ភ្នំពេញ៖ ឯកអគ្គរាជទូតថៃ បានលើកឡើង ពីការភ្ជាប់ទំនាក់ទំនងកម្ពុជា ថៃ តាមផ្លូវគោក ដោយក្នុងនោះកាលពីពេលថ្មីៗនេះ ច្រកព្រំដែនថ្មីមួយទៀតបានបង្កើត ហើយឆាប់ៗខាងមុខនេះ ប្រទេសទាំងពីរនឹងបើកច្រកព្រំដែនបន្ថែមទៀត ក្នុងការសម្រួលដល់ទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរ ពិសេសការ ផ្លាស់ប្តូរ និងជំរុញទំហំពាណិជ្ជកម្មឲ្យកើនឡើង។
នៅពេលចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា ឯកឧត្តម បានតាមដានស្ថានភាពកម្ពុជាជាង៣០ឆ្នាំ មកហើយ ដែលធ្វើឲ្យឯកឧត្តមមានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីស្ថិរភាពនៅកម្ពុជា និងយុទ្ធសាស្ត្រឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ផាន់យ៉ារ៉ាក់ ភុនថាប់ បានចូលជួបសម្តែងការគួរសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ លោកបានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា លោកបានបម្រើការងារនៅក្រសួងការបរទេសថៃរយៈពេល៣០ឆ្នាំ និងបានតាមដានសភាពការណ៍នៅកម្ពុជារហូតមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រឈ្នះៗរបស់ សម្តេច ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាម ទាំងស្រុងនៅកម្ពុជា ហើយស្ថិរភាពកម្ពុជាបាននាំមកនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាលំដាប់។
ជាមួយគ្នានេះដែរ លោក ឯកអគ្គរាជទូត បានគាំទ្រនិងប្តេជ្ញាថា នៅក្នុងបេសកកម្មការទូតរបស់លោក នឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានស្រាប់ ឲ្យកាន់តែល្អប្រសើរថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេចមានមោទនភាពរីករាយ ដោយសង្កេតឃើញពី ការវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ថៃ មានការរីកចម្រើនឈានដល់ កម្រិតខ្ពស់មួយមិនធ្លាប់មានពីមុនមក។ ការតភ្ជាប់ផ្លូវគមនាគមន៍ ការបើកច្រកអន្តរជាតិ តាមបណ្តោយព្រំដែនកាន់តែច្រើន គឺជាការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ច រវាងប្រទេសទាំងពីរដើម្បីការរីកចម្រើន នាំមកនូវវិបុលភាពសម្រាប់ប្រជាជនទាំងសងខាង។
សម្តេចប្រធានរដ្ឋសភាបានរំលឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រថៃ។ នៅក្នុងនោះសម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ផុនថេត វិចិត្រឆុលឆៃ ប្រធាននីតិប្បញ្ញត្តិថៃ និង លោកនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី ក្នុងភាពស្និទ្ធស្នាល និងរាក់ទាក់បំផុត។ “យើងបានឯកភាព គ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត”។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល ទាំងលក្ខខ័ណ្ឌការងារ និងកិច្ចគាំពារចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។ “ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តមនឹងបន្ត ធ្វើកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុងនានារបស់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទទួលផ្លែផ្កាកាន់តែច្រើន” នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
ជាចុងបញ្ចប់ លោក ផាន់យ៉ារ៉ាក់ ភុនថាប់ ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា បានជូនពរឲ្យការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ ទទួលបានជោគជ័យ៕ ដោយ៖បញ្ញាស័ក្តិ