Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាគូស្វាមី ភរិយានិរន្តរ៍

មានអ្នកគេធ្លាប់និយាយថា ការបានមកនូវសេចក្តីស្នេហាដ៏ល្អ គឺជារឿងមួយពិបាកណាស់ តែការថែរក្សាសេចក្តីស្នេហានោះ ឱ្យនៅស្ថិតស្ថេរគង់វង្សជានិរន្តរ៍រហូតទៅ គឺជារឿងពិបាកខ្លាំងជាងទៅទៀត។
ថ្ងៃនេះ យើងសូមនាំលើកយកគន្លឹះល្អៗពីអត្ថបទអប់រំរបស់បរទេសមួយ ដែលមានចំណងជើងថា “ឌីហ្សាញស្នេហ៍” មកជម្រាបជូនមិត្តអ្នកអាន ដែលវានឹងដឹកនាំរូបអ្នក និងគូស្នេហ៍ឱ្យមានសេចក្តីស្នេហា ឬជីវិតគូដែលស្ថិតស្ថេរជានិរន្តរ៍យូរអង្វែង ប្រកបដោយសេចក្តីសុខសុភមង្គល។

១.ប្រាប់ពីតម្រូវការរបស់ខ្លួនឯងឱ្យច្បាស់លាស់

រឿងដែលកើតឡើងជាប្រចាំនោះគឺ មនុស្សដែលស្រឡាញ់គ្នាខ្លាំង ច្រើនតែមិនបានទំនាក់ទំនងគ្នាឱ្យបានច្បាស់លាស់ ព្រោះគិតថា គូស្នេហ៍ (ស្វាមី ឬភរិយា) របស់ខ្លួន បានយល់ និងស្គាល់ពីរូបយើងច្បាស់ហើយ តែការពិតវិញ គ្មានអ្នកណាយល់ច្បាស់ពីអ្នកណាឡើយបើមិនបាននិយាយគ្នា។ ដូច្នេះ គួរប្រាប់គូស្នេហ៍ពីតម្រូវការរបស់អ្នក ដើម្បីឱ្យកើតការយល់ដឹង និងយល់ឃើញដូចគ្នា និងដើម្បីឱ្យបញ្ហាដែលពិតប្រាកដ បានបង្ហាញឡើង និងងាយស្រួលដោះស្រាយទាំងអស់គ្នា។

២.សរសេរកំណត់ត្រាដើម្បីទុកជាការរឭកដឹង

ក្នុង១ថ្ងៃៗ ចូរសរសេរកំណត់ត្រាអំពីរឿងរ៉ាវផ្សេងៗដែលកើតឡើង ជាពិសេសអ្វីដែលមើលឃើញថា ជាមូលហេតុបំផ្លាញសម្ព័ន្ធភាពស្វាមី-ភរិយា ដោយសរសេរបរិយាយយ៉ាងល្អិតល្អន់ ដើម្បីជាការចងចាំទុកថា យើងនឹងមិនធ្វើរឿងនោះដដែលៗទៀតឡើយ។ គឺជាការចងចាំ និងជាការរំឭក ដែលនឹងធ្វើឱ្យយើងរឭកដឹង និងមានសតិស្មារតីជាប់ជានិច្ច។

៣.ចូរធ្វើជាអ្នកផ្តល់ឱ្យ និងជាអ្នកទទួលយក

ក្នុងសម្ព័ន្ធភាពរវាងគ្នា និងគ្នា បើម្ខាងមានតែផ្តល់ឱ្យជារឿយៗ ចំណែកម្ខាងទៀត គិតតែពីចាំទទួលយកនោះ ទាំង ២នាក់ ប្រហែលជាមានទុក្ខលំបាកខ្លាំងណាស់
មិនមែនចំពោះតែអ្នកផ្តល់ឱ្យទេ ដែលមានអារម្មណ៍ថា ត្រូវបានគេយកប្រៀបលើនោះ តែអ្នកបានទទួល ក៏ដូចគ្នាដែរ ព្រោះគេមិនបានទទួលឱកាសក្នុងការរីកចម្រើនឡើយ គេនឹងក្លាយជាអ្នកសុំទាន រង់ចាំតែការផ្តល់ឱ្យ កេរ្តិ៍ឈ្មោះរបស់គេនឹងចុះអន់ថយជារឿយៗ។ ដូច្នេះក្នុងសម្ព័ន្ធភាពស្នេហ៍ ឬសម្ព័ន្ធស្វាមី-ភរិយា ដែលនឹងស្ថិតស្ថេរគង់វង្សជានិរន្តរ៍យូរអង្វែងទៅបាន គូស្នេហ៍ចាំបាច់ត្រូវតែធ្វើទាំងជាអ្នកផ្តល់ឱ្យ និងជាអ្នកទទួលយក ខណៈពេលរស់នៅជាគូនឹងគ្នា។

៤.ទម្លាក់ភាពមិនចុះសម្រុងគ្នាចោលខ្លះទៅ

គូស្នេហ៍គ្រប់គូទាំងអស់ សុទ្ធតែមានរឿងមួយចំនួន ដែលមិនចុះសម្រុងនឹងគ្នា ដែលនេះគឺជារឿងធម្មតារបស់ធម្មជាតិ ព្រោះយើងចេញមកពីក្រុមគ្រួសារផ្សេងពីគ្នា។ ការនឹងតម្រូវឱ្យជីវិតគូ ត្រូវតែចុះសម្រុងនឹងគ្នាបានល្អគ្រប់តែរឿងនោះ ជាការរំពឹង និងសង្ឃឹមទុកហួសពីការពិតខ្លាំងជ្រុលហួសពេកហើយ។ ដូច្នេះមិនគួរនឹកកង្វល់ចិត្ត ឬមានអារម្មណ៍ធុញថប់តានតឹងជាមួយវាជ្រុលពេកទេ និងគួរឈប់នឹករំពឹង និងទម្លាក់ភាពមិនចុះសម្រុងនឹងគ្នាក្នុងជីវិតនោះចោលខ្លះទៅ ដើម្បីឱ្យជីវិតគូមានសេចក្តីសុខ និងសុភមង្គល។

យើងសូមជូនពរឱ្យគ្រប់គូស្នេហ៍ គូស្វាមីភរិយា ថែរក្សាសេចក្តីស្នេហា និងការយល់ចិត្តយល់ថ្លើមគ្នា បានយូរអង្វែងរហូតតទៅជានិរន្តរ៍៕

Portrait of emotional young couple hugging each other tightly, boyfriend and girlfriend embracing sitting on couch, reconciliation after argument, love you so much, strong affection in relationships
×