Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖…កូនតូចមានសភាវស្លេកស្លាំង តើសង្កេតយ៉ាងណា?

សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ ដែលបង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយ ដោយស្បែក ឬសាច់ភ្នាសក្នុងរាងកាយ មានពណ៌ស្លេក អាចកើតឡើងបានទូទាំងរាងកាយ ឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះ នឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗ យឺតយ៉ាវទៀតផង។ ដូច្នេះឪពុកម្ដាយ ចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ ថែទាំ និងព្យាបាលដូចតទៅ…

កូនតូចស្លេកស្លាំង ធ្វើម្ដេចទើបឪពុកម្ដាយដឹងបានទៅ?

ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេ? អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតឃើញថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសពីពណ៌ស្បែកប្រក្រតី។ អាចសង្កេតឃើញនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខ អាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាល អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?
បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអ៊ីន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាង ក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។
កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?

បើឪពុកម្ដាយរកឃើញថា កូនតូចកើតជំងឺស្លេកស្លាំង ឬមានអាការប្រឈមនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះ បើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហ្ស៊ែនពីគ្រាប់ឈាមក្រហមតិចតួច ឬមិនគ្រប់គ្រាន់ បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹង យឺតជាងក្មេងក្នុងវ័យដូចគ្នា។ ដោយសារតែសភាវស្លេកស្លាំង ធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ ងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?
ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូន ដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់ ៥ប្រភេទក្រុមឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងរឿងសំខាន់មួយទៀត គឺត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់ នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

សភាវស្លេកស្លាំងលើកុមារតូច ជារឿងគួរឱ្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ ៥ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែក ដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងទឹកដោះ ជាដើម។ ចំពោះទារកទើបនឹងកើត បានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបាន ដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូច ពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

×