Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ បើមិនចង់ឱ្យខ្លួនឯង ត្រូវអ្នកដទៃមើលឃើញថាមិនល្អ ចូរកុំផូស្តរឿង ៥យ៉ាងនេះក្នុងបណ្ដាញសង្គម

១.ឆ្លើយឆ្លងខមមិនត៍ ដែលនិយាយអាក្រក់ៗដាក់យើង

ការដែលត្រូវមកអង្គុយឆ្លើយឆ្លងក្នុងខមមិនត៍ របស់អ្នកដែលសរសេរជេរយើង ដោយការប្រើពាក្យពេចន៍ធ្ងន់ធ្ងរ អាក្រក់ៗតបទៅវិញនោះ រឹតតែធ្វើឱ្យយើង មើលទៅក្លាយជាមនុស្សមិនល្អក្នុងខ្សែភ្នែកអ្នកឯទៀត និងថែមទាំងខាតពេលវេលាទៀតផង។ គួរប្រើហេតុផលក្នុងការឆ្លើយឆ្លង ហើយបើម្ខាងទៀតនោះ នៅតែមិនព្រមឈប់ រឿងតែមួយគត់ដែលគួរធ្វើ គឺការនៅស្ងៀម ធ្វើមិនដឹង។ យកពេលវេលាទៅចាប់អារម្មណ៍រឿងផ្សេង ដែលមានប្រយោជន៍ចំពោះជីវិតយើងវិញ ប្រសើរជាង។

២.ប្រើពាក្យសម្ដីអាក្រក់ៗ ផូស្តនៅក្នុងបណ្ដាញសង្គម ព្រោះគិតថា មើលទៅវាច្បាស់លាស់ម៉ឺងម៉ាត់ ចំៗគោលដៅ

ភាពពិតប្រាកដច្បាស់លាស់ម៉ឺងម៉ាត់ មិនចាំបាច់ត្រូវប្រើពាក្យសម្ដីដែលធ្ងន់ធ្ងរ អាក្រក់ស្ដាប់ ដើម្បីឱ្យគេមើលឃើញថា យើងជាមនុស្សនិយាយត្រង់ៗ ចំៗនោះទេ ព្រោះអ្នកដែលនិយាយត្រង់ៗជាមួយមនុស្សដែលមិនស្គាល់កាលៈទេសៈ វាខុសគ្នា។ ការប្រើពាក្យសម្ដីអាក្រក់ៗ ពេលនិយាយជាមួយមិត្តភក្តិជិតស្និទ្ធ វាជាអ្វីដែលយើងអាចទទួលយកបាន យល់ និងអនុគ្រោះឱ្យបាន តែការប្រើពាក្យអាក្រក់ៗនៅក្នុងទីសាធារណៈ វានឹងរឹតតែធ្វើឱ្យរូបយើង មើលទៅអាក្រក់ក្នុងខ្សែភ្នែកអ្នកដទៃ ព្រោះអ្នកដែលគេមិនស្គាល់យើង ពួកគេនឹងឱ្យតម្លៃយើងតែទៅលើអ្វី ដែលគេបានឃើញនៅក្នុងបណ្ដាញសង្គមប៉ុណ្ណោះ។ បើយើងប្រើពាក្យសម្ដីមិនសុភាព ឬឈ្លើយៗ ផូស្តចេញទៅ រហូតក្លាយជាទម្លាប់ផងនោះ អ្នកដទៃ ក៏នឹងវាយតម្លៃ និងចាត់ទុកយើងថា ជាមនុស្សឈ្លើយ គ្មានសុជីវធម៌ និងមិនគួរឱ្យសេពគប់មិនខាន។

៣.យករឿងក្នុងគ្រួសារខ្លួនឯង មកប្រកូកប្រកាស

ដូចដែលពាក្យចាស់និយាយថា “កុំហែកទ្រូងឱ្យក្អែកចឹក” មិនថាអ្នកកំពុងតែឈ្លោះជាមួយអ្នកផ្ទះ ជាមួយមិត្តភក្តិជិតស្និទ្ធ ឬជាមួយគូស្នេហ៍ក្តី អ្នកមិនគួរនាំយករឿងទាំងនោះមកប្រកូកប្រកាសនៅក្នុងបណ្ដាញសង្គមឡើយ ព្រោះអ្វីដែលនឹងកើតឡើងតាមមកនោះគឺ សម្ព័ន្ធភាពគ្រួសារ ព្រោះវាជារឿងល្អិតល្អន់ ដោយអាចនឹងធ្វើឱ្យឈ្លោះគ្នាកាន់តែខ្លាំងក្លាឡើងទៀត។ ជួនកាលវាអាចគ្រាន់តែជាអារម្មណ៍ ១វឹបរបស់យើងប៉ុណ្ណោះ តែអ្វីដែលផូស្តនៅក្នុងបណ្ដាញសង្គម អ្នកដទៃគេបានឃើញអស់ទៅហើយ ហើយកុំភ្លេចថា មនុស្សទាំងអស់នោះ គ្មានអ្នកណាមកយល់ចិត្ត ឬអាណិតអាសូរអ្នកឡើយ។

៤.ផូស្តទិតៀនថាឱ្យរូបរាងខ្លួនឯង ក្នុងផ្លូវមិនល្អ

មានអ្នកខ្លះ ទាំងខ្លួនឯងមិនបានអាក្រក់ ឬអន់ខ្សោយអ្វីសោះផង តែច្រើនតែផូស្តក្នុងទំនងថាឱ្យខ្លួនឯង មិនស្អាតអ៊ីចេះ មិនល្អអ៊ីចុះ ដើម្បីចង់ឱ្យអ្នកឯទៀត មកកោតសរសើរ និងយល់ផ្សេងពីអ្វីដែលខ្លួនឯងផូស្តនោះ ប្រៀបដូចជាការទាមទារចំណាប់អារម្មណ៍ និងចង់ក្លាយជាចំណុចចាប់អារម្មណ៍។ រឹតតែធ្វើបែបហ្នឹង រឹតតែមើលទៅ ឃើញមិនល្អខ្លាំងឡើង។ ចូរសាងភាពជឿជាក់លើខ្លួនឯងដល់ខ្លួនឯង និងបន្ថែមភាពជឿជាក់ដល់អ្នកដទៃ ប្រសើរជាងមកអង្គុយទិតៀនរូបរាងខ្លួនឯង។

៥.ផូស្តរូបខ្លួនឯងកំពុងទួញយំ ឬបង្ហាញរាងកាយខ្លួនប្រាណ

រឹតតែសាងនូវភាពងឿងឆ្ងល់វិលវល់ដល់អ្នកដែលបានឃើញ ព្រោះពេលដែលមនុស្សយើងកំពុងទួញយំខូចចិត្តមែនទែននោះ ប្រហែលជាគ្មានពេលឯណា មកអង្គុយថតរូបខ្លួនឯងកំពុងហូរទឹកភ្នែកបែបហ្នឹងទេ តែអ្នកដទៃ គេនឹងមើលឃើញថា យើងកំពុងតែទាមទារចំណាប់អារម្មណ៍ ឬសូម្បីតែការបង្អួត ឬបង្ហាញរូបរាងកាយខ្លួនប្រាណ ដើម្បីឱ្យបានចំនួនឡៃខ៍ច្រើនៗក៏ដោយ វារឹតតែធ្វើឱ្យមនុស្សម្នា គេទិតៀនយើង ក្នុងផ្លូវមិនល្អទាំងអស់។

ការប្រុងនឹងផូស្តអ្វីមួយលើបណ្ដាញសង្គម ទោះវាជារឿងផ្ទាល់ខ្លួនរបស់យើងមែន តែក៏វាស្ថិតនៅលើទីសាធារណៈដែរ គ្រប់គ្នាអាចមើលឃើញអ្វីដែលយើងផូស្តនោះទាំងអស់ ហើយច្រើនតែវាយតម្លៃយើងត្រឹមតែតាមរយៈអ្វី ដែលគេឃើញនោះប៉ុណ្ណោះ។ ដូច្នេះយើងគួរមានសតិស្មារតី និងរិះគិតឱ្យបានល្អគ្រប់ពេល មុននឹងផូស្តអ្វីចេញទៅ ព្រោះនៅពេលវាត្រូវផ្សព្វផ្សាយចេញទៅហើយ វាពិបាកនឹងលុបចេញ និងកែកុនឡើងវិញបានណាស់។ ដូច្នេះ ចូរប្រើប្រាស់បណ្ដាញសង្គមឱ្យកើតប្រយោជន៍ចំពោះខ្លួនឯង និងអ្នកដទៃ ប្រើពាក្យពេចន៍ពិរោះពិសា គួរឱ្យចង់ស្ដាប់ និងផ្សព្វផ្សាយតែរឿងរ៉ាវល្អៗ វានឹងមានផលល្អចំពោះខ្លួនឯង និងអ្នកដទៃ៕

×