មនុស្ស ២នាក់ដែលបានសម្រេចចិត្ត យល់ព្រមរួមរស់នៅជាមួយគ្នាហើយ ម្នាក់ៗត្រូវតែចេះសម្របសម្រួលខ្លួន រៀនយល់ដឹងពីរឿងថ្មីៗរវាងគ្នាទៅវិញទៅមក ដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍រស់នៅរួមគ្នាបានយ៉ាងមានសុភមង្គល ព្រោះម្នាក់ៗចេញមកពីក្រុមគ្រួសារផ្សេងគ្នា ចង់ឱ្យមាននិស្ស័យល្អសម្រាប់មនុស្សម្នាក់ទៀតនោះ ប្រហែលមិនមែនជារឿងងាយស្រួលទេ ឥលូវនេះ យើងនាំគ្នាមកស្គាល់ពីចំណុចដែលគួរយល់ដឹងសម្រាប់គូស្វាមី-ភរិយាថ្មោងថ្មីវិញប្រសើរជាង…
១.ស្រឡាញ់គ្នាខ្លាំងប៉ុនណា ក៏នៅតែមានបញ្ហាដែរ
គ្មានគូស្នេហ៍មួយណា ដែលមិនធ្លាប់ឈ្លោះគ្នានោះទេ គ្រាន់តែគូស្នេហ៍នីមួយៗមានវិធីចាត់ការនឹងបញ្ហាដែលកើតឡើងនោះបានដោយរបៀបណា និងមានវិធីបែបណា ជាមធ្យោបាយសម្រាប់ការពារការកើតបញ្ហារវាងគ្នា និងគ្នាតែប៉ុណ្ណោះ។
២.ចរិតនិស្ស័យរបស់គូស្នេហ៍
និស្ស័យ និងទម្លាប់ គឺជារឿងសំខាន់បំផុត ព្រោះបើសិនជាមនុស្ស ២នាក់ មាននិស្ស័យខុសគ្នាដូចមេឃ និងដី តែបែជាមកសម្រេចចិត្តយល់ព្រមរស់នៅជាមួយគ្នា ប្រហែលមិនមែនជារឿងងាយទេ បើមិនចេះកែប្រែចរិតនិស្ស័យខ្លះ និងព្រមទទួលស្គាល់ហេតុផលយ៉ាងត្រង់ទៅត្រង់មកនោះ។ កុំរវល់តែប្រកាន់ថា ខ្ញុំនិស្ស័យបែបហ្នឹង បងឯង ឬអូនឯង ត្រូវតែទទួលយកឱ្យបាន…បើសិនជាបែបហ្នឹង ប្រហែលជាមិនល្អទេ។
៣.កុំបង្កើតច្បាប់វិន័យ
អាស់ៗ! កុំឱ្យសោះណា៎ កុំដាក់ច្បាប់នេះ ច្បាប់នោះឱ្យសោះ ព្រោះការដែលអ្នកធ្វើបែបនោះ គឺអាចនិយាយបានថា ជាការរំលោភសិទ្ធិគ្នាទៅវិញទៅមកហើយ។ កុំប្រើលេស ឬពាក្យថា ប្តីប្រពន្ធ មកធ្វើចំណុចចងភ្ជាប់ ឱ្យម្នាក់ទៀតមានអារម្មណ៍ទើសទាល់ឱ្យសោះ មិនដូច្នោះទេ ជីវិតអាពាហ៍ពិពាហ៍របស់អ្នក និងគេ អាចនឹងត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លី ក៏អាចថាបានដែរ។
៤.រឿងលើគ្រែ
រឿងនេះសំខាន់ខ្លាំងណាស់សម្រាប់គូស្នេហ៍ ឬគូអាពាហ៍ពិពាហ៍ថ្មោងថ្មី ព្រោះអ្នក ឬគេ អាចមិនមែនជាអ្នកចូលចិត្តប្រគំភ្លេងសិចនៅលើគ្រែមែន តែក៏អាចផ្លាស់ប្តូរទម្លាប់ ដើម្បីឱ្យចូលគ្នាចុះបានដែរ។ មិនចាំបាច់ពូកែ មិនចាំបាច់មានក្បាច់ក្បូរច្រើនទេ តែ សុំឱ្យតែអ្នក និងគេ យល់ពីគ្នាទៅវិញទៅមកថា ចូលចិត្ត ឬមិនចូលចិត្តបែបណា ឬបែបណាដែលធ្វើឱ្យទាំងអ្នក និងគេ ឈានទៅដល់ក្តីស្រណុកសុខស្រួលបានលឿន និងល្អបំផុតទៅបានហើយ។ នេះគឺជារឿងដែលសំខាន់បំផុត សម្រាប់រឿងលើគ្រែ។
៥.បន្ទុកដែលកើនឡើង
បញ្ហានេះ នឹងកើតមានចំពោះគូស្វាមីភរិយាថ្មោងថ្មីយ៉ាងពិតប្រាកដ មិនថាគូស្វាមីភរិយានោះ មានលុយកាក់ច្រើន ឬតិច ក៏បញ្ហានេះអាចកើតឡើងបានដែរ តែវាស្ថិតនៅត្រង់ថា តើយើងត្រូវគ្រប់គ្រងស្ថានការណ៍នោះ បានដោយរបៀបណា។ អ្នកខ្លះចាយវាយលុយកាក់ហួសភាពចាំបាច់ រហូតធ្វើឱ្យកើតក្តីធុញទ្រាន់ អ្នកខ្លះទៀតសុខចិត្តទ្រាំអត់ ដើម្បីឱ្យដៃគូបានសប្បាយ បែបនេះ ប្រហែលជាមិនល្អទេ។ អ្នក និងគូស្នេហ៍របស់អ្នក ត្រូវតែទទួលស្គាល់បញ្ហារឿងលុយកាក់របស់គ្នាទៅវិញទៅមក និយាយប្រាប់គ្នាតាមត្រង់ កុំបិទមាត់នៅស្ងៀម ទុករហូតដល់មានបញ្ហា ទើបហាមាត់និយាយ ព្រោះវានឹងធ្វើឱ្យបញ្ហានេះកាន់តែរីកធំឡើងបាន។
៦.រៀបផែនការរឿងពេលវេលា
រឿងពេលវេលារបស់ជីវិតគូ គឺជារឿងមួយដែលគូស្វាមី-ភរិយា គួរតែយកចិត្តទុកដាក់រវាងគ្នាទៅវិញទៅមក។ បើសិនជាម្នាក់ៗ គិតតែពីចាប់អារម្មណ៍លើរឿងផ្សេងទៀត ខ្លាំងជាងការប្រើពេលវេលានៅជាមួយគ្នានោះ ពាក្យថា ជីវិតគូប្រហែលជាទៅជាមួយគ្នាពិបាកមិនខាន។ ចូរងាកមកយកចិត្តទុកដាក់រវាងគ្នាទៅវិញទៅមកឱ្យបានច្រើនឡើង ចូរគិតជាប់ជានិច្ចថា យើងមានក្រុមគ្រួសារ មានការទទួលខុសត្រូវ មានតួនាទីដែលត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ អាចនឹងមានខុសពេលវេលាខ្លះដែរ តែក៏មិនគួរញឹកញាប់ពេកដែរ ព្រោះវាអាចបំផ្លាញសម្ព័ន្ធភាពរបស់អ្នកទាំង២បាន។
៧.មានភាគហ៊ុនជីវិតរវាងគ្នា
នៅពេលដែលទាំង ២នាក់ យល់ព្រមរួមរស់នៅជាមួយគ្នា គឺមានន័យថា អ្នកបានយល់ព្រមធ្វើជាភាគហ៊ុនរបស់គ្នាទៅវិញទៅមកហើយ។ អ្នក និងគេ មានសិទ្ធិដឹង និងរៀនយល់ដឹងពីរឿងរបស់គ្នាទៅវិញទៅមក តែក៏មិនមែនមានន័យថា អ្នក ឬគេ ចេះតែចូលទៅពាក់ព័ន្ធ ឬលូកលាន់បានគ្រប់តែរឿងនោះដែរ ត្រូវចេះទុកចន្លោះទំនេររវាងគ្នាទៅវិញទៅមកខ្លះផង។
៨.ថែរក្សាសុខភាពឱ្យបានល្អ
រឿងសុខភាព គឺជារឿងដែលគូស្វាមីភរិយាគួរយកចិត្តទុកដាក់ និងគួរយកចិត្តទុកដាក់ជាពិសេសទៀតផង ហើយបើសិនជាអ្នក និងគេ ឯកភាពគ្នាថាចង់បានកូនជាមួយគ្នាផងនោះ គួរតែដឹកដៃគ្នាទៅជួបលោកគ្រូពេទ្យយ៉ាងតិចបំផុត ១ឆ្នាំឱ្យបាន ២ដង។ កុំរវល់តែស្រឡាញ់ការសប្បាយរីករាយ រហូតភ្លេចបារម្ភពីសុខភាពរបស់គ្នាទៅវិញទៅមកឱ្យសោះ។
៩.ផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក
រឿងសំខាន់របស់ជីវិតគូ គឺការផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក កុំបណ្តោយឱ្យភាពឃ្លាតឆ្ងាយ ក្លាយជាភាពឃ្លាតឆ្ងាយ រហូតដល់ភ្លេចថា អ្នក និងគេ ស្ថិតក្នុងថានៈជាអ្វីនឹងគ្នាឱ្យសោះ។ ចូរយកចិត្តទុកដាក់នឹងគ្នាឱ្យបានច្រើនបំផុត មើលថែទាំមនុស្សដែលគួរមើលថែទាំ ឱ្យបានល្អបំផុត នោះសេចក្តីស្នេហារបស់អ្នក និងគេ នឹងរលូន សម្បូរបែបឥតខ្ចោះយ៉ាងពិតប្រាកដ។
ជីវិតគូ គឺជារឿងពិបាកនឹងដំណើរការឱ្យទៅមុខបានរលូនល្អណាស់ កុំគិតថាគ្មានបញ្ហាអ្វីកើតឡើងឱ្យសោះ ព្រោះមិនថាគូស្នេហ៍ណាក៏ដោយ ក៏ត្រូវតែធ្លាប់ជួបនឹងបញ្ហាទាំងអស់ គ្រាន់តែធំ ឬតូចប៉ុណ្ណោះ។ ចូរងាកមកមើលថែទាំ និងយកចិត្តទុកដាក់គ្នាទៅវិញទៅមកឱ្យច្រើនឡើង រឹតចំណងសម្ព័ន្ធភាពរបស់អ្នក និងគេ ឱ្យកាន់តែផ្អែមល្ហែមយូរអង្វែង រហូតដល់អ្នកណាៗ ក៏នឹកច្រណែនវិញ ប្រសើរជាង៕