Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកទន្លេឡើងលិចផ្ទះប្រជាពលរដ្ឋ ៦២ខ្នង នៅឃុំផ្លូវទូកនៃខេត្តកំពង់ឆ្នាំង ធ្វើឱ្យគ្មានផ្ទះដេក

កំពង់ឆ្នាំង ៖ មន្ត្រីឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញថា ផ្ទះប្រជាពលរដ្ឋចំនួន ៦២ខ្នង ស្ថិតនៅភូមិពាមខ្នង ក្នុងឃុំផ្លូវទូក ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះខ្លះត្រូវលិចពាក់កណ្ដាល និងផ្ទះមួយចំនួនទៀតលិចពី ២ ទៅ ៤តឹក។

លោក ប៉ាត់ គន មេឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា ស្ថានភាពទឹកទន្លេឡើងលិចផ្ទះនេះ គឺប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានលើកធ្នើរក្នុងផ្ទះឲ្យផុតពីទឹក ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ស្ថានភាពទឹកទន្លេពេលនេះ នៅតែបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ ដូចនេះបើទឹកឡើងខ្លាំងទៀតនោះ ប្រជាពលរដ្ឋរងគ្រោះ អាចនឹងត្រូវជម្លៀសចេញទៅរកទីទួលសុវត្ថិភាព គឺវត្តថ្នល់ឈើទាល។

មេឃុំផ្លូវទូក រូបនេះ លើកឡើងថា ក្នុងនាមជាមន្ត្រីអាជ្ញាធរឃុំ ខ្ញុំសំណូមពរលោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្ត មេត្តាជួយមានវិធានការដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះផង។

ចំណែក លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានចាត់ លោក សាន់ យូ អភិបាលរងខេត្ត ចុះទៅពិនិត្យជាបន្ទាន់ហើយ ដើម្បីដោះស្រាយជាក់ស្ដែង គឺជួយសង្គ្រោះប្រជាពលរដ្ឋចេញពីហានិភ័យនៃគ្រោះថ្នាក់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×