ព្រះសីហនុ៖ នាវាចម្បាំងប្រភេទមុជទឹកប្រឆាំងនាវាធុនធំ ឬនាវាពិឃាត របស់កងទ័ពជើងទឹកប្រទេសរុស្សី អមដោយនាវាដឹកប្រេង សរុបមានចំនួន ២គ្រឿង និងមាននាវឹកសរុបចំនួន ៤៦៣នាក់ បានចូលចត នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៧។
វត្តមានរបស់នាវាចម្បាំងរុស្សី បង្ហាញខ្លួនក្នុងមូលដ្ឋានខេត្តព្រះសីហនុពេលនេះ គឺធ្វើឡើងក្នុងដំណើរទស្សនៈកិច្ច រយៈពេល ៦ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៧ ក្នុងគោលបំណងបន្តរឹតចំណងសាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរកម្ពុជារុស្សី ឲ្យកាន់តែស្និទ្ធស្នាលថែមទៀត។
មន្ត្រីនាំពាក្យ នៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យអ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្តព្រះសីហនុដឹងថា ក្រោយពីការចូលចតដោយសុវត្ថិភាព របស់ នាវាចម្បាំងរុស្សី នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុរួចមក នៅរសៀលថ្ងៃទី៧ ខែវិច្ឆកា នាសាលប្រជុំសាលាខេត្តព្រះសីហនុ លោកឧត្តមនាវីទោ Eduard Mikhaylov មេបញ្ជាការកងទ័ពជើងទឹករុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងដឹកនាំប្រតិភូ ចូលជួបភាក្សាការងារមួយចំនួន ជាមួយ លោកឧត្តមសេនីយឯក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដោយពិភាក្សាលើការងារមួយចំនួន។
នាឱកាសនោះ លោក ឧត្តមនាវីទោ Eduard Mikhaylov មេបញ្ជាការកងទ័ពជើងទឹករុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងជជែកពិភាក្សាគ្នា ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធស្ថាប័នដទៃទៀត ទាក់ទងការងារពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងពិភាក្សាលើការងារមួយចំនួនទៀត។
នាវាពិឃាតទាំងពីរ របស់កងទ័ពជើងទឹករុស្សី ដែលចូលមកទស្សនកិច្ចប្រទេសកម្ពុជា និងចូលចត នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវាទី១មានឈ្មោះ ADMIRAL PANTELEYEN លេខ៥៤៨ ជាប្រភេទនាវាប្រឆាំងនាវាមុជទឹកធុនធំ (នាវាពិឃាត) មានបណ្ដោយ១៦២,៨០CM ទទឹង១៩,០២CM ជំរៅទឹក៦,២០CM ទំងន់ផ្ទុក៦,៩៥៥តោន។ នាវាចម្បាំងនេះ ដឹកនាំដោយ លោកវរៈនាវីឯក Alek Say Anitiferon និងមានចំនួនមនុស្សសរុប ៣៨៨នាក់ ( នាវិកា ៣៨នាក់) នាវិក ៣៥០នាក់។ នាវាទី២ ឈ្មោះ Boris Butoma លេខ៦២១ ជាប្រភេទនាវាដឹកប្រេងមានបណ្ដោយ ១៦១,១cm ទទឹង ២១,៨០cm ជំរៅទឹក១០cm ទំងន់ផ្ទុក៧,១៥០តោន។ នាវានេះ ដឹកនាំដោយ លោកមេបញ្ជាការ Sergey Bandak និងមានមនុស្សសរុបចំនួន ៧៥នាក់ សុទ្ធតែជាជនស៊ីវិល។
មន្ត្រីនាំពាក្យ នៃរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា នៅក្នុងអំឡុងពេលទស្សនៈកិច្ចរបស់នាវាចម្បាំងរុស្សី នៅកម្ពុជា រយៈពេល ៦ថ្ងៃ លោកមេបញ្ជាការកងទ័ពជើងទឹកប្រទេសរុស្សី ប្រចាំតំបន់ប៉ាស៊ីហ្វិក បញ្ជាក់ថា គោលបំណងសំខាន់ គឺចូលជួបពិភាក្សាជាលក្ខណៈមិត្តភាព ជាមួយមន្ត្រីយោធជាន់ខ្ពស់ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពិសេសជួបជាមួយសមភាគីកងទ័ពជើងទឹកកម្ពុជា ដើម្បីឈានៅទៅពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ឲ្យបានរីកចម្រើនថែមទៀតនាថ្ងៃខាងមុខ។
នាឱកាសនោះដែរ លោកឧត្តមសេនីយឯក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏នឹងពិភាក្សាផ្តោតទៅលើចំណងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសរុស្សី ឲ្យកាន់តែស្និទ្ធស្នាលថែមទៀត៕ ដោយ៖ សត្យា