វេជ្ជបណ្ឌិតប្រធានក្រុមវះកាត់នេះនៅត្រូវប្រឈមមុខជាមួយបណ្តឹងរបស់អ្នកជំងឺចាស់មួយចំនួនទៀត ។
Windell Davis Boutte ជាវេជ្ជបណ្ឌិតវះកាត់កែសម្ផស្សម្នាក់នៅ Atlanta ពេលនេះកំពុងត្រូវប្រឈមមុខ ពុំត្រឹមតែបណ្តឹងជាច្រើននោះទេ ថែមទាំងព្រមទទួលនូវការជេរប្រទេចរិះគន់យ៉ាងខ្លាំងពីសារធារណៈមតិ ក្រោយពេលដែលខ្សែវីដេអូ ថតបានរូបភាព “សប្បាយៗ” អមដោយសកម្មភាពច្រៀងរាំនៅក្នុងបន្ទប់វះកាត់ខណៈពេលដែលអ្នកជំងឺកំពុងសន្លប់នៅលើគ្រែអ្នកជំងឺ ។
វេជ្ជបណ្ឌិត Windell Davis Boutte
វេជ្ជបណ្ឌិត Windell ជាអ្នកបង្កឲ្យកើតមានការស្លាប់ខួរក្បាលជារៀងរហូតរបស់អ្នកជំងឺម្នាក់ឈ្មោះ Icilma Cornelius កាលពីឆ្នាំ ២០១៦ ។
បុរសដែលជាកូនរបស់អ្នកស្រី Icilma ឈ្មោះ Ojay Liburd បានប្រាប់ស្ថានីយទូរទស្សន៍ WSB-TV Atlanta ថា ពុំបានអនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានវះកាត់ ជាហេតុធ្វើឲ្យម្តាយខ្លួនធ្លាក់ក្នុងស្ថានភាពលែងសង្គ្រោះបានតទៅទៀត ។
លោកOjay Liburd ជាកូនប្រុសរបស់អ្នកស្រីIcilma Cornelius
ជាក់ស្តែងក្នុងអំឡុងពេលវះកាត់អ្នកស្រី Icilma ត្រូវបានគេប្រើឱសថមួយប្រភេទដែលមានផ្ទុក Propofol និង fentanyl ដោយពុំបានដាក់បំពង់ជួយផ្លូវដង្ហើម និងថ្នាំសណ្តំ ។ ម្យ៉ាងទៀត ដោយពុំបានតាមដានម៉ត់ចត់ នូវប្រតិកម្ម ក្រោយពេលប្រើប្រាស់ឱសថ ធ្វើឲ្យក្នុងអំឡុងពេលវះកាត់អូសបន្លាយ ៨ម៉ោងនោះ បេះដូងអ្នកស្រី Icilma ពេលខ្លះបានឈប់លោតបង្កទៅជារបួសខួរក្បាលមិនអាចសង្គ្រោះបាន។
អ្នកស្រី Icilma ធ្លាក់ក្នុងស្ថានភាព “រុក្ខជាតិ”។ នៅលើគេហទំព័ររបស់ខ្លួនអ្នកស្រី Windell Davis Boutte ត្រូវបានឧទ្ទេសនាមថា “វេជ្ជបណ្ឌិតកែសម្ផស្សមានបទពិសោធន៍បំផុតនៅ Atlanta” ។
ប៉ុន្តែតាមរយៈឃ្លីបជាង ២០ ដែលបង្ហោះលើ Youtube បែរជាបញ្ជាក់ឲ្យឃើញថា វេជ្ជបណ្ឌិតនេះ ពុំមានសីលធម៌ វិជ្ជាជីវជាគ្រូពេទ្យសោះឡើយ ព្រោះតែខណៈពេលដែលអ្នកជំងឺសន្លប់ខ្លួនឯងគាត់និងអ្នកជំនួយការកាន់កាំបិតគ្រវីហើយច្រៀងរាំប្រឡែងជាមួយគ្នា ។
លើសពីនេះទៀតក្រោយការស៊ើបអង្កេតគេរកឃើញថា បុគ្គលិកជំនួយការរបស់គាត់មួយចំនួនពុំមានអាជ្ញាប័ណ្ណប្រកបរបរនេះ ។
គិតទៅមិនថា នៅទីណាទេ ក៏តែងមានក្រុមគ្រូពេទ្យដែលចាស់បុរាណពេលខឹងគាត់តែងហៅថា “ពួកប្រេត” ៕ ចន្ទ្រា