Friday, July 8, 2022

ចាប់​ឃាតករ​ម្នាក់ ករណី​ទំនាស់​ក្នុង​ពេល​ផឹកស៊ី យក​ដំបង​គប់​ត្រូវ​ស្ត្រី​ម្នាក់​ស្លាប់​

​ភ្នំពេញ​៖ បន្ទាប់​បង្កហេតុ​ដោយ​ដំបង​គប់​ត្រូវ​ស្ត្រី​ម្នាក់​ស្លាប់ ហើយ​រត់​គេចខ្លួន​បាន​១​ថ្ងៃ ជនសង្ស័យ ត្រូវបាន​កម្លាំង​នគរបាល ចាប់ខ្លួន​បាន​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​តាម​សម្ថ​កិច្ច​មូលដ្ឋាន ស្រុក​ភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហិន អែម ភេទ​ស្រី អាយុ ៥៩​ឆ្នាំ​។ ជនសង្ស័យ ឈ្មោះ សឿ​ម ស៊ីម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧៖៣០​នាទី​យប់ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​អូរ​ស្រាវ ឃុំ​ព្រ​ងិល ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ពឹង​ពរ​អ្នកជិតខាង មក​ជួយ​លើ​ផ្ទះ ហើយ​ក្រោយពី​ជួយ​លើក​ផ្ទះ ក៏​មាន​ការជួបជុំ​ផឹកស៊ី​បន្តិចបន្តួច ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នកភូមិ ។ ប៉ុន្តែ​ក្នុង​ពេល​ផឹកស៊ី ជនសង្ស័យ​បាន​ទាស់​សម្តី និង​បុរស​ម្ចាស់ផ្ទះ ដែល​ជា​ប្តី​ជនរងគ្រោះ​ឈ្មោះ ថាំង ធី​។ ជនសង្ស័យ​បាន យក​ដំបង​គប់ សំដៅ​ទៅ​លើ​ប្តី តែ​បែរជា​ត្រូវចំ​ប្រពន្ធ​ទៅ​វិញ គឺ​ខាង​លើ​ឆ្អឹងដងកាំបិត​ខាងស្តាំ បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួន បាត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​