉ាំទឹកផ្លែក្រូចវល្លិ៍ ឱ្យបានញឹកញាប់។
-ផ្លុំសក់ ឬជូតសក់ឱ្យស្ងួតមុនពេលគេង ហាមគេងទាំងសក់ក្បាលសើមជាដាច់ខាត ព្រោះភាពសើម នឹងធ្វើឱ្យមេរោគផ្តាសាយរីកសាយភាយបានល្អនៅក្នុងច្រមុះ និងក្នុងផ្លូវដង្ហើម។

សម្រាប់ករណីនេះ មានរូបមន្តភេសជ្ជៈពិសេសសម្រាប់ការពារអាការក្អកបាន គឺ “ទឹកឃ្មុំផ្សំនឹងទឹកក្រូចឆ្មារ” ដោយផ្សំក្នុងអត្រាស្មើ
គ្នា និងមានគន្លឹះពិសេសមួយទៀតគឺ មិនលាយជាមួយទឹក ឬដាក់ទឹកកកឡើយ គ្រាន់តែកូរឱ្យចូលគ្នាសព្វ ផ្អែមជូរ-ផ្អែមជូរ រួចហើយក្រេបបំបាត់
អាការក្អកបាន។

ចំណែកអាការក្អកបែបទី២ ដែលគួរតែទៅជួបគ្រូពេទ្យ បើមានអាការបន្ថែមដូចខាងក្រោម…
-ក្តៅខ្លួន ៣៨,៩អង្សាCឡើង
-ក្អកមានស្លេស្ម៍ លាយឈាម មានពណ៌ក្រហមៗ ឬខៀវ
-មានអាការហត់ដង្ហក់រួមជាមួយ
-ពិបាកដកដង្ហើម
-ឈឺដើមទ្រូងខ្លាំងទាំងពេលក្អក និងមិនក្អក
-ក្អកជាប់ៗគ្នា យូរជាង ២សប្តាហ៍

តែជាសរុបទៅ បើលោកអ្នកនៅតែមិនបានធូរស្រាលពីអាការក្អកសោះនោះ គួរតែទៅជួបលោកគ្រូពេទ្យជាបន្ទាន់ និងកុំភ្លេចរៀបរាប់អំពីអាការក្អកឱ្យបានលម្អិតផង ព្រោះអ្វីដែលលោកអ្នករៀបរាប់ប្រាប់លោកគ្រូពេទ្យនោះ អាចជួយក្នុងការវិនិច្ឆ័យរោគ និងការព្យាបាលបានច្រើនណាស់៕

×