ភ្នំពេញ ៖ សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភ ដើម្បីបម្រើដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មានចំនួន ១០.៥២៥.៦៥០សន្លឹក ក្នុងនោះសន្លឹកឆ្នោត ៣២៩.២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះ ក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលមន្ត្រី និងសន្លឹកឆ្នោត ត្រៀមបម្រុង នៅតាមការិយាល័យបោះឆ្នោត នីមួយៗផងដែរ ។ ក្នុងសន្លឹកឆ្នោតមួយសន្លឹក ចំណាយថវិកាសម្រាប់បោះពុម្ភប្រមាណ ៩៩០រៀល ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០.៤២០.៣៩៣.៥០០រៀល) ស្មើនឹងជាង ២,៦លានដុល្លារ។
នាវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការពិនិត្យទម្រង់សន្លឹក ឆ្នោតដែលត្រូវបោះពុម្ព ជាមួយតំណាងគណបក្សនយោបាយទាំង២០ នៅទីស្ដីការ គ.ជ.ប។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា តំណាងគណបក្សនយោបាយទាំង២០ ត្រូវអញ្ជើញមកផ្ទៀងផ្ទាត់ ការសរសេរលក្ខណៈសម្គាល់របស់គណបក្សរបស់ខ្លួន នៅលើសន្លឹកឆ្នោតដែលត្រូវបោះពុម្ភ សម្រាប់យកទៅប្រើក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
បន្ទាប់បានត្រួតពិនិត្យលើឈ្មោះគណបក្ស អក្សរកាត់ និងស្លាកសញ្ញាសម្គាល់គណបក្សរៀងៗខ្លួន ដែលមានលើទម្រង់សន្លឹកឆ្នោតរួចហើយនោះ តំណាងគណបក្សនយោបាយទាំង២០ បានចុះហត្ថលេខាឯកភាព លើទម្រង់សន្លឹកឆ្នោតគំរូ ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងអស់គ្នា ប៉ុន្តែក៏មានសំណូមពរមួយចំនួនផងដែរ។
ក្រឡោនរាងចតុកោណកែងរបស់គណបក្សនីមួយៗ ដែលមាននៅលើសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិថ្មីនេះ ត្រូវបានតម្រៀបជាជួរៗចំនួន២ជួរ (ពីលើដល់ក្រោម) មួយជួរៗមាន១០គណបក្ស ហើយក្នុងក្រឡោនចតុកោណកែងនីមួយៗ មានចុះលេខរៀងគណបក្ស ស្លាកសញ្ញាសម្គាល់គណបក្ស ប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ឈ្មោះគណបក្ស និងនៅខាងក្រោមឈ្មោះគណបក្សបន្តិច មានសរសេរជាអក្សកាត់របស់គណបក្សនីមួយៗ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺប្រអប់រាងការ៉េសម្រាប់គូសសញ្ញាគាំទ្រ ត្រូវបានរំកិលពីខាងចុងនៃក្រឡោនចតុកោណកែង មកគៀកនឹងស្លាកសញ្ញាសម្គាល់គណបក្សវិញ។ លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា ខាងមន្ត្រីបច្ចេកទេស បានពន្យល់ប្រាប់សមាជិក គ.ជ.ប ថា សុំរំកិលប្រអប់រាងការ៉េសម្រាប់គូសសញ្ញា ពីខាងចុងក្រឡោនចតុកោណកែង មកដាក់គៀកនឹងស្លាកសញ្ញាសម្គាល់គណបក្សវិញ ហេតុផលគឺដោយសារ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ គណបក្សនយោបាយ ចូលរួមឈរឈ្មោះបោះឆ្នោតមានតែ៨គណបក្សទេ ប៉ុន្តែអាណត្តិថ្មីឆ្នាំ២០១៨នេះ មានរហូតដល់ទៅ២០គណបក្ស ប្រសិនបើដាក់ប្រអប់រាងការ៉េសម្រាប់គូសសញ្ញា នៅខាងចុងក្រឡោនចតុកោណកែងដដែល នោះអ្នកបោះឆ្នោតអាចនឹងគូសខុសពីគណបក្សដែលគាត់ចង់បោះឆ្នោតឲ្យ ដូច្នេះដើម្បីជៀសវាងការភ័ន្តច្រឡំ ទើបអ្នកជំនាញបានស្នើសុំ គ.ជ.ប ឲ្យកែប្រែបែបនេះ ហើយ គ.ជ.ប ក៏បានសម្រេចយ៉ាងដូច្នេះតាម។
អ្នកនាំពាក្យបានបន្តថា ទោះបីអ្នកបោះឆ្នោតមិនគូសលើប្រអប់រាងការ៉េ ដែលនៅជិតស្លាកសញ្ញាគណបក្សក៏ដោយ ឲ្យតែមានគូសសញ្ញាផ្សេងៗ ដូចជា សញ្ញាខ្វែង សញ្ញាបូក ឆូត សញ្ញាជាដើមនោះ ក៏ចាត់ទុកជាសន្លឹកឆ្នោតបានការដែរ ឲ្យតែស្ថិតក្នុងក្រឡោនចតុកោណកែងរបស់គណបក្សណាមួយ កុំឲ្យតែសញ្ញាទាំងនោះឆ្លងក្រឡោនទៅគណបក្សដទៃ។ ធ្វើបែបនេះ គឺដើម្បីកាត់បន្ថយសន្លឹកឆ្នោតអត់បានការ។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា “សម្រាប់ការបោះឆ្នោតសកលនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ មិនត្រឹមតែសញ្ញាធីកទេ ទោះអ្នកបោះឆ្នោតគូសសញ្ញាបូក សញ្ញាខ្វែង ឆូត ឬសញ្ញាអ្វីផ្សេងទៀត ឲ្យតែស្ថិតនៅក្នុងប្រអប់ឈ្មោះគណបក្សលើសន្លឹកឆ្នោត គឺអាចយកជាការបានទាំងអស់”។ គ.ជ.ប បានលើកទឹកចិត្តឲ្យពលរដ្ឋអ្នកបោះឆ្នោតគូសសញ្ញាធីក។ ប៉ុន្តែបើមិនធីកទេ ហើយពលរដ្ឋខ្លះពិបាកក្នុងការធីក សញ្ញាខ្វែងជើងក្អែក ឬគូសសញ្ញាអ្វីនៅក្នុងប្រអប់ទ្រវែងហ្នឹង នៅតែបានការដដែល៕ ដោយ៖បញ្ញាស័ក្តិ