Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើលេបថ្នាំជាមួយទឹកភេសជ្ជៈផ្សេងៗ ដែលមិនមែនជាទឹកសុទ្ធ បានឬទេ?

ថ្ងៃមុន ឃើញអ្នកនៅក្បែរខ្លួនម្នាក់ លបយកថ្នាំប៉ារ៉ាសេតាម៉ុលដាក់ចូលមាត់ ហើយអកតែទឹកកកតាមក្រោយភ្លែត ខ្ញុំរកតែលើកដៃហាមក៏មិនទាន់ ព្រោះអ្នកណាគេឱ្យលេបថ្នាំជាមួយទឹកតែ? តែអ្នកលេបមិនដឹងអ្វីទាំងអស់ លេបធ្វើព្រងើយ ធ្វើដូចជារឿងប្រក្រតីធម្មតាអ៊ីចឹង។ ការពិតទៅ បែបហ្នឹងមិនមែនជារឿងប្រក្រតីនោះទេ ថ្នាំគេលេបជាមួយទឹកសុទ្ធទើបត្រូវ ហើយបើលេបជាមួយទឹកភេសជ្ជៈដទៃទៀត តើនឹងមានផលយ៉ាងណាចំពោះរាងកាយ? បើចង់ដឹង សូមមកស្ដាប់ចម្លើយទាំងអស់គ្នា…

១.ទឹកតែ និងកាហ្វេ

សូមលើកឧទាហរណ៍ ពីភេសជ្ជៈ ២មុខនេះជាមុន ព្រោះមនុស្សជាច្រើនគិតថា អាចញ៉ាំជាមួយថ្នាំបាន មិនអីទេ…តែការពិតវិញ បើយើងលេបថ្នាំជាមួយទឹកតែ ឬកាហ្វេនោះ នឹងរឹតតែជាការបន្ថែមបរិមាណកាហ្វេអ៊ីនដល់រាងកាយ ដែលជាប្រក្រតី នៅក្នុងថ្នាំបំបាត់ជំងឺគ្រុនផ្តាសាយផ្សេងៗ ដែលមានចំណែកផ្សំរបស់ សឺដូហ្វេឌ្រីន (pseudoephedrine) នឹងមានឥទ្ធិពលជំរុញប្រព័ន្ធប្រសាទស្រាប់ហើយ ដូច្នេះបើទទួលកាហ្វេអ៊ីនចូលថែមទៅទៀត អាចធ្វើឱ្យកើតអាការឡេះឡះ រសាប់រសល់ ញ័រទ្រូង និងគេងមិនលក់បាន។

២.ទឹកដោះគោ

ឃើញថា ទឹកដោះគោជាភេសជ្ជៈដែលល្អ មានប្រយោជន៍ច្រើនមែន តែការពិតវិញ មិនអាចយកមកញ៉ាំជាមួយថ្នាំបានទេ ព្រោះទឹកដោះគោមានសារធាតុអាហារដែលសំខាន់ គឺកាល់ស្យូម ហើយសារធាតុនេះ នឹងចូលទៅទប់ស្កាត់ការបឺតជ្រាបរបស់ថ្នាំបដិបក្ខប្រាណ (antibiotic) ដែលយើងលេបចូលទៅ ឬនិយាយឱ្យស្រួលស្ដាប់គឺ វាអាចនឹងធ្វើឱ្យថ្នាំ ដែលយើងលេបចូលទៅនោះ ថយប្រសិទ្ធភាពហ្នឹងឯង។

៣.ទឹកផ្លែឈើ (ដែលមានរសជាតិជូរ)

ទឹកផ្លែឈើភាគច្រើន តែងមានរសជាតិជូរ ដូចជា ទឹកក្រូចពោធិ៍សាត់ ទឹកក្រូចឆ្មារ ជាដើម ក្នុងអំឡុងពេលទទួលទានអាហារ អាចនឹងស្រវាយកមកញ៉ាំជំនួសទឹកសុទ្ធ ហើយបញ្ច្រកថ្នាំចូលទៅតាមក្រោយ ប៉ុន្តែសូមកុំភ្លេចថា វាជាទឹកផ្លែឈើដែលមានឥទ្ធិពលជាអាស៊ីត អាចចូលទៅផ្លាស់ប្តូរការរំលាយរបស់ថ្នាំ ប្រឆាំងការបឺតជ្រាបរបស់ថ្នាំ ធ្វើឱ្យថ្នាំមានប្រសិទ្ធភាពថយចុះ និងអាចធ្វើឱ្យបរិមាណថ្នាំក្នុងរាងកាយប្រែប្រួលបាន។

៤.ទឹកភេសជ្ជៈ ដែលមានជាតិហ្គាស (ភេសជ្ជៈកំប៉ុង) ឬទឹកសូដា

គេមិនដែលលេបថ្នាំជាមួយទឹកភេសជ្ជៈកំប៉ុងទេ ព្រោះមើលឃើញច្បាស់ៗហើយថា ទឹកភេសជ្ជៈកំប៉ុងមានជាតិហ្គាស ដែលក្រៅពីនឹងចូលទៅខាំកកេរក្រពះហើយនោះ ថែមទាំងទៅរារាំងការធ្វើការរបស់ថ្នាំ និងធ្វើឱ្យថ្នាំបឺតជ្រាបចូលក្នុងរាងកាយបានតិចទៀតផង។

៥.ភេសជ្ជៈដែលមានជាតិអាល់កុល

ចំណុចនេះយ៉ាប់យ៉ឺនបំផុត ព្រោះជាតិអាល់កុលមានឥទ្ធិពលទៅសង្កត់ប្រព័ន្ធប្រសាទ បើសិនលេបថ្នាំណា ដែលមានសារធាតុសង្កត់ប្រព័ន្ធប្រសាទ ដូចជា ថ្នាំបំបាត់ប្រតិកម្មចាញ់ (ដែលធ្វើឱ្យងងុយគេង) ថ្នាំបំបាត់កង្វល់ ឬថ្នាំប្រឆាំងអាការសោកសៅផងនោះ អាចនឹងមិនមែនត្រឹមតែងងុយគេងខ្លាំងនោះទេ តែអាចធ្វើឱ្យដល់ថ្នាក់បាត់បង់សមាធិ និងអាចខ្យល់គ បាត់ស្មារតីបានទៀតផង។ ក្រៅពីនេះ ជាតិអាល់កុល នៅមានផលជាមួយថ្នាំប៉ារ៉ាសេតាម៉ុល ដោយអាចធ្វើឱ្យកើតអាការក្រលៀនគាំង លែងធ្វើការយ៉ាងទាន់ហន់ភ្លាមៗបានទៀតផង។

ដូច្នេះភេសជ្ជៈ ដែលគួរទទួលទានជាមួយថ្នាំខ្លាំងបំផុត គឺទឹកបរិសុទ្ធធម្មតាៗហ្នឹងឯង បើចង់ឱ្យល្អថែមទៀតនោះ ត្រូវតែជាទឹកដែលមានសីតុណ្ហភាព ត្រូវនឹងកម្តៅពោះរបស់យើងផង បើទោះជាទឹកក្តៅឧណ្ហៗ ឬទឹកត្រជាក់ គ្មានរបាយការណ៍មួយណាបញ្ជាក់ច្បាស់ថា ធ្វើឱ្យកើតមានគ្រោះចំពោះរាងកាយក៏ដោយ តែយ៉ាងហោចណាស់ ទឹកពិសា ដែលមានសីតុណ្ហភាពធម្មតា ក៏មិនធ្វើឱ្យឥទ្ធិពលរបស់ថ្នាំ ប្រែប្រួលដូចទឹកផ្សេងទៀតដែរ។

ដូច្នេះលើកក្រោយ បើចង់ឆាប់ជាពីជំងឺ កុំភ្លេចលេបថ្នាំជាមួយទឹកសុទ្ធណា៎ មិត្តអ្នកស្ដាប់…៕

Basak Gurbuz Derman/Getty Images
Bonnin Studio/Stocksy United
×