Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​អង់គ្លេស​៖ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស នៅតែ​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​

​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ដែល​ចប់​អាណត្តិ បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស នៅតែ​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា លើ​ផ្នែក​បោសសម្អាត​មីន និង​ការបន្ត​ជំរុញ កិច្ចសហប្រតិបត្តិការ លើ​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បាន​គាំ​ត្រ និង​ជួយ​ឧបត្ថម្ភ​កន្លងមក​ដល់​កម្ពុជា ពិសេស​ក្នុង​សកម្មភាព​បោសសម្អាត​មីន តុលាការ​ខ្មែរក្រហម និង​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​។​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៩​ខែ​ឧសភា បាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក William Longhurst ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ។ បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ចំពោះ​ការរួមវិភាគទាន​ដ៏​សកម្ម​របស់​លោក William Longhurst ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ការធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ឡើង ។​

​នៅ​ក្នុង​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់ លើ​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី លោក​ទេសរដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ដោយ​ការពេញចិត្ត​ចំពោះ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​បរិមាណ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ រហូត​ដល់​ជា​១០០០​លាន​ដុល្លារ និង​ចំពោះ​ការកើនឡើង​នូវ​ចំនួន​អ្នកទេសចរ​អង់គ្លេស​ម​ក​កាន់​កម្ពុជា រហូត​ដល់​ចំនួន​១៧១០០០​នាក់ ក្នុង​ឆ្នាំ​២០១៧​។​

​លោក​ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ចក្រភព​អង់គ្លេស​គឺជា​មិត្តភក្តិ​ដ៏​ល្អ​របស់​កម្ពុជា ហើយ​បាន​បង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ពិសេស​ផ្នែក​សេដ្ឋកិច្ច ។ លោក​បាន​ថ្លែង​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា លើ​ផ្នែក​បោសសម្អាត​មីន និង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សេដ្ឋកិច្ច និង​វិនិយោគ​។ លោក​ក៏​បាន​លើកឡើង​ថា​នឹង​មាន​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ចក្រ​ភព​អង់គ្លេស មក​កាន់​កម្ពុជា ក្នុង​អនាគត​ខា​មុខ​នេះ​ផង​ដែរ​។​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×