ស្ត្រីជនជាតិអង់គ្លេសម្នាក់បានសម្លាប់ខ្លួនឯង បន្ទាប់ពីពេទ្យវះកាត់បានវះយកអូវែររបស់គាត់ចេញ ដោយគ្មានការយល់ព្រមពីគាត់។ (អូវែរ ជាកន្លែងដែលផលិតស៊ុត និងបង្កកំណើតកូននៅក្នុងខ្លួនស្ត្រី)។ នេះបើតាមការចេញផ្សាយរបស់ការសែត New York Post។
ស្ត្រីរូបនោះមានឈ្មោះថា Lucinda Methuen វ័យ ៥៨ឆ្នាំ។ គាត់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅផ្ទះរបស់គាត់ស្ថិតក្នុងទីក្រុង Swansea ប្រទេសអង់គ្លេស។
ការដាច់ចិត្តសម្លាប់ខ្លួននេះកើតឡើងក្នុងឆ្នាំ ២០១៦ ក្រោយពេលអ្នកស្រីទទួលការវះកាត់ដើម្បីព្យាបាលបញ្ហាពោះវៀន ប៉ុន្តែក្រោយមក ពេទ្យវះកាត់បានប្រាប់គាត់ថា អូវែររបស់គាត់នៅទើសនឹងកន្លែងពោះវៀន ដូច្នេះគេក៏កាត់យកវាចេញ។
វេជ្ជបណ្ឌិតដែលរាប់រងការវះកាត់នោះឈ្មោះថា Tony Dixon។ គាត់មានជំនាញ និងល្បីឈ្មោះ ដោយសារតែការវះកាត់ដើម្បីព្យាបាលបញ្ហាពោះវៀន ប៉ុន្តែការវះគាត់របស់គាត់លើអ្នកស្រី Lucinda Methuen បានធ្វើឲ្យអ្នកជំងឺកាន់តែឈឺខ្លាំង។ នេះបើតាមការបញ្ជាក់របស់គ្រួសារស្ត្រីដែលសម្លាប់ខ្លួន។
ក្រោយពេលសម្លាប់ខ្លួន អ្នកស្រីក៏បានទុកសំបុត្រឲ្យកូនប្រុសអាយុ ១៩ឆ្នាំម្នាក់ ដោយក្នុងលិខិតនោះអ្នកស្រីសរសេរថា “ឲ្យម៉ាក់សុំទោសកូនប្រុស។ ម៉ាក់ពិតជាស្រឡាញ់កូនខ្លាំងណាស់”។
បច្ចុប្បន្ន គ្រូពេទ្យវះកាត់ម្នាក់នោះ ត្រូវបានគេព្យួការងារពីមន្ទីរពេទ្យចំនួន ២កន្លែង នៅទីក្រុងBristol ហើយក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរ៕ សុភ័ក្ត្រ