Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ រោគកំណាច ៥ប្រភេទរបស់មនុស្សចាស់

         ដូចដែលយើងបានដឹងហើយថា ដោយអាយុរបស់លោកឪពុក-អ្នកម្តាយដែលចេះតែកើនឡើង សុខភាពរបស់លោក ក៏ចេះតែរុះរោយទៅតាមពេលវេលានោះដែរ  តួនាទីជាកូនៗរបស់យើង គឺគួរតែយកចិត្តទុកដាក់រឿងសុខភាពរបស់លោកទាំង២ ដោយការមើលថែទាំ ពិនិត្យមើលសុខភាពរបស់គាត់ថា តើមានប្រឈមនឹងការកើតជំងឺក្នុងវ័យចំណាស់ ឬក៏អត់? 


         ១.ជំងឺទឹកនោមផ្អែម

     ជំងឺដែលកើតចេញពីភាពខុសប្រក្រតីរបស់រាងកាយ ដែលផលិត អ៊ីនស៊ូលីន មិនគ្រប់គ្រាន់  បណ្តាលឱ្យកម្រិត

ជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ភាគច្រើនតែងជួបប្រទះលើអ្នកដែលមានទម្ងន់ខ្លួនលើស មាត្រដ្ឋាន នៅក្នុងមនុស្សចាស់ដែលមានក្រុមគ្រួសារកើតជំងឺនេះ។ អាការរបស់ជំងឺនេះ នឹងធ្វើឱ្យបត់ជើងតូចញឹក ស្រេកទឹកញឹកញាប់ ល្វើយ ទម្ងន់ខ្លួនធ្លាក់ចុះ រហូតកើតមានការជ្រៀតចូលរបស់ជំងឺផ្សេងៗ ដូចជា ជំងឺភ្នែក ជំងឺក្រលៀន ជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាល។ល។

         ២.ជំងឺលើសឈាម

    ជាជំងឺរ៉ាំរ៉ៃ ដោយនៅក្នុងសភាពប្រក្រតី មនុស្សធម្មតាយើងនឹងមានកម្រិតសម្ពាធលោហិត២ គឺតួលេខសម្ពាធឈាមខាងលើ ត្រូវស្ថិតនៅកម្រិតមិនលើស ១៤០មិល្លីម៉ែត្របារ៉ត និងតួលេខសម្ពាធឈាមខាងក្រោម មិនលើស ៩០មិល្លីម៉ែត្របារ៉ត  បើខ្ពស់ជាងនោះ នឹងត្រូវចាត់ចូលទៅក្នុងសភាវសម្ពាធឈាម  ជារោគដែលកើតញឹកញាប់នៅលើមនុស្សចាស់។ ជំងឺនេះតែងកើតក្នុងខណៈដែលមានភាពធុញថប់តានតឹងកើតឡើងញឹកញាប់  ភាគច្រើនគ្មានអាការស្តែងចេញមកទេ  តែពេលខ្លះមានអាការញ័របេះដូង ឈឺក្បាល វិលមុខ ស្រវាំងភ្នែក។ ជំងឺនេះបើឆាប់ពិនិត្យរកឃើញ នឹងមិនពិបាកព្យាបាលទេ តែបើបណ្តែតបណ្តោយទុកយូរ  នឹងធ្វើឱ្យកើតរោគស្ពឹកពិការ អាចដល់ថ្នាក់គាំងបេះដូងបានទៀតផង។

          ៣.ជំងឺខាងខួរក្បាល

     ជាជំងឺដែលកើតដោយសារសមត្ថភាពខាងសតិបញ្ញាថមថយចុះ  គិត និងចាំអ្វីមិនបាន  ធ្វើឱ្យមានអាការភ្លេចភ្លាំង ដោយជំងឺខាងខួរក្បាល ដែលជួបញឹកញាប់នោះគឺ  រោគអាល់ហ្សៃមើរ៍ (Alzheimer) និងរោគផារ៍គិនសុន (Parkinson) ច្រើនជួបនៅលើមនុស្សដែលមានអាយុច្រើនចាប់ពី ៦៥ឆ្នាំឡើងទៅ។  អាការចាប់ផ្តើមដំបូង គឺច្រើនតែភ្លេចរឿងរ៉ាវ ដែលទើបនឹងកើតឡើងថ្មីៗ ដូចជារករបស់អ្វីមួយមិនឃើញ ទាំងខ្លួនឯងបានទុកដាក់នៅកន្លែងដដែលជាប្រចាំ ជាដើម។  វិធីការពារតាំងពីដើមទីរបស់ជំងឺនេះ គឺគួរព្យាយាមហ្វឹកហាត់ឱ្យខួរក្បាលបានគិតញឹកញាប់ និងព្យាយាមគេងសម្រាកឱ្យបានច្រើន និងទៀងទាត់  មិនធុញថប់តឹងតែងច្រើនក្នុងអារម្មណ៍។

          ៤.ជំងឺបេះដូងខ្វះឈាម

     កើតឡើងដោយសារសរសៃឈាម ដែលទៅចិញ្ចឹមសាច់ដុំបេះដូង កើតអាការត្បៀតតូច ធ្វើឱ្យឈាមហូរទៅចិញ្ចឹមសាច់ដុំបេះដូងមិនរួច  សាច់ដុំបេះដូងខ្វះអុកស៊ីហ្ស៊ែនមួយខណៈពេល  ជាមូលហេតុធ្វើឱ្យកើតអាការឈឺដើមទ្រូង តែនឹងធូរស្រាលឡើងវិញនៅពេលបានសម្រាក  ហើយបើសរសៃឈាម ដែលត្បៀតតូចនោះ ស្ទះបែបទាន់ហន់ឡើងនោះ នឹងធ្វើឱ្យសាច់ដុំបេះដូងគាំង ឬស្លាប់  នាំឱ្យកើតអាការចុកក្នុងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ  អាចមានអាការបេះដូងដើរខុសចង្វាក់ ឬឈប់ដើរ ហើយបាត់បង់ជីវិតភ្លាមៗ មុននឹងដល់មន្ទីរពេទ្យទៀតផង។

          ៥.រោគឆ្អឹង  

      ឆ្អឹងរបស់មនុស្សយើងនឹងចាប់ផ្តើមចុះខ្សោយ និងស្តើងឡើង នៅពេលយើងមានអាយុ ៤៥ឆ្នាំឡើងទៅ ហើយមនុស្សស្រីកើតមានសភាពបែបនេះ ច្រើនជាងបុរស ជាពិសេសស្រ្តីដែលស្ថិតក្នុងវ័យអស់រដូវ។  មូលហេតុព្រោះតែសារធាតុអំបិលរ៉ែ ដែលមានជាតិកាល់ស្យូម និងផូស្វ័រ ត្រូវបណ្តេញចេញពីរាងកាយ។  អាការដែលអាចដឹងបាននោះគឺ ពុកធ្មេញ ឈឺឆ្អឹង កម្ពស់រាងកាយធ្លាក់ចុះ  ខ្នងកោង ជើងកោង។  អ្នកជំងឺដែលមិនបានទទួលការមើលថែពីគ្រូពេទ្យ នឹងប្រឈមក្នុងការបែកបាក់ឆ្អឹងក្នុងកន្លែងផ្សេងៗរបស់រាងកាយ ជាពិសេសឆ្អឹងដៃ ក្នុងចន្លោះពីកែងដៃ ដល់កដៃ។

វិធីមើលថែ និងការពារការកើតជំងឺនៅលើមនុស្សចាស់៖

        .គ្រប់គ្រងរបបអាហារឱ្យស័ក្តិសមនឹងរាងកាយ  ចៀសវាងអាហារ ដែលមានជាតិខ្លាញ់ខ្ពស់ រសជាតិផ្អែម និងប្រៃខ្លាំង 

        .កាត់បន្ថយ  លែង  និងឈប់សេពវត្ថុគ្រោះថ្នាក់ ដូចជា បារី  និងសុរា ជាដើម-ល-

        .ពិសាទឹកស្អាតឱ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់រាងកាយ

        .មនុស្សចាស់ គួរហាត់ប្រាណក្នុង ១សប្តាហ៍ ឱ្យបានពី ៣–៤ដង 

        .គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសមរម្យ មិនឱ្យធាត់ជ្រុលពេក

        .ធ្វើចិត្តឱ្យស្រស់ថ្លា មិនធុញថប់តឹងតែង សម្រាកឱ្យបានគ្រប់គ្រាន់

        .ឧស្សាហ៍សង្កេតមើលអាការខុសប្រក្រតីផ្សេងៗរបស់រាងកាយ បើមានអ្វីប្លែក គួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យ

        .ត្រួតពិនិត្យសុខភាពជាប្រចាំ រៀងរាល់ ៦–១២ខែម្តង៕
×