ក្នុងជីវិតដែលត្រូវជួបទាំងសម្ពាធពីមនុស្សជុំវិញខ្លួន ពីសេចក្ដីនឹកសង្ឃឹមរបស់ក្រុមគ្រួសារ និងពីខ្លួនឯង មានច្រើនដងណាស់ ដែលរឿងទាំងអស់នេះ ធ្វើឱ្យយើងស្ទើរតែអស់ថាមពល និងកម្លាំងចិត្តក្នុងការដំណើរការជីវិតជាបន្ត តែចូរកុំបណ្ដោយឱ្យខ្លួនឯងលង់កប់ជាប់នៅក្នុងអារម្មណ៍បែបហ្នឹងយូរពេក ចូរបំពេញសេចក្ដីសុខ ឱ្យជីវិតបានវិលមកមានភាពស្រស់បំព្រងឡើងវិញ ដោយប្រើពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។
១-ពេលមានអារម្មណ៍ថា អស់សង្ឃឹមលែងមានថាមពល ចូរនិយាយជាមួយខ្លួនឯង
ការជជែកពិភាក្សា មិនចាំបាច់ត្រូវតែធ្វើជាមួយអ្នកដទៃជានិច្ចនោះទេ ការបានចំណាយពេលវេលានិយាយ សាកសួរសុខទុក្ខជាមួយខ្លួនឯង ក៏សំខាន់មិនចាញ់គ្នាប៉ុន្មានឡើយ។ នៅពេលណាដែលយើងមានអារម្មណ៍ហាក់ដូចជាអស់សង្ឃឹម លែងមានកម្លាំងថាមពលក្នុងការធ្វើអ្វីៗនោះ ចូរសាកល្បងបែរត្រឡប់មកសួរខ្លួនឯងថា តើពេលនេះយើងត្រូវការអ្វីពិតប្រាកដ? ព្រោះអ្នកដែលដឹងរឿងរបស់យើងច្បាស់បំផុតនោះ គឺខ្លួនយើងហ្នឹងឯង ហើយយើងដឹងថា ការពិតទៅ យើងកំពុងត្រូវការអ្វី។ កុំបណ្ដោយឱ្យសង្គមជុំវិញខ្លួន គ្របដណ្ដប់យើង រហូតដល់ភ្លេចស្ដាប់យោបល់របស់ខ្លួនឯងឱ្យសោះ។
២-សរសេរវាចូលទៅក្នុងសៀវភៅ ពេលជួបរឿងអាក្រក់ៗ
ចំពោះរឿងខ្លះ យើងមិនចាំបាច់ត្រូវការឱ្យអ្នកណាមកដឹងពីបញ្ហារបស់យើងដែរ តែការបានទម្លាយរឿងរ៉ាវដែលនៅក្នុងចិត្ត វានឹងធ្វើឱ្យយើងមានអារម្មណ៍ល្អឡើង។ បើយើងមិនត្រូវការប្រាប់អ្នកណា ចូរសាកល្បងទាញយកក្រដាស ១សន្លឹកមក ហើយសរសេរពីរឿងរ៉ាវដែលកើតឡើង ដែលធ្វើឱ្យយើងមានអារម្មណ៍ធ្លាក់ទឹកចិត្តនោះ។ សរសេរវាចេញមក ឱ្យយើងបានទម្លាយ និងបានដឹងថា ពេលនេះ យើងកំពុងជួបនឹងបញ្ហាអ្វី និងរកច្រកចេញឱ្យខ្លួនឯងផង។ ពេលយើងបានត្រឡប់មកអានវាម្ដងទៀត យើងអាចនឹងញញឹម និងនឹកសរសើរខ្លួនឯង ដែលអាចឆ្លងផុតចំណុចត្រង់នោះមកបាន ហើយថ្ងៃខាងមុខ ទោះជាយើងចង់ជួបនឹងអ្វីក៏ដោយ ក៏យើងអាចឆ្លងផុតវាបានដូចពេលកន្លងមកដូចគ្នា។
៣-តតាំងនឹងសេចក្ដីភ័យខ្លាច
មនុស្សជាច្រើន ពេលជួបបញ្ហា ក៏មានអារម្មណ៍ខ្លាច និងគេចពីបញ្ហា…ទង្វើនេះ វាមិនធ្វើឱ្យបញ្ហានោះរលាយបាត់ទៅវិញបានឡើយ វាគ្រាន់តែធ្វើឱ្យយើងមិនបានជួបវាមួយភ្លែតប៉ុណ្ណោះ តែថ្ងៃណាមួយ វាក៏នឹងវិលមករកយើងវិញដដែល។ ដូច្នេះចូរត្រៀមចិត្តឱ្យរួចជាស្រេច ព្រោះអ្វីដែលប្រុងនឹងកើតឡើង វាត្រូវតែកើត យើងមិនអាចគ្រប់គ្រងវាបានឡើយ តែរឿងដែលយើងអាចធ្វើបាន គឺទទួលស្គាល់ការពិត តស៊ូ និងតតាំងជាមួយវា ទោះជាធ្ងន់ធ្ងរប៉ុនណាក៏ដោយ តែវាគឺជាការពិត ដែលយើងត្រូវតែប្រឈមមុខនឹងវា ហើយទីបំផុត វានឹងកន្លងផុតទៅ។
៤-មានទីពឹងខាងផ្លូវចិត្ត នៅចាំជួយយកអាសា
ការមានទីពឹងខាងផ្លូវចិត្ត គឺជាឆ្នាំងសាកថាមពលដល់ខ្លួនយើងបានច្រើនណាស់។ យើងគួរតែមានទីពឹងខាងផ្លូវចិត្តទុកបម្រុងខ្លះផង មិនថាតែ គូស្នេហ៍ ក្រុមគ្រួសារ មិត្តភក្តិ ជំនឿសាសនា ឬការងារដែលយើងស្រឡាញ់ចូលចិត្ត វាអាចមិនចាំបាច់ជាអ្វីមួយដែលអស្ចារ្យនោះទេ តែវាសំខាន់ និងមានអត្ថន័យចំពោះយើង ច្រើនល្មមនឹងធ្វើឱ្យជីវិតយើង មើលទៅភ្លឺស្វាងឡើងបាន។
៥-បណ្ដោយឱ្យវាទៅតាមដំណើរ
ការទទួលស្គាល់ការពិតចំពោះអ្វីដែលយើងមិនអាចគ្រប់គ្រងបាន នឹងធ្វើឱ្យយើងអាចទៅមុខបានកាន់តែលឿនឡើង ព្រោះបើសិនជាយើងនៅតែលង់កប់នៅជាមួយអារម្មណ៍អស់សង្ឃឹម ឬមិនបានដូចចិត្តយើងនឹកសង្ឃឹមនោះ ជីវិតនេះប្រហែលជាមិនមានសេចក្ដីសុខឡើយ តែបើសិនយើងគិតថា បណ្ដោយឱ្យវាទៅតាមដំណើរ ទទួលស្គាល់ពីអ្វីដែលកំពុងកើតឡើង និងនៅជាមួយវាបាន ហើយសម្លឹងរកមើលសេចក្ដីសុខ ពីអ្វីដែលយើងមានវិញនោះ ជីវិតក៏នឹងដំណើរការតទៅមុខបានជាមិនខាន៕