អ្នកណាៗក៏ចង់ឱ្យកូនៗរបស់ខ្លួនឆ្លាតដែរ។ តួនាទីចិញ្ចឹមមើលថែកូនក្នុងយុគបច្ចុប្បន្ន មនុស្សជាច្រើនចាប់ផ្ដើមមើលឃើញថា មិនមែនជាតួនាទីផ្ដាច់មុខរបស់មនុស្សស្រីតែម្នាក់ឯងនោះទេ។ នៅក្នុងជីវិតពិត តួនាទីចិញ្ចឹមមើលថែកូន ឪពុកក៏អាចជួយបានដែរ ថែមទាំងចិញ្ចឹមមើលថែទាំកូនបានល្អទៀតផង…ជឿ ឬមិនជឿ សាកល្បងស្ដាប់អត្ថបទនេះដូចតទៅ…
ចង់ឱ្យកូនឆ្លាត ឪពុកអាចជួយបាន
តាមរយៈការសិក្សាស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ពេលដែលឪពុកកាន់តែមានបដិសម្ព័ន្ធជាមួយកូនតូចច្រើនឡើងក្នុងអំឡុង ២-៣ខែដំបូងពេលប្រសូតចេញមក នឹងហុចផលដល់វិវឌ្ឍនាការខាងផ្នែកការគិតរបស់ក្មេង។
អ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័នល្បីៗ២ បានសហការគ្នាសិក្សាស្រាវជ្រាវអំពីសម្ព័ន្ធភាពរវាងឪពុក និងកូនតូចវ័យ ៣ខែ ហើយលទ្ធផលបានបង្ហាញថា លោកឪពុកថ្មោងថ្មី ច្រើនតែមានភាពក្លៀវក្លាក្នុងការចិញ្ចឹមមើលថែកូន លេងជាមួយកូន និងមិនគួរឱ្យជឿថា ការមានចំណែករួមរបស់ឪពុកថ្មោងថ្មីនេះ នឹងជួយធ្វើឱ្យកូនតូចឆ្លាតឡើង នៅពេលដែលគេមានអាយុបាន ២ឆ្នាំ។
ហេតុអ្វីបានអ្នកសិក្សាស្រាវជ្រាវទាំងអស់នោះដឹង?
អ្នកសិក្សាស្រាវជ្រាវ បានធ្វើការសាកល្បង ដោយសង្កេតមើលទង្វើរបស់ក្មេងតូច ក្នុងអំឡុងពេលមើលសៀវភៅ ហើយពួកគេបានប្រើលក្ខណវិនិច្ឆ័យលើការស្គាល់ពណ៌ និងរូបរាង មកប្រើក្នុងការវាស់ និងប៉ាន់ស្មានពីវិវឌ្ឍនាការរបស់ខួរក្បាលរបស់ក្មេងតូច។
តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ អ៊ីនហ្វេន មេនថល ហ៊ែល ហ្សួរណាល់ (Infant Mental Health Journal) បានបង្ហាញថា លទ្ធផលដែលទទួលបាន មានផលវិជ្ជមានខ្លាំងចំពោះក្មេងទាំងប្រុសទាំងស្រី និងថែមទាំងបានបញ្ជាក់ទៀតថា បើឪពុកជាមនុស្សស្លូត មានចិត្តត្រជាក់ និងទន់ភ្លន់ដាក់កូនច្រើនប៉ុនណា វិវឌ្ឍនាការផ្នែកខួរក្បាលរបស់កូនតូច ក៏នឹងរឹតតែល្អខ្លាំងឡើងប៉ុននោះដែរ។
រឿង ៥យ៉ាង ដែលលោកឪពុកថ្មោងថ្មីអាចធ្វើបាន
១.ពកូនឡើង ដើម្បីឱ្យកូនភើ
ក្រោយពេលកូនតូចមឹមទឹកដោះម្ដាយរហូតដល់ឆ្អែតហើយ រឿងបន្ទាប់មកដែលឪពុកម្ដាយគួរធ្វើ គឺពកូនឡើង ដើម្បីឱ្យកូនបានភើ ហើយតួនាទីជាស្វាមី អាចជួយសម្រាលបន្ទុករបស់ភរិយាសរសៃខ្ចី ក្នុងរឿងនេះបាន។
២.លេងជាមួយកូន
វិធីលេងជាមួយកូនមានច្រើនណាស់ ស្រេចតែលើលោកឪពុកជ្រើសរើសលេង មានទាំងយករបស់លេងដែលមានឮសំឡេងក្រឺងៗ មកគ្រវី ឬនិទានរឿង ឬលេងផ្លុំក្បាលពោះកូន ឬនាំកូនលេងហោះក៏បាន។ តែប៉ុណ្ណឹងកូនតូចក៏នឹងមានសេចក្ដីសុខខ្លាំងទៅហើយ តែសូមជឿចុះថា អ្នកដែលមានសេចក្ដីសុខមិនចាញ់កូនប៉ុន្មាននោះ គឺលោកប៉ាខ្លួនឯងហ្នឹងតែម្ដង។
៣.ងូតទឹកឱ្យកូន
ឪពុកជាច្រើននាក់ មានការភ័យខ្លាច ពេលដែលត្រូវងូតទឹកឱ្យកូនតូច ព្រោះខ្លាចរបូតដៃធ្លាក់កូន ទើបធ្វើឱ្យមានកាយវិការរាងឆ្គងៗ ភ័យៗ ខ្លាចៗ តែកុំទៅកង្វល់អីច្រើនពេក គ្រាន់តែលោកប៉ា ទៅធ្វើជាជំនួយការរបស់ម៉ាក់ៗ ក៏គ្រប់គ្រាន់ណាស់ទៅហើយ។ លុះដល់ពេលចាប់ផ្ដើមធ្លាប់ និងថ្នឹកដៃហើយ សឹមចាត់ការនាំកូនទៅងូតទឹកតែម្នាក់ឯងម្ដង។
៤.ប្ដូរក្រណាត់កន្ទប ឬខោទឹកនោម
ក្នុង ១ថ្ងៃៗ កូនតូចអ៊ឹសៗ និងស៊ូចៗញឹកញាប់ណាស់ ធ្វើឱ្យចាំបាច់ត្រូវផ្លាស់ក្រណាត់កន្ទបញឹកញាប់ដូចគ្នាដែរ។ សម្រាប់លោកប៉ាមួយចំនួន គ្រាន់តែដឹងថា កូនអ៊ឹសៗ ក៏ស្រែកចាច!បាត់ទៅហើយ ឬបើដឹងថា កូនខ្លួនឯងជាស្រីផងនោះ ក៏លែងហ៊ានផ្លាស់កន្ទបឱ្យតែម្ដង។ យើងចង់ប្រាប់លោកប៉ាថា លើកដំបូង វារាងពិបាកធ្វើចិត្តបន្តិចហើយ តែយូរៗទៅ វានឹងស៊ាំហើយ កុំភ័យអី (ហេសៗ)។
៥.បញ្ចុកទឹកដោះកូន
មកដល់អំឡុងពេលមួយ ដែលកូនតូចត្រូវហាត់មឹមទឹកដោះម្ដាយពីដប ពេលហ្នឹងឯងដែលស្វាមីអាចជួយភរិយាបាន គ្រាន់តែយកទឹកដោះដែលភរិយាច្របាច់ទុករួចស្រេចហើយនោះ មកកម្ដៅ រួចចាក់ចូលទៅក្នុងដបទឹកដោះ ឱ្យកូនរូចបានមឹម រួចហើយបំពេកូនឱ្យគេងជំនួសម៉ាក់ៗផង។ ហ្អ៎!…ហើយកុំភ្លេចពកូនឱ្យភើផងណា ពេលកូនមឹមឆ្អែតហើយ។
៥រឿងនេះ លោកប៉ាអាចជួយម៉ាក់ៗ ចិញ្ចឹមមើលថែកូនបានហើយ អាចនឹងមិនបានទាំងអស់មែន តែក៏ហាត់ធ្វើបណ្ដើរៗទៅ ធានាថា លោកប៉ាច្បាស់ជាធ្វើបានល្អលើគ្រប់រឿងមិនខាន ហើយរង្វាន់ដែលប៉ាៗបានទទួល ក៏មិនមែនអ្វីផ្សេងដែរ គឺសម្ព័ន្ធភាពដ៏ល្អរវាងឪពុក និងកូន ស្នាមញញឹម សំឡេងសើច និងជួនកាលកូនអាចនឹងតាមប៉ាៗខ្លាំងជាងម៉ាក់ៗផង ក៏ថាបានដែរ អ្នកណាទៅដឹងណោះ! អ៊ើ…៕