ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្ដីពីសញ្ជាតិ មានគោលបំណងធានាការអនុវត្ត ដែនយុត្ថាធិការ របស់ព្រះរាជាណាចក្រកម្ពុជា ទៅលើរូបវន្តបុគ្គល ដើម្បីកំណត់ នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស។
គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការ រួមជាមួយគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។
លោក ហ៊ុន ណេង បានមានប្រសាសន៍ថា ជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួនដែលជាចម្ងល់របស់គណៈកម្មការជំនាញនៃរដ្ឋសភាបន្ថែមទៀត និងស្នើសុំឲ្យមានការកែសម្រួលនៅចំណុចខ្លះៗ។
លោក ព្រុំ សុខា បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាថា ដោយពិនិត្យឃើញថា ការអនុវត្តច្បាប់ស្តីពីសញ្ជាតិ ដែលបានដាក់ឲ្យអនុវត្តន៍តាំងពីឆ្នាំ១៩៩៦ លែងមានលក្ខណៈសមស្របជាមួយស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា និងដើម្បីធានាឱ្យមានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិថ្មីនានាផង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារ ដើម្បីសិក្សាការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ដែលដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ព្រុំ សុខា បានបន្តទៀតថា បន្ទាប់ពីការសិក្សាស្រាវជ្រាវលើច្បាប់ស្តីពីសញ្ជាតិឆ្នាំ១៩៩៦ រួមជាមួយនឹងច្បាប់ជាតិ និងអន្តរជាតិនានា ក្រុមការងារបានរកឃើញថា មានបទប្បញ្ញត្តិជាងពាក់កណ្តាលនៃច្បាប់ស្តីពីសញ្ជាតិទាំងមូលចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាឱ្យមានសង្គតិភាពទៅតាមបទប្បញ្ញត្តិដែលមានចែងក្នុងក្រុមរដ្ឋប្បវេណី និងច្បាប់ផ្សេងៗទៀត និងស្របទៅតាមការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំជាសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ។
លោក ព្រុំ សុខា បានមានប្រសាសន៍បន្ថែមទៀតថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការអនុវត្តដែនយុត្ថាធិការរបស់ព្រះរាជាណាចក្រកម្ពុជាទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលដៅកំណត់អំពីការទទួលបានសញ្ជាតិខ្មែរពីកំណើត ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្ម និងការបាត់សញ្ជាតិខ្មែរ។
ក្រោយពីបានស្ដាប់ការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចហើយនេះ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានឯកភាពទាំងស្រុងនៅការលើកឡើងរបស់តំណាងរាជរដ្ឋាភិបាល។ លោកបានបន្តថា គណៈកម្មការជំនាញរបស់រដ្ឋសភា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕ ដោយ៖បញ្ញាស័ក្តិ