ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យចូលទៅក្នុងទម្រង់នៃទាសភាពទំនើបដោយសារតែភាពក្រីក្រ និងវិបត្តិផ្សេងទៀត បានកើនឡើងដល់មួយភាគប្រាំ (១/៥) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រហូតដល់ជិត ៥០លាននាក់, នេះបើតាមអង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បានលើកពីរបាយការណ៍ ILO ថា ជាងពាក់កណ្តាលនៃអ្នកទាំងនោះ ត្រូវបានបង្ខំឱ្យធ្វើការខុសពីឆន្ទៈរបស់ពួកគេ ហើយអ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យរៀបការ។ របាយការណ៍បានបន្ថែមថា មនុស្សទាំងពីរក្រុមនេះស្ថិតក្រោមនិយមន័យ នៃទាសភាពទំនើប ខណៈពួកគេមិនអាចបដិសេធ ឬមិនអាចចាកចេញដោយសារតែការគំ.រាមកំ.ហែង អំពើហិ.ង្សា ការបោកប្រាស់ ការរំលោភអំណាច ឬទម្រង់បង្ខិតបង្ខំផ្សេងទៀត។
ILO និយាយថា បើប្រៀបធៀបទៅនឹងចំនួនចុងក្រោយកាលពីឆ្នាំ២០១៦ ចំនួនមនុស្សនៅក្នុងទាសភាពសម័យទំនើប បានកើនឡើងប្រហែល ៩.៣លាននាក់។ យោងលើការស្ទង់មតិតាមគ្រួសារ អង្គការ ILO បានរកឃើញថា ជាងពាក់កណ្តាលនៃកម្លាំងពលកម្មដោយបង្ខំ បានកើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬប្រទេសដែលមានប្រាក់ចំណូលខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















