ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីក្នុងស្រុកម្នាក់ដែលគេជឿថាជាមេគំនិត ស្ថិតនៅពីក្រោយអំពើចាប់ជំរិតស្ត្រីអ្នកទេសចរជនជាតិចិនម្នាក់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។
ស្ត្រីឈ្មោះ Wansikan Termthanapat អាយុ ៤២ ឆ្នាំ ត្រូវបានគេចោទប្រកាន់ពីបទចាប់ជំរិត ដែលពាក់ព័ន្ធនឹងការចាប់បង្ខំស្ត្រីឈ្មោះ Chen Jincai នៅអាកាសយានដ្ឋានសុវណ្ណភូមិ ។ ស្ត្រីរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា បានយកកាំភ្លើងភ្ជង់ក្បាលស្ត្រីរងគ្រោះ ខណៈពេលដែលនាងកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ពួកគេ ។ នេះបើយោងតាម The Standard ។
ចំណែកលោក Nipon Buddharaksa មន្ត្រីផ្នែកអន្តោប្រវេសន៍ថៃ ដែលត្រូវបានគេរកឃើញនៅក្នុងវីដេអូឃ្លាំមើល ដែលអមដំណើរ Chen ចេញពីព្រលានយន្តហោះ ក៏ត្រូវបានចាប់ខ្លួនផងដែរ ។
យោងតាមលោកឧត្តមសេនីយ៍ឯក Surachet Hakpan មេបញ្ជាការរងនគរបាលទេសចរណ៍ បានឱ្យដឹងថា ពួកគេស្ថិតក្នុងចំណោមក្នុងចំណោមមនុស្ស ៦ នាក់ ក្នុងចំណោមបក្ខពួក ១១ នាក់ ត្រូវបានចាប់ខ្លួនដែលជាប់ពាក់ព័ន្ធបទល្មើសនេះ ។
ប្រភពព័ត៌មានឯកជនមួយផ្តល់ឲ្យក្រុមស៊ើបអង្កេត បានបញ្ជាក់បន្ថែមទៀតថា មុនពេលចាប់ជំរិត អ្នកនាង Chen និងម្ចាស់ជំនួញចិនម្នាក់ បានមានជម្លោះមួយ អំពីបំណុលដែលមិនបានសង ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ម្ចាស់អាជីវកម្មដែលពុំត្រូវបានបញ្ជាក់ឈ្មោះនោះ បានជួល Wansikan និងអ្នកសមគំនិតទៃទៀត ដែលជាជនជាតិថៃ និងជនជាតិចិន ចាប់ជំរិត Cen អំឡុងពេលនៃដំណើរទេសចររបស់នាងនៅក្នុងប្រទេសថៃ ។
ក្រុមនេះដំបូងបានទាមទារប្រាក់ ៣ លានយន់ (470,000 ដុល្លារ) ជាតម្លៃលោះ ប៉ុន្តែបានទទួល ១.៩ លានយន់ (300,000 ដុល្លារ) ពីស្វាមីជនជាតិកូរ៉េរបស់ Chen ។ ជនសង្ស័យជនជាតិចិនទាំងនោះ ត្រូវបានគេរាយការណ៍ថា បានរត់ភៀសខ្លួនជាមួយលុយទាំងនោះ ខណៈវាបានគ្របដណ្ដប់ទៅលើបំណុលដើមរបស់ជនរងគ្រោះរួចទៅហើយ ។
ទោះជាយ៉ាងណាក៏ដោយ Wansikan នៅតែឃុំខ្លួន Chen ដោយទាមទារប្រាក់លោះបន្ថែមចំនួន ៥ លានបាត (១៦០,០០០ ដុល្លារ) ពីប្ដីរបស់នាង ។ នៅពេលដែល Wansikan បានបដិសេធការផ្តល់ជូនចុងក្រោយ ១លានបាត ប្តីរបស់ Chen បានស្វែងរកជំនួយពីប៉ូលីសថៃនៅថ្ងៃទី១៨ ខែឧសភា ។
នៅពេលអាជ្ញាធរចាប់ផ្តើមការស៊ើបអង្កេត ពួកអ្នកចាប់ពង្រត់បានដោះលែង Chen នៅតាមដងផ្លូវក្នុងសង្កាត់ Bang Na នៃទីក្រុងបាងកក នៅថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីការឃុំខ្លួន Cen រយៈពេល ១៣ ថ្ងៃ។ បន្ទាប់ពីការរៀបរាប់របស់ Cen ប៉ូលីសក៏បានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យជនជាតិចិនទាំងនោះ ។
យោងតាមជនសង្ស័យ២នាក់ត្រូវចាប់ខ្លួន ដែលមានឈ្មោះ Samruay Timkaew អាយុ ៣៨ ឆ្នាំ និង Nipon Weerasorn អាយុ ៣២ ឆ្នាំ, នាង Wansikan បានជួលពួកគេដើម្បីការពារជនរងគ្រោះក្នុងតម្លៃ ១ ពាន់បាត (៣០ ដុល្លារ) ក្នុងមួយថ្ងៃ ។ ពួកគេក៏បានបង្ហាញផងដែរថា Wansikan បានវាយធ្វើបាបលើរូប Chen និងបានយកកាំភ្លើងភ្ជង់ក្បាលនាងទៀតផង ខណៈពេលចាប់ជំរិត ៕ ឧត្តម