ក្នុងអំឡុងពេលដែលព្រះគ្រូ សេន ចេញប្រតិបត្តិពុទ្ធចារិក លោកបាននិមន្តទៅស្នាក់នៅក្នុងផ្ទះរបស់ស្ត្រីជរាម្នាក់ ប៉ុន្តែពេលទៅដល់ ក៏បានដឹងថា ស្ត្រីជរារូបនោះ មានទឹកមុខបៀមដោយសេចក្ដីទុក្ខ និងថែមទាំងទួញយំ មិនឈប់ទៀតផង…ព្រះគ្រូសេន ក៏សួរទៅកាន់ស្ត្រីជរាថា៖
«តើលោកយាយ មានសេចក្ដីទុក្ខសោកអ្វី ទើបទួញយំជាប់រហូត មិនព្រមឈប់បែបនេះ?»
ស្ត្រីជរា ឆ្លើយថា «ខ្ញុំម្ចាស់មានកូនស្រី ២នាក់ កូនស្រីបង រៀបការហើយ និងចេញទៅនៅជាមួយប្ដី ជាអ្នកលក់ស្បែកជើងក្រណាត់ ចំណែកកូនស្រីប្អូន រៀបការជាមួយអ្នករកស៊ីលក់ឆត្រ…ថ្ងៃណាមេឃស្រឡះ អត់មានភ្លៀង ខ្ញុំម្ចាស់ក៏គិតតែពីព្រួយកង្វល់ថា ហាងលក់ឆត្ររបស់កូនស្រីប្អូន ច្បាស់ជាលក់មិនដាច់ទេមើលទៅ ព្រោះមិនមានភ្លៀងធ្លាក់ ទើបអត់មិនកើតទុក្ខជំនួសកូនមិនបាន…
…តែបើថ្ងៃណា មេឃខ្មៅ មានភ្លៀងធ្លាក់ ខ្ញុំម្ចាស់ ក៏នឹកព្រួយកង្វល់ថា មុខរបរបើកហាងលក់ស្បែកជើងក្រណាត់របស់កូនស្រីបង ច្បាស់ជាមិនល្អប្រសើរទេមើលទៅ ព្រោះមនុស្សម្នា គេមិនចង់ពាក់ស្បែកជើងដែលទទឹកទឹក សើមជោកនោះទេ ហើយនៅពេលដែលរាល់ថ្ងៃ វាមានសភាពបែបហ្នឹង ទើបធ្វើឱ្យខ្ញុំម្ចាស់ គិតតែពីព្រួយកង្វល់ នឹកអាណិតកូន ឡើងស្រក់ទឹកភ្នែកហ្នឹងណា៎..»
នៅពេលព្រះគ្រូសេន បានស្ដាប់ហើយ ក៏ពោលឡើងថា «អូ! ការពិត គឺអ៊ីចឹងឯងតើ? លោកយាយគិតបែបហ្នឹង មិនត្រឹមត្រូវទេ…»
ស្ត្រីជរា នឹកឆ្ងល់ ក៏សួរទៅវិញថា «តើម្ដាយព្រួយកង្វល់ជំនួសកូន មានអ្វីមិនត្រឹមត្រូវដែរឬ? ខ្ញុំម្ចាស់ដឹងថា ទោះព្រួយកង្វល់ទៅ ក៏ជួយអីមិនបានដែរ តែក៏អត់ មិនបារម្ភពីពួកគេ មិនបានសោះ»
នៅពេលនោះ ព្រះគ្រូសេន ក៏ពោលឡើងទៀតថា «ម្ដាយព្រួយកង្វល់អំពីកូន មិនមែនជារឿងខុសទេ តែបើម្ដាយសប្បាយរីករាយចិត្តអំពីកូន ច្បាស់ជាល្អប្រសើជាងណា៎…លោកយាយសាកល្បងគិតទៅមើល ពេលថ្ងៃណាមេឃស្រឡះ បើកថ្ងៃ ហាងលក់ស្បែកជើងក្រណាត់របស់កូនស្រីច្បង របស់លោកយាយ ច្បាស់ជាលក់ដាច់ច្រើនជាពិសេសមិនខាន ហើយបើថ្ងៃណាមេឃភ្លៀង មុខរបរលក់ឆត្រ របស់កូនស្រីទី២ ច្បាស់ល្អប្រសើរខ្លាំងដូចគ្នាដែរ…បើសិនជាគិតបែបហ្នឹងវិញ លោកយាយច្បាស់ជាបានរីករាយសប្បាយចិត្ត ជាមួយកូនស្រីទាំង២ រៀងរាល់ថ្ងៃ លែងកើតទុក្ខព្រួយទៀតជាមិនខាន»
ពេលស្ត្រីជរា បានស្ដាប់ពាក្យណែនាំ របស់ព្រះគ្រូសេនរួចហើយ ក៏បានភ្លឺច្បាស់ក្នុងចិត្ត និងបន្ទាប់ពីនោះ នៅពេលនឹកឃើញម្ដងៗ ក៏មានអារម្មណ៍សប្បាយចិត្តរៀងរាល់ថ្ងៃ ហើយគ្រប់ពេលដែលនឹកដល់កូនស្រីទាំង២ ស្ត្រីជរាតែងបង្ហាញនូវស្នាមញញឹមនៃសេចក្ដីសុខលើផ្ទៃមុខជាប់ជានិច្ច។
និទានរឿងនេះបង្ហាត់ឱ្យយើងដឹងថា គ្មានបច្ច័យណាមួយ ដែលធ្វើឱ្យមនុស្សយើងមានសេចក្ដីទុក្ខ ស្មើនឹងខ្លួនរបស់ខ្លួនយើងនោះទេ…សុខ និងទុក្ខ ស្ថិតនៅក្នុងចិត្ត ពេលផ្លាស់ប្ដូរទស្សនគតិ ការនឹកគិតក៏ផ្លាស់ប្ដូរដូចគ្នាទោះជាក្នុងរឿងតែមួយក៏ដោយ ព្រោះ ១ជ្រុងទៀតនៃសេចក្ដីទុក្ខ ក៏គឺសេចក្ដីសុខហ្នឹងឯង…មិនថារឿងណាក៏ដោយ បើយើងសម្លឹងមើលឱ្យមានសេចក្ដីទុក្ខ វាច្បាស់ជាកើតទុក្ខ តែបើសម្លឹងមើល ឱ្យកើតជាសេចក្ដីសុខ វាក៏កើតសេចក្ដីសុខបាន ដូច្នេះ ចូរឈប់សាងសេចក្ដីទុក្ខឱ្យខ្លួនឯង…៕