Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ គូស្វាមីភរិយា និងភាពជឿទុកចិត្តគ្នាទៅវិញទៅមក

spot_img

មនុស្សយើង បើគិតថានឹងចង់រស់នៅជាមួយគ្នាហើយ ត្រូវតែមានភាពជឿទុកចិត្តគ្នាទៅវិញទៅមក កុំមានការសង្ស័យ មិនទុកចិត្តគ្នាឱ្យសោះ ព្រោះការប្រយ័ត្ន និងការសង្ស័យនេះ អ្នកដែលគិតតែពីប្រយ័ត្ន និងសង្ស័យនេះ នឹងគ្មានសេចក្តីសុខឡើយ ព្រោះរវល់តែអង្គុយគិតថា តើពេលនេះស្វាមី(ឬភរិយា)របស់ខ្លួន កំពុងនៅកន្លែងណា? ធ្វើអី? ជាមួយអ្នកណាខ្លះ? ចំណែកអ្នកដែលត្រូវគេប្រយ័ត្ន និងសង្ស័យវិញនោះ ក៏មានអារម្មណ៍ធុញថប់ តានតឹង ទើសទាល់ ធ្វើអ្វីក៏មិនស្រួល ព្រោះខ្លាចត្រូវគេចោទប្រកាន់ ខ្លាចគេយល់ច្រឡំ ហើយទីបំផុត អ្នកដែលត្រូវគេសង្ស័យគ្រប់ពេលវេលានោះ ក៏នឹងមានអារម្មណ៍ថា មួម៉ៅ ធុញទ្រាន់ រំខាន ហើយសម្រាប់អ្នកខ្លះទៀត អាចនឹងធ្វើតាមគេចោទប្រកាន់នោះតែម្តង។ វាចូលទំនងដូចដែលពាក្យចាស់លោកថា សាច់មិនបានស៊ី យកឆ្អឹងមកព្យួរក ដល់អ៊ីចឹង ក៏យកសាច់មកស៊ី ឱ្យវាដឹងស-ខ្មៅតែម្តងទៅ ក៏មានដែរ។

ការដែលក្លាយជាគូគ្រងនឹងគ្នា គឺយើងបានជ្រើសរើសរួចហើយ ពិចារណារួចហើយ ហើយនៅពេលដែលយើងបានជ្រើសរើសយកហើយ បានគិតពិចារណារួចហើយ យើងគួរតែជឿទុកចិត្តលើគេ ហើយអ្វីដែលសំខាន់នោះ យើងខ្លួនឯង ក៏ត្រូវតែធ្វើខ្លួន ឱ្យគេជឿទុកចិត្តដែរ។ ជួនកាលការដែលយើងមិនបានទទួលនូវការជឿទុកចិត្ត វាអាចមិនមែនកើតមកពីខាងគេ (ស្វាមី ឬភរិយា) តែម្ខាងនោះទេ តែវាអាចកើតចេញពីខ្លួនយើងហ្នឹងឯង ដែលធ្វើខ្លួនមិនគួរឱ្យជឿទុកចិត្តកាលពីអតីតកាលកន្លងមក ទើបធ្វើឱ្យគេនៅតែប្រយ័ត្ន និងសង្ស័យលើយើងរហូតមក ហើយនៅពេលដែលវាទៅជាដូច្នេះ ទាំងរូបយើង និងរូបគេ នឹងគ្មានសេចក្តីសុខឡើយ។

ការដែលយើងស្រឡាញ់គ្នា គឺត្រូវតែមានភាពស្មោះស្ម័គ្រនឹងគ្នា និយាយតែការពិតជាមួយគ្នា កុំលាក់បាំង កុំកុហកគ្នា។ ការដែលមនុស្សយើងបានរួមរស់នៅជាមួយគ្នាហើយ បើនិយាយការពិត ៩រឿង តែជ្រុលកុហកតែ ១រឿងគត់ ហើយបើ ១រឿងនោះត្រូវគេចាប់បានផងនោះ យើងកុំទៅនឹកឆ្ងល់អី បើសិនគេចាប់ផ្តើមវិលត្រឡប់ទៅនឹកសង្ស័យរឿងទាំង៩ ដែលគេធ្លាប់ជឿយើងកាលពីមុននោះ។ ដូច្នេះបើសិនជាបានរស់នៅជាមួយគ្នាជាគូស្វាមីភរិយានឹងគ្នាហើយនោះ កុំកុហកគ្នាធ្វើអី មានអ្វី ក៏និយាយគ្នាល្អៗ មានអ្វី ក៏ពន្យល់ប្រាប់គ្នា មានភាពស្មោះត្រង់នឹងគ្នា ដើម្បីឱ្យទាំង ២នាក់បានសប្បាយចិត្ត និងជឿជាក់ថា គ្រប់ពាក្យសម្តីដែលបានឮចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់នោះ គឺជារឿងពិតទាំងអស់ មិនចាំបាច់មកអង្គុយពិចារណាថា រឿងណាពិត រឿងណាកុហកឡើយ៕

Romantic couple holding hands at the bar staring at each other’s eyes
spot_img
×