Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន​គួរ​ចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​

ភ្នំពេញ​៖ នៅពេលដែល​ថ្នាក់ដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ជួបប្រជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៣១ ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន នា​សប្តាហ៍​នេះ ពួកគេ​ក៏​នឹង​អបអរសាទរ​ខួប​លើក​ទី ៥០ របស់​អាស៊ាន “ASEAN@50” ផងដែរ ដែល​នេះ​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​តស៊ូ​អំណត់ និង​ភាព​ស្ថិតស្ថេរ​របស់​អាស៊ាន ក្នុងនាម​ជា​សមាគម​តំបន់​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​ដំណើរការ​យូរ​ជាងគេ ក្នុង​ពិភពលោក​។ នេះ​បើតាម​ការអត្ថាធិប្បាយរ​បស់ លោក​Jay Menon គឺជា​សេដ្ឋវិទូ​ជាន់ខ្ពស់ ហើយ Anna Fink គឺជា​សេដ្ឋវិទូ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​របៀបវារៈ​ចម្បង​មួយ គឺ​សន្តិសុខ​តំបន់ និង​ការឆ្លើយតប​ចំពោះ​ការកើនឡើង​នៃ​ការវាយប្រហារ​ភេ​វរ​កម្ម​។ របៀបវារៈ​នេះ​នាំ​អាស៊ាន​ត្រលប់​ទៅកាន់​ឬ​ស​កែវ​របស់ខ្លួន ដែល​កាលពី​ដំបូង​សមាគម​នេះ​កើតឡើង​ក្នុង​ទម្រង់​ជា​កិច្ចព្រមព្រៀង​នយោបាយ​សន្តិសុខ ក្នុង​កំឡុង​សង្គ្រាម​វៀតណាម កាលពី​ឆ្នាំ ១៩៦៧​។

​ជាការ​ពិត តួនាទី​របស់​អាស៊ាន ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ីអាគ្នេយ៍ ជារឿយៗ ត្រូវបាន​គេ​ផ្តល់​តម្លៃ​ឱ្យទាប ប្រសិនបើ​មិនត្រូវ​បាន​គេ​មើលរំលង​នោះ​។ មូលហេតុ​ងាយ​នឹង​មើល ឃើញថា​ហេតុអ្វី​។ ពេល​មាន​សង្គ្រាម​កើតឡើង មាន​គេ​ដឹងឮ ប៉ុន្តែ​សន្តិភាព​វិញ​ងាយ​នឹង​គ្មាន​អ្នកណា​កត់សំគាល់​។ អាស៊ាន​សម​នឹង​ទទួលបាន​ការកោតសរសើ​រ​ចំពោះ​ការចូលរួមចំណែក​នាំឱ្យមាន​សុខសន្តិភាព​។ ទៅ​ថ្ងៃមុខ ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ប្រហែលជា​ពឹង​អាស្រ័យ​លើ​បដិវត្តន៍​មួយ​ប្រភេទ​ផ្សេងទៀត​។​

​កំណើន​បរិ​យា​ប័ន្ន ដែល​ជម្រុញ​ដោយ​នវានុវត្តន៍​ឯកសារ​សង្ខេប លទ្ធផល​សំខាន់ៗ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី ៤៩ របស់​អាស៊ាន កាលពី​ខែ កញ្ញា បាន​កត់សម្គាល់ថា ប្រធានបទ​ជា​អាទិភាព​សម្រាប់​កិច្ចប្រជុំ​កំពូល​ឆ្នាំនេះ​គឺ “​កំណើន​បរិ​យា​ប័ន្ន ដែល​ជម្រុញ​ដោយ​នវានុវត្តន៍​”​។ កំណើន​នេះ​ត្រូវ​គាំទ្រ​ដោយ​វិធានការ​ជា​យុទ្ធសាស្ត្រ​ចំនួន​បី​គឺ ការ​ជម្រុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ ការធ្វើសមាហរណកម្ម​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ទៅក្នុង​សង្វាក់​តម្លៃ​សកល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ប្រើប្រាស់​នវានុវត្តន៍​ជា​កម្លាំងចលករ​ជម្រុញ។​

​ភាពយឺតយ៉ាវ​នៃ​កំណើន​ពាណិជ្ជកម្ម ហាក់បីដូចជា​ឈានដល់​កម្រិត​ទាប​បំផុត ហើយ​មាន​សញ្ញា​ដំបូងៗ​ដែល​បង្ហាញថា ការវិនិយោគ​ឯកជន​ក្នុងស្រុក និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស កំពុង​ងើបឡើង​វិញ នៅតាម​ប្រទេស​នានា ដូចជា ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ជាដើម និង​បន្ត​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅតាម​ប្រទេស ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេមេគង្គ​។ ដើម្បីឱ្យ​កំណើន​នេះ​នៅតែ​បន្ត​និរន្តរភាព​ទៅមុខទៀត កំណែទម្រង់​ចាំបាច់​ត្រូវតែ​បន្ត​មាន​។ សមិទ្ធផល​ដែល​សម្រេចបាន​ជុំវិញ​ការធ្វើ​សេរីភាវូបនីយកម្ម​អត្រាពន្ធគយ ត្រូវបាន​កាត់កង​មួយផ្នែក​ដោយ​ការកើនឡើង​នូវ​វិធានការ​មិនមែន​ពន្ធគយ ដែល​តាម​ពិតជា​របាំង​ពាណិជ្ជកម្ម​កាន់តែ​ធំ​ជាង​មុន​ទៅវិញ​ទេ​។​

​ការវិនិយោគ​ឆ្លងដែន ពាក់ព័ន្ធ​នឹង​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម បានបង្ហាញ​ឱ្យឃើញ​ពី​និន្នាការ​កើនឡើង​ថ្មីៗ​យ៉ាងខ្លាំង រហូតដល់​ថ្នាក់ របាយការណ៍​វិនិយោគ​របស់​អាស៊ាន យកទៅ​ធ្វើជា​ប្រធានបទ​។ បន្ថែម​ពីលើ​នេះ សេដ្ឋកិច្ច ដែល​ជម្រុញ​ដោយ​នវានុវត្តន៍​បែបនេះ ចាំបាច់​ត្រូវ​ឆ្លើយតប​ផងដែរ​ចំពោះ​បញ្ហា​ប្រឈម និង​កាលានុវត្តភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន (​ហៅ​កាត់​ថា 4IR)​។​

​យុទ្ធសាស្ត្រ​ទាំងបី​នេះ​សុទ្ធ​តែមាន​ភាព​ប្រទាក់ក្រឡា​ជាមួយគ្នា ជាពិសេស យុទ្ធសាស្ត្រ​ពីរ​ចុងក្រោយ ដូចដែល​ត្រូវបាន​លើក​យកមក​ពិភាក្សា​ក្នុង​របាយការណ៍​មួយ​ដែល​រៀបចំ​រួមគ្នា ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​ចំណងជើង​ថា តើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន មានន័យ​យ៉ាងដូចម្តេច​ចំពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​របស់​អាស៊ាន​? ដែល​នឹងត្រូវ​បង្ហាញ​ទៅកាន់​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុង​កិច្ចប្រជុំ​កំពូល​នាពេល​ខាងមុខនេះ​។

​របាយការណ៍​នេះ​កត់សម្គាល់​ពី​ការត្រៀម​រៀបចំខ្លួន​ក្នុង​កម្រិត​ខុសៗ​គ្នា​របស់​ប្រទេស​ជា​សមាជិក ពោលគឺ​នៅពេល​កម្រិត​នៃ​ការអភិវឌ្ឍ​កាន់តែ​ខ្ពស់ ប្រទេស​កាន់តែ​ត្រៀម​រៀបចំខ្លួន​បាន​កាន់តែ​ល្អ ដែល​កត្តា​នេះ​អាចធ្វើឱ្យ​គម្លាត​នៃ​ការអភិវឌ្ឍ​រវាង​ប្រទេស​ទាំងនេះ​កាន់តែ​រីក​ធំ ជាជាង​រួម​តូច ប្រសិនបើ​មិនត្រូវ​បាន​ឆ្លើយតប​ទេនោះ​។

​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន នាំមក​នូវ​បញ្ហា​ប្រឈម​ផង និង​កាលានុវត្តភាព​ផង បញ្ហា​ប្រឈម​មួយ ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​គឺ​ការបាត់បង់​ការងារ ដែល​បង្កឡើង​ដោយ​ការធ្វើ​ស្វ័យប្រវត្តិកម្ម និង​ភាព​កាន់តែ​ទំនើប​ជឿនលឿន​នៃ​បច្ចេកវិទ្យា​មនុស្ស​យន្ត និង​បញ្ញា​សិប្បនិម្មិត (artificial intelligence)​។ ការបាត់បង់​ការងារ​នឹង​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​មួយចំនួន ជាង​ប្រទេស​ផ្សេងទៀត​។ ការងារ​ដដែលៗ ដែល​ប្រើ​ជំនាញ​កម្រិត​ទាប (​ដូចជា កម្មករ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ផ្នែក​បង្គុំ ជាដើម​) គឺជា​អ្នក​ដែល​ងាយ​ប្រឈម​នឹង​ហានិភ័យ​បែបនេះ​ជាងគេ ប៉ុន្តែ​ការងារ​ផ្តល់​សេវា ក៏​កាន់តែ​ទទួលរង​ការគំរាមកំហែង​ផងដែរ (​ដូចជានៅពេលដែល​ដំណើរការ​ធុរកិច្ច​មួយចំនួន​ត្រូវបាន​ក្រុមហ៊ុន​ជួល​ឱ្យ​អ្នក​ខាងក្រៅ​ធ្វើ​ជំនួស​វិញ​)​។

​ជាការ​ឆ្លើយតប​បន្ទាន់ ការផ្តល់​លទ្ធភាព​ឱ្យ​កម្មករ​គ្មាន​ជំនាញ​អាច​បង្កើន​កម្រិត​ជំនាញ​របស់ខ្លួន នឹង​ជួយ​ទប់​ទល់នឹង​បញ្ហា​គ្មាន​ការងារ​ធ្វើ​នៅតាម​ប្រទេស​បញ្ជូន​ពលករ ក៏​ដូច​ជា​ជួយ​ធ្វើឱ្យ​កំណើន​ដែល​សម្រេចបាន​ក្នុងប្រទេស​ទទួល​ពលក​រប​ន្ត​និរន្តរភាព​ទៅមុខទៀត ហើយ​ក្នុងពេល​ជាមួយគ្នា អាចជួយ​កាត់បន្ថយ​បញ្ហា​វិសមភាព​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​មានការ​កើនឡើង​រវាង​តំបន់​មួយ និង​តំបន់​មួយទៀត​ក្នុង​ប្រទេសមួយ និង​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​។​

​ក្នុង​រយៈពេល​មធ្យម ឧស្សាហកម្ម​ថ្មីៗ​នឹងមាន​ការកើនឡើង ដូច្នេះ ពលករ​ត្រូវការ​ជំនាញ​ថ្មីៗ​បន្ថែមទៀត​។ ការវិនិយោគ​លើ​ការបង្កើន​ធនធានមនុស្ស ត្រូវតែ​ចាប់ផ្តើម​ពី​ពេលនេះ​តទៅ​។ ជំនាញ​ដែល​ត្រូវការ​ជា​ចាំបាច់ គឺ​លើសពី​សមត្ថភាព​បច្ចេកទេស ដូចជា សមត្ថភាព​ច្នៃប្រឌិត និង​ការដោះស្រាយ​បញ្ហា​ដោយ​ច្នៃប្រឌិត​ថ្មី​ជាដើម​។ លើសពីនេះ ការផ្លាស់ប្តូរ​ក្នុង​ល្បឿន​លឿន​បែបនេះ​តម្រូវឱ្យមាន​ការផ្តល់​ការបណ្តុះបណ្តាល និង​ឱកាស​រៀនសូត្រ​ពេញ​មួយជីវិត​ដល់​មនុស្សពេញវ័យ ពោលគឺ​មិន​ត្រឹមតែ​ជាការ​អប់រំ​ក្នុង​វ័យ​ដំបូងៗ​នៃ​ជីវិត​ប៉ុណ្ណោះ​ទេ​។ លើសពីនេះ កិច្ច​ព្រម​ព្រៀម​ទទួលស្គាល់​ទៅវិញទៅមក​ត្រូវតែ​ពង្រីក​បន្ថែម ដើម្បី​គ្របដណ្តប់​លើ​មុខរបរ​ថ្មីៗ ហើយ​ក្នុងពេល​ជាមួយគ្នា ចាំបាច់​ត្រូវតែមាន​ការធ្វើ​សុ​ខុ​ដុម​នីយកម្ម និង​សាមញ្ញ​កម្ម​ទិដ្ឋាការ​ការងារ​។​

​ការធ្វើសមាហរណកម្ម​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ទៅក្នុង​សង្វាក់​តម្លៃ​សកល​កាលានុវត្តភាព​មួយ ក្នុងចំណោម​កាលានុវត្តភាព​ធំៗ ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ គឺ​សក្តានុពល​នៃ “​បច្ចេកវិទ្យា​ថ្មីស្រឡាង​ដែល​រំខាន​ដល់​អ្វីដែល​កំពុង​វិវឌ្ឍន៍​នាពេល​បច្ចុប្បន្ននេះ (disruptive technologies)” ក្នុង​ការផ្តល់អំណាច​ដ​ល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម នេះ​បើតាម​ការលើកឡើង​ក្នុង​របាយការណ៍​នេះ​។ សហគ្រាស​ជាង ៩០% នៅ​អាស៊ាន គឺជា​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ហើយ​សហគ្រាស​ទាំងនេះ​ក៏​ជា​អ្នកផ្តល់​ការងារ​ភាគច្រើន ក្នុង​រដ្ឋ​ជា​សមាជិក​ផងដែរ​។

​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ជារឿយៗ ជួបនឹង​ឧបសគ្គ ដោយសារតែ​សហគ្រាស​ទាំងនោះ​ខ្វះ​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ធុរកិច្ច និង​សេវា​ហិរញ្ញវត្ថុ​។ បច្ចេកវិទ្យា blockchain មាន​សក្តានុពល​ធ្វើឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ភស្តុភារ​ឆ្លងដែន​កាន់​តែមាន​សន្តិសុខ​ជាង​មុន សូម្បីតែ​ក្នុងប្រទេស​ដែល​សេវា​ទាំងនេះ​មិនទាន់មាន​ការអភិវឌ្ឍ​ពេញលេញ​យ៉ាងណាក៏ដោយ​។
​បច្ចេកវិទ្យា​នេះ​អាច​ផ្តល់​ប្រយោជន៍​ដល់​ក្រុមហ៊ុន​តូចៗ​ជាងគេ ក្នុងប្រទេស​ក្រីក្រ​ជាងគេ របស់​អាស៊ាន​។​

​ការលេចចេញ​រូបរាង​នៃ​ទីផ្សារ​អន​ឡាញ ក៏​ជា​មូលដ្ឋាន ដើម្បីឱ្យ​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ទទួលបាន​ចំណែក​ទីផ្សារ​ក្នុង​តំបន់ និង​ក្នុង​សកលលោក​ផងដែរ​។

​ដូច្នេះ បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន ផ្តល់នូវ​កាលានុវត្តភាព​ឱ្យ​អាស៊ាន​អាចបំពេញ​គោលដៅ​បង្កើន​បរិ​យា​ប័ន្ន​របស់ខ្លួន តាមរយៈ​ការធ្វើសមាហរណកម្ម​ស​ហ​គ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម ទៅក្នុង​សង្វាក់​តម្លៃ​សកល​។ ប៉ុន្តែ បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​ក៏​ទាមទារ​ឱ្យ​តំបន់​នេះ​ត្រូវ វិនិយោគ​លើ​ធនធានមនុស្ស ដើម្បី​បន្ត​ទាក់ទាញ​ពាណិជ្ជកម្ម និង​ការវិនិយោគ និង​ដើម្បី​បង្កលក្ខណៈ​ឱ្យ​នវានុវត្តន៍​ក្លាយជា​កម្លាំងចលករ​ជម្រុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​។

​ដោយសារតែ​បច្ចេកវិទ្យា​ថ្មីៗ​ទាំងនេះ​មាន​ឥទ្ធិពល​មិន​ស្មើគ្នា​ក្នុង​តំបន់ ការលើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​ត្រូវតែ​ជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ ដើម្បី​រក្សាសុខ​សន្តិភាព​ក្នុង​តំបន់​នេះ​។ កំណើន​វិសមភាព​សេដ្ឋកិច្ច អាចរួមចំណែក​នាំឱ្យមាន​កោលាហល​ក្នុងសង្គម និង​អស្ថិរភាព​នយោបាយ​យ៉ាង​ឆាប់រហ័ស​។

​ការទទួលយក​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី​បួន និង​កំណើន​បរិ​យា​ប័ន្ន​ដែល​ជម្រុញ​ដោយ​នវានុវត្តន៍ មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​ធានាបាន​នូវ​សន្តិភាព​រយៈពេល ៥០ ឆ្នាំ​ទៀត នៅ​អាស៊ាន​៕ ដោយ​៖​កូ​ឡាប​

 

 

×