ភ្នំពេញ៖ ហាងដាក់បញ្ចាំយីហោ សាង ហ្សេង ដែលមានទីតាំងនៅចំណុចផ្ទះលេខ០៩ ផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មីខណ្ឌ សែនសុខ កាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ បញ្ជាឲ្យបិទទ្វារផ្អាកជាបណ្តោះអាសន្ន។
លោក ហេង ហុងរដ្ឋា តំណាងរបស់លោកស្រី ឃុន ពុទ្ធាវី ម្ចាស់ហាងបញ្ចាំនេះ បានបង្ហាញឯកសារចំនួន៣ច្បាប់ ដែលបញ្ជាក់ថា ហាងបញ្ចាំ សាង ហ្សេង មានលិខិតអនុញ្ញាតបើកអាជីវកម្មស្របច្បាប់ ពីខាងក្រសួងពាណិជ្ជកម្ម តាមរយៈលិខិតលេខ MOC 6108678 ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ និងលិខិតអនុញ្ញាតរបស់អគ្គនាយនាយដ្ឋានពន្ឋដារ តាមរយៈលិខិតលេខ VAIM 201707501 ចុះថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ ។
លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំង ចុះមកប្រតិបត្តិការផ្ទាល់ បានបញ្ជាក់ថា ហាងបញ្ចាំនេះ មិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ និងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ គឺគ្មានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដើម្បីសុំបើកទីតាំងធ្វើអាជីកម្មនៅឡើយដែរ ហើយក៏គ្មានការសុំអនុញ្ញាត ឬជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានផងដែរ។ ហេតុនេះ លោក បានណែនាំអោយបិទទ្វារផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនដើម្បីរៀបចំច្បាប់។
សូមបញ្ជាក់ថា ហាងបញ្ចាំ នានាក្នុងរាជធានីភ្នំពេញ ជាគោលដៅទទួលផលចោរកម្មនាពេលកន្លងមក ដែលសមត្ថកិច្ច តែងតែបានរកឃើញម៉ូតូ ឡាន រាប់រយរាប់ពាន់គ្រឿង ជាពិសេសនៅម្តុំឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក មានរាប់សិបទីតាំងឯណោះ ដែលកន្លងមក សម្តេចតេជោបានបញ្ជាឲ្យបិទហាងបញ្ចាំម៉ូតូឡានទាំងនោះ ដោយសារសម្តេច បានដឹងព័ត៌មានថា ហាងបញ្ចាំភាគច្រើនតែងរកស៊ីទទួលផលចោរកម្ម បង្កឲ្យមានការប្លន់ និងលួចម៉ូតូ កក្រើកទីក្រុងនិងជនបទ។ ប៉ុន្តែបាត់តែមួយរយៈខ្លីប៉ុណ្ណោះ វាបានកើតឡើងវិញលើសដើម ដែលម្ចាស់ហាងបញ្ចាំទាំងនោះ សុទ្ធតែមានខ្សែអ្នកធំៗកាងពីក្រោយទាំងអស់៕ ដោយ៖កូឡាប