ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅវាយកម្ទេច លោកឧកញ៉ា សុខ ហេង បានសាងសង់របងថ្មមួយកន្លែងរំលោភយកចំណីផ្លូវសាធារណៈ មិនស្ដាប់តាមការណែនាំ និងការហាមឃាត់របស់អាជ្ញាធរសង្កាត់ និងខណ្ឌដែលបានចុះរារាំងមិនឲ្យសាងសង់ក្នុងពេលកន្លងមក។ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅតាមផ្លូវលេខ១០៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយលោក សេង គន្ធ អភិបាលរងខណ្ឌពោធិសែនជ័យ ។
ក្នុងនោះលោក សេង គន្ធ បានឲ្យដឹងថា របងថ្មដែលត្រូវវាយកម្ទេចចោលនាពេលនេះ មានទទឹងប្រវែង៦ម៉ែត្រ និងបណ្ដោយជាង៦៥ម៉ែត្រ កម្ពស់ជាង២ម៉ែត្រ ដែលលោកឧកញ៉ា សុខ ហេង បានរឹងទទឹងសាងសង់រំលោភយកចំណីផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងគ្មានការទទួលស្គាល់ និងឯកភាពពីសំណាក់អាជ្ញាធរ ខណ្ឌ សង្កាត់ និងភូមិឡើយ។លោកអភិបាលរងខណ្ឌរូបនេះ បានបន្តទៀតថា កំណាត់ផ្លូវខាងលើនេះ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ ឆ្ពោះកាន់ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ មានប្រវែងជាង២គីឡូម៉ែត្រ។ ហើយក៏ជាគម្រោងផ្លូវចាក់ក្រាលបេតុង ដែលឧបត្ថម្ភដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
គួរបញ្ជាក់ថា៖លោកឧកញ៉ា សុខ ហេង បានសាងសង់រំលោភយកទាំងកម្រោល ហើយអាជ្ញាធរបានចុះហាមឃាត់ តាំងពីពេលចាប់ផ្ដើមសាងសង់ដំបូងម្ល៉េះ ប៉ុន្តែមិនព្រមស្ដាប់រហូតសាលាខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងឲ្យរុះរើ ក៏មិនព្រមទៀត ទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌ បានប្រើវិធានការក្តៅ យកគ្រឿងចក្រទៅវាយកម្ទេចចោលតែម្ដង។ក្រៅពីនេះ ក៏នៅមានរោងដាក់កង់ម៉ូតូ១ខ្នង មានទទឹង៦ម៉ែត្រ និងបណ្ដោយជាង១០០ម៉ែត្រ ដែលរោងចក្រកាត់ដេរមួយបានសង់រំលោភយកដែរ ហើយពេលនេះ អាជ្ញាធរទុកពេលឲ្យ១៥ថ្ងៃ ដើម្បីរុះរើបើមិនដូច្នេះទេ នឹងត្រូវវាយកម្ទេចចោលតែម្ដង៕ ដោយ៖បញ្ញាស័ក្តិ