បើអ្នកតែងកើតមានអាការនឿយល្វើយរ៉ាំរ៉ៃញឹកញាប់ អ្នកអាចកើតសភាវ ប៊ើនអៅត៍ ស៊ីនដ្រូម (Burnout Syndrome) ឬសភាវនឿយហត់ខាងអារម្មណ៍ហើយ។ វាជាអាការដែលប្រទះឃើញញឹកញាប់នៅលើមនុស្សក្នុងវ័យធ្វើការងារ។ ដូច្នេះចូរសាកល្បងពិនិត្យមើលសញ្ញា ៣យ៉ាងតទៅនេះលមើល៍ បើសិនជាយើងកើតអាការនឿយហត់ញឹកញាប់។
ការងារសាងប្រាក់ចំណូល ដើម្បីស្ថិរភាពក្នុងជីវិត គឺជារឿងចាំបាច់សម្រាប់មនុស្សម្នាក់ៗ តែបើសិនខ្វះតុល្យភាពខាងរាងកាយក្នុងការធ្វើការងារ ច្បាស់ជាធ្វើឱ្យកើតសភាវនឿយហត់ខាងអារម្មណ៍មិនខាន ដូច្នេះហើយទើបថ្ងៃនេះ យើងសូមនាំយកព័ត៌មានរបស់វេជ្ជបណ្ឌិតជំនាញខាងចិត្តវិទ្យាដែលបានណែនាំអំពីវិធីសង្កេតមើលសភាវទាំងនោះដល់មនុស្សក្នុងវ័យធ្វើការងារទាំងឡាយ ដើម្បីឱ្យនាំគ្នាសង្កេតមើលអាការរបស់ខ្លួនឯង ដោយសភាវនឿយហត់ខាងអារម្មណ៍នេះ យើងអាចបែងចែកទៅតាមកម្រិតភាពធ្ងន់ធ្ងរ របស់អាការដូចខាងក្រោមនេះ…
កម្រិតចាប់ផ្តើម
-នឿយហត់ ល្វើយរ៉ាំរ៉ៃ មិនសូវមានកម្លាំងកំហែង ឆាប់ហត់ជាងធម្មតា អស់កម្លាំងល្វើយដោយគ្មានមូលហេតុពេលភ្ញាក់ពីដំណេក ឬគ្មានអាការឈឺថ្កាត់អ្វីទាំងអស់។
កម្រិតមធ្យម
-ភ្លេចភ្លាំង បើអ្នកមានអាយុតិចជាង ៥០ឆ្នាំ តែចាប់ផ្តើមភ្លេចភ្លាំងរឿងសំខាន់ៗផ្សេងៗ ដូចជា ភ្លេចកូនសោផ្ទះ ភ្លេចកាបូបលុយ ឬសូម្បីតែទូរស័ព្ទដៃក្ដី នេះគឺជារឿងខុសប្រក្រតីហើយ។
-មានអាការខាងរាងកាយ ដូចជា ឈឺដើមទ្រូង មានអារម្មណ៍ថា បេះដូងលោតខុសប្រក្រតី ដកដង្ហើមមិនស្រួល វិលមុខ ក្អួតចង្អោរ ឈឺក្បាល តែមិនអាចរកមូលហេតុឃើញ។
កម្រិតធ្ងន់ធ្ងរ
-ប្រព័ន្ធប្រឆាំងជំងឺចុះខ្សោយ បើលោកអ្នកមានអាការក្នុងកម្រិតចាប់ផ្តើម និងកម្រិតមធ្យមជាប់ៗគ្នា ១ខែ រាងកាយនឹងចាប់ផ្តើមតវ៉ា ដោយការបង្ហាញចេញខាងប្រព័ន្ធប្រឆាំងជំងឺ ដែលចុះខ្សោយ ដូចជា ឆាប់កើតជំងឺផ្តាសាយ និងបើសិនមានរបួសស្នាម វានឹងក្រជា ជាដើម។
-បង្ហាញច្បាស់ថា មានអារម្មណ៍បែបអវិជ្ជមានច្រើន មិនថាតែស្រងូតស្រងាត់ ចូលចិត្តនៅតែឯង ឆាប់មួម៉ៅ ឬចាប់ផ្តើមរកដំណោះស្រាយដោយការប្រើប្រាស់គ្រឿងញៀន មិនថាតែសុរា បារី ឬសារធាតុញៀនផ្សេងៗទៀត។
ដើម្បីកែបញ្ហានេះ អ្នកជំនាញប្រាប់ថា ចូរឧស្សាហ៍រៀបផែនការការធ្វើការងារ និងការរស់នៅឱ្យបានសមរម្យ ព្រោះវាអាចនឹងជួយកាត់បន្ថយសភាវនឿយហត់ខាងអារម្មណ៍បាន តែប៉ុណ្ណឹងសេចក្តីសុខ និងសុខភាពរឹងប៉ឹងខាងផ្លូវចិត្ត និងអារម្មណ៍ ក៏នឹងស្ថិតនៅជាមួយអ្នករហូតតទៅមិនខាន៕