ភ្នំពេញ៖ ក្រៅពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសបើកក្លឹបសេដ្ឋកិច្ចអាស៊ានជាផ្លូវការ ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ដើម្បីចូលរួមលើកកម្ពស់សមាហរណកម្មអាស៊ានឲ្យកាន់តែជិតស្និទ្ធ តាមរយៈការចូលរួមតាមដានវាយតម្លៃ និងផ្ដល់អនុសាសន៍ប្រកបដោយវិជ្ជាជីវៈលើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច មិនអាចអភិវឌ្ឍន៍បានឡើយ បើគ្មានសន្តិភាព ស្ថេរភាព។ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ អាស៊ានត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាម ដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែសង្រ្គាម មានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជនតែប៉ុណ្ណោះ។

នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញាឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនៃការថ្លែងផ្តល់សារគន្លឹះដល់វេទិការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចសំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹងសហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុន តូច និង មធ្យម ការពង្រឹងវិស័យអប់រំ សុខាភិបាល និងកិច្ចគាំពារសង្គម ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការធានាសន្តិសុខស្បៀង។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារថា អាស៊ានត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថល ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកនយោបាយ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ៕