“ការស្រែកយំ” គឺជារឿងធម្មតារបស់ទារកទើបនឹងកើត ដោយសារតែសភាពជុំវិញខ្លួន បានមកប៉ះពាល់ប្រព័ន្ធប្រសាទការដឹងតូចៗទាំង៥ របស់កូន ដែលមានដូចជា ត្រចៀក ភ្នែក ច្រមុះ អណ្ដាត និងរាងកាយ។ អ្វីដែលប៉ះពាល់ទាំងនេះ មានផលជំរុញទៅដល់អារម្មណ៍របស់កូន ធ្វើឱ្យគេកើតមានអារម្មណ៍មិនសប្បាយកាយ ឬមានអារម្មណ៍មិនសប្បាយចិត្ត និងដោយសារតែកូនតូច មិនទាន់អាចប្រាប់ពីអារម្មណ៍របស់ខ្លួន ឱ្យឪពុកម្ដាយ ដឹងតាមរយៈពាក្យសម្ដីបាន ដូច្នេះទើបមានវិធីតែមួយគត់ ដែលគេអាចទំនាក់ទំនងជាមួយឪពុកម្ដាយបាន ក៏គឺ “ការស្រែកយំ” ហ្នឹងឯង។ ការយល់ដឹងពីមូលហេតុ ដែលធ្វើឱ្យកូនតូចស្រែកយំ នឹងធ្វើឱ្យឪពុកម្ដាយថ្មោងថ្មីយល់ដឹងអំពីកូនតូច និងអាចតបស្នងតម្រូវការរបស់កូនបានយ៉ាងមានសេចក្ដីសុខ។
កូនឃ្លាន
បើកូនតូចរបស់អ្នកម្ដាយបៅទឹកដោះបានតិច និងច្រើនតែភ្ញាក់ឡើងយំ ក្រោយពីបៅទឹកដោះបានត្រឹមតែ ១ម៉ោងរួចមកនោះ អាចមានមូលហេតុមកពីការដែលកូនតូចបៅទឹកដោះខុសវិធី ហើយការបៅទឹកដោះខុសវិធីនេះ អាចកើតឡើងបានទាំងលើក្មេងដែលបៅទឹកដោះពីដប និងក្មេងដែលបៅទឹកដោះម្ដាយ ធ្វើឱ្យកូនបឺតយកខ្យល់ចូលទៅច្រើន និងមានអារម្មណ៍តឹងណែនពោះ។ បើអ្នកម្ដាយសង្កេតឃើញថា កូនតូចច្រើនតែស្រែកយំរករឿងគ្រប់ពេលដែលដាក់ឱ្យគេងផ្ងារ និងយំ មិនព្រមគេង អាចបណ្ដាលមកពីអាការតឹងណែនក្នុងពោះ ដូច្នេះអ្នកម្ដាយគួរលើកកូនមកព ឱ្យទ្រោបលើស្មា ព្រមទាំងអង្អែលខ្នងថ្នមៗ កូនអាចនឹងភើចេញមក ហើយនឹងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។
កូនឯកា
ទារកត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការប៉ះពាល់ដ៏ទន់ភ្លន់របស់ឪពុក និងម្ដាយជាប់ជានិច្ច។ មិនថាកូនតូចរបស់លោកអ្នកមានអាយុប៉ុន្មាន ក៏គេនៅតែត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការឱបថើបរបស់ឪពុកម្ដាយជានិច្ច។ ការបី ព ឬឱបថើប ជាការប៉ះពាល់ខាងរាងកាយ ដែលធ្វើឱ្យកូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត និងមានសេចក្ដីសុខ។ ពេលខ្លះត្រឹមតែលោកអ្នកលើកកូនតូចបី ព ឱបនៅក្នុងរង្វង់ដៃ ក៏គេអាចបាត់យំភ្លាម សឹងតែលោកអ្នកមិនចាំបាច់ត្រូវលួងលោមដោយពាក្យសម្ដីផង។
កូនមិនស្រួលខ្លួន
នៅពេលកូនឈឺថ្កាត់ កូនច្រើនតែយំរករឿង បើអ្នកម្ដាយសាកល្បងប៉ះខ្លួនកូន ក៏អាចនឹងមានអារម្មណ៍ដឹងបានថា កូនក្ដៅខ្លួនខុសប្រក្រតី និងអាចមានអាការហូរទឹកសំបោរ ក្អក និងក្អួតចង្អោររួមជាមួយផង។ អ្នកម្ដាយគួរវាស់សីតុណ្ហភាពខ្លួនកូន ដើម្បីពិនិត្យមើលថា តើកម្ដៅខ្លួនកូនស្ថិតក្នុងកម្រិតប៉ុន្មានអង្សា? បើចាប់ពី ៣៧អង្សាឡើងទៅ បានន័យថា កូនតូចមានអាការគ្រុនក្ដៅខ្លួនហើយ ចូរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
កូនដុះធ្មេញហើយ
ជាប្រក្រតី ទារកនឹងមានធ្មេញ ១គូដំបូង នៅពេលអាយុបាន ៦ខែ។ មុននឹងធ្មេញរបស់កូនដុះឡើង កូនច្រើនតែមានទឹកមាត់ហៀរចេញមកច្រើន មិនចង់បៅទឹកដោះ ឬញ៉ាំអាហារ យំរករឿង មានអារម្មណ៍រមាស់អញ្ចាញធ្មេញ ចូលចិត្តយកដៃលូកចូលមាត់។ល។ អ្នកម្ដាយអាចជួយបន្ថយអាការរមាស់អញ្ចាញធ្មេញរបស់កូនបាន ដោយការឱ្យកូនខាំដុំនំប៉័ងទន់ៗបាន។
កន្ទប ឬខោទឹកនោមកូនសើមខ្លាំង
នៅពេលក្រណាត់កន្ទប ឬខោទឹកនោមកូន សើមខ្លាំង កូនអាចនឹងមានអារម្មណ៍ថា សើមខ្លួន មិនស្រួលស្បែក ជួនកាលអាចធ្វើឱ្យកើតកន្ទួលរមាស់ទៀតផង ទើបកូនតូចស្រែកយំរករឿង។ ការប្រើម្សៅលាបសម្រាប់ទារក ក្រោយការផ្លាស់ក្រណាត់កន្ទបថ្មីគ្រប់ពេល អាចជួយការពារការកើតកន្ទួលរមាស់បានយ៉ាងងាយ ដូច្នេះអ្នកម្ដាយត្រូវចេះជ្រើសរើសប្រើម្សៅសម្រាប់ទារកដែលបរិសុទ្ធល្អ មិនលាយពណ៌ មិនលាយសារធាតុគីមីការពារសំណើម ដែលអាចធ្វើឱ្យមានសារធាតុគីមីនោះ នៅសេសសល់នៅស្បែកដ៏ស្ដើងខ្ចីរបស់កូនបាន៕