Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើពេលណាដែលមិនគួរដុសធ្មេញ ព្រោះអាចធ្វើឱ្យធ្មេញ សឹកលឿនជាងប្រក្រតី

តើពេលណាដែលមិនគួរដុសធ្មេញ? គឺជាសំណួរមួយ ដែលមនុស្សជាច្រើនមិនសូវជាចាប់អារម្មណ៍ប៉ុន្មានឡើយ និងមើលរំលងយូរមកហើយ ឬសូម្បីតែការដុសធ្មេញដែលត្រឹមត្រូវតាមវិធី ក៏មនុស្សជាច្រើនអាចនៅមិនទាន់យល់បានច្បាស់ប៉ុន្មានដែរ ដូច្នេះហើយទើបធ្វើឱ្យកើតជាសំណួរមួយឡើងថា តើក្នុង ១ថ្ងៃ យើងគួរដុសធ្មេញប៉ុន្មានដងទើបល្អ ហើយមានអំឡុងពេលណាខ្លះ ដែលយើងមិនគួរដុសធ្មេញ?

  • ពេលណាដែលមិនគួរដុសធ្មេញ?
    ជាមូលដ្ឋាន យើងគួរដុសធ្មេញក្នុង ១ថ្ងៃ ២ដងយ៉ាងតិចបំផុត តែអ្នកខ្លះនៅលួចដុសធ្មេញច្រើនជាងនោះទៅទៀត ដោយគេតែងដុសធ្មេញក្រោយពេលបាយ ដើម្បីភាពស្អាតរបស់ប្រអប់មាត់ទៀតផង ដែលទង្វើនេះ វាមិនមែនជាវិធីដុសធ្មេញដែលត្រឹមត្រូវនោះទេ បើដូច្នេះយើងនាំគ្នាមកមើលថា តើពេលណាដែលយើងមិនគួរដុសធ្មេញ?
  • ដុសធ្មេញមុនទទួលទានអាហារ
    ក្នុងករណីនេះ មានន័យថា ដុសធ្មេញហើយទៅទទួលទានអាហារភ្លាមតែម្តង ដូចជា ក្រោយភ្ញាក់ពីដំណេក យើងគ្រប់គ្នានឹងងូតទឹកសម្អាតខ្លួនប្រាណ និងដុសធ្មេញ បន្ទាប់មកក៏ទៅទទួលទានអាហារពេលព្រឹកតែម្តង គឺចំណុចនេះឯងដែលគួរតែផ្លាស់ប្តូរ ដោយទន្តពេទ្យជំនាញ បានឱ្យហេតុផលអំពីរឿងនេះថា បើយើងទទួលទានអាហារ ឬញ៉ាំទឹកក្រោយពេលដុសធ្មេញហើយថ្មីៗ អាហារ និងភេសជ្ជៈដែលយើងញ៉ាំចូលទៅនោះ នឹងចូលទៅលាងជម្រះសារធាតុ “ភ្លូអ័ររ៉ាយ” ដែលស្រោបលើធ្មេញចេញអស់ ធ្វើឱ្យយើងបាត់បង់ឱកាស ដែលមានភ្លូអ័ររ៉ាយ នៅចាំការពារធ្មេញយើងអស់រលីង ហើយថែមទាំងប្រឈមនឹងជំងឺពុកធ្មេញខ្លាំងទៀតផង។
    តែ បើសិនជាមានអារម្មណ៍ថា មិនទម្លាប់ និងមិនសូវជាអូខេ ជាមួយនឹងការបៀមអាចម៍ធ្មេញក្រោយពេលភ្ញាក់ពីដំណេកនោះ យើងសូមណែនាំឱ្យខ្ពុរមាត់ដោយទឹកស្អាតប្រមាណជា ១-២កែវមុនសិន ក៏បានដែរ។ វិធីនេះអាចធ្វើឱ្យយើងមានអារម្មណ៍ថា សប្បាយចិត្តច្រើនឡើងបាន។
  • ដុសធ្មេញក្រោយទទួលទានអាហារហើយភ្លាម
    ដោយសារតែការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាម ជាពិសេសអាហារ ឬភេសជ្ជៈដែលមានជាតិអាស៊ីតខ្ពស់ ដូចជា ទឹកក្រូច ទឹកខ្មេះ ទឹកផ្លែឈើស៊ីត្រាស់ សូដា ជាដើមនោះ ភាពជាអាស៊ីតរបស់អាហារ នឹងធ្វើឱ្យសម្បកស្រោបធ្មេញរបស់យើងទន់ ហើយនៅពេលដុសធ្មេញ ក៏ស្មើនឹងការបើកឱកាសឱ្យធ្មេញ កាន់តែងាយឆាប់សឹកខ្លាំងឡើង។
    ដូច្នេះ ក្រោយពេលទទួលទានអាហាររួច មិនគួរដុសធ្មេញភ្លាមៗទេ តែគួរទុកឱ្យសារធាតុដែលមាននៅក្នុងទឹកមាត់ បានកាត់បន្ថយជាតិអាស៊ីតរបស់អាហារ ដែលបានញ៉ាំចូលទៅនោះប្រមាណជា ៣០-៦០នាទីជាមុនសិន បន្ទាប់ពីនោះ សឹមដុសសម្អាតធ្មេញប្រសើរជាង។
    តែយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលកើតជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរវិញ ទន្តពេទ្យអាចនឹងណែនាំឱ្យដុសធ្មេញញឹកញាប់ជាករណីពិសេស ដូច្នេះក៏គួរតែត្រូវដុសធ្មេញ ដោយក្តីប្រយ័ត្នប្រយែង ដោយប្រើច្រាសដែលមានសរសៃទន់ៗ ដើម្បីការពារការបំផ្លាញស្រទាប់ស្រោបធ្មេញ ពីសរសៃច្រាស់ដុសធ្មេញរឹងៗ។
  • ពេលវេលាដែលល្អបំផុតសម្រាប់ការដុសធ្មេញ
    អូខេ បានដឹងទាំងអស់គ្នារួចហើយថា យើងមិនគួរដុសធ្មេញនៅពេលណាខ្លះ បន្តទៅនេះ យើងនាំគ្នាមកពិសោធមើលថា តើដែលយើងនាំគ្នាដុសធ្មេញរាល់ថ្ងៃនេះ យើងបានធ្វើត្រូវចំពេលវេលាដែលល្អបំផុតដែរឬទេ?
    ជាប្រក្រតីទៅ ការដុសធ្មេញ ២ដងក្នុង ១ថ្ងៃ ព្រឹក-ល្ងាច គឺគ្រប់គ្រាន់ហើយសម្រាប់អ្នកដែលមានអញ្ចាញ និងធ្មេញល្អប្រក្រតី តែត្រូវអាស្រ័យលើជំនាញការដុសសម្អាត ដែលត្រឹមត្រូវ និងបានប្រើច្រាសដុសធ្មេញដែលល្អផងដែរ តែជាចម្បងវិញ អំឡុងពេលដែលល្អបំផុតរបស់ការដុសធ្មេញនោះគឺ…
  • ដុសធ្មេញមុនចូលគេង
    ក្នុងពេលដែលយើងគេងលក់ ក្រពេញទឹកមាត់របស់យើងនឹងបញ្ចេញទឹកមាត់មកតិច មានន័យថា ថាមពលក្នុងការលាងជម្រះជាតិអាស៊ីត និងអតិសុខុមប្រាណខាងក្នុងប្រអប់មាត់ ក៏នឹងថយចុះដែរ។ ជាប្រក្រតី យើងគេងលក់យ៉ាងតិចប្រមាណជា ៦-៨ម៉ោង ដូច្នេះបើបណ្តោយឱ្យមានកម្ទេចអាហារ នៅសេសសល់ក្នុងប្រអប់មាត់នោះ ឱកាសដែលកម្ទេចអាហារទាំងនោះ នឹងបង្កខ្លួនជាអតិសុខុមប្រាណ និងក្លាយជាមេរោគបាក់តេរី មកហក់លោតលេងនៅពាសពេញធ្មេញរបស់យើង ក៏នឹងយូរអង្វែងឡើង និងប្រឈមនឹងការពុកធ្មេញខ្លាំងឡើងតាមនោះដែរ។
    ដូច្នេះទើបការដុសធ្មេញមុនចូលគេង គឺជាការសម្អាតប្រអប់មាត់ឱ្យស្អាត ប្រាសចាកកម្ទេចអាហារដែលបង្កជាអតិសុខុមប្រាណ និងបាក់តេរី ជាពិសេសបើដុសធ្មេញដោយថ្នាំដុសធ្មេញដែលផ្សំ “ភ្លូអ័ររ៉ាយ” ផងនោះ សារធាតុភ្លូអ័ររ៉ាយនោះ នឹងមានពេលវេលាការពារធ្មេញ និងចាត់ការជាមួយអតិសុខុមប្រាណ ដែលនៅសេសសល់នោះបានកាន់តែយូរឡើងផងដែរ។
  • ដុសធ្មេញក្រោយពេលបាយព្រឹក ៣០-៤០នាទី
    ដូចដែលបានប្រាប់រួចហើយថា យើងមិនគួរដុសធ្មេញមុនទទួលទានអាហារនោះទេ ប៉ុន្តែគួរទទួលទានអាហារពេលព្រឹកឱ្យហើយជាមុន បន្ទាប់ពីនោះ ៣០ ឬ៤០នាទីតមកទៀត សឹមដុសធ្មេញ។ ទាំងអស់នេះ គឺដើម្បីឱ្យជាតិ “ភ្លូអ័ររ៉ាយ” ពីថ្នាំដុសធ្មេញដែលយើងប្រើនោះ បានការពារធ្មេញរបស់យើងបន្ថែមទៀត។ ក្រៅពីនេះ ការដុសធ្មេញក្រោយអាហារពេលព្រឹកកន្លងផុតទៅប្រហែល ៣០-៤០នាទីនោះ ថែមទាំងជាការសម្អាតប្រអប់មាត់ ឱ្យនៅសេសសល់កម្ទេចអាហារ តិចបំផុតទៀតផង។

យ៉ាងណាក៏ដោយ កុំភ្លេចថា គ្រប់ពេលដែលយើងដុសធ្មេញ គឺមានន័យស្មើនឹងស្រទាប់ស្រោបធ្មេញ កំពុងត្រូវបានខាំបំផ្លាញម្តងបន្តិចៗទោះជាមានសុខភាពធ្មេញរឹងមាំល្អក៏ដោយ។ ដូច្នេះក្រៅពីត្រូវដុសធ្មេញឱ្យត្រូវពេលវេលាហើយនោះ យើងក៏គួរតែដុសធ្មេញដោយច្រាសដុសធ្មេញដែលមានសរសៃទន់ៗ និងដុសសម្អាតធ្មេញឱ្យសព្វពេញក្នុងមាត់៕

Teenage girl rinsing her mouth with glass of water
73400763
Dental hygiene – man holding toothbrush with toothpaste in hand and brushing teeth
×