Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ មិនញ៉ាំស្រា ឬប៊ីយែសោះ និងញ៉ាំតិចតួច តើមួយណាល្អចំពោះសុខភាពខ្លាំងជាង?

ជាតិអាល់កុលដែលមាននៅក្នុងស្រាគ្រប់ប្រភេទ រួមទាំងប៊ីយែ និងគ្រឿងស្រវឹងផ្សេងៗទៀត ទោះជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ ប្រាប់ថា ការក្រេបភេសជ្ជៈទាំងនោះបន្តិចបន្តួច នឹងហុចផលល្អដល់សុខភាពមែនក្ដី តែ ចុះបើប្រៀបធៀបនឹងការមិនញ៉ាំគ្រឿងស្រវឹងសោះនោះ តើមួយណានឹងហុចផលល្អដល់រាងកាយខ្លាំងជាងគ្នា?

អ្នកជំនាញបានបញ្ជាក់ថា សម្ព័ន្ធភាពរវាងសុខភាពរបស់មនុស្សជាមួយជាតិអាល់កុល ឬគ្រឿងស្រវឹង ជាសម្ព័ន្ធភាពមួយ ដែលហាក់ដូចជាមានភាពស្មុគស្មាញ ទោះជាមានរបាយការណ៍ពីការសិក្សាស្រាវជ្រាវជាច្រើនបានពិសោធថា ជាតិអាល់កុលក្នុងបរិមាណតិចតួច ឬក្នុងបរិមាណដែលល្មមសមរម្យ អាចក្លាយជាប្រយោជន៍ដល់រាងកាយក៏ដោយ តែបើយើងមិនបានដឹងពីបរិមាណដែលល្មមសមរម្យនោះថា វាប៉ុនណា ហើយចេះតែញ៉ាំច្រើនជ្រុលពេក ប្រាកដណាស់ វាច្បាស់ជាហុចផលអាក្រក់ដល់រាងកាយយ៉ាងពិតប្រាកដ។ ដូច្នេះទើបចំណុចសំខាន់ ស្ថិតត្រង់បរិមាណដែលសមល្មមចំពោះរាងកាយនោះ តើវាស្ថិតក្នុងកម្រិតណា? និងបើប្រៀបធៀបប្រយោជន៍ដែលបានទទួល ជាមួយនឹងការដែលយើងមិនញ៉ាំជាតិអាល់កុលសោះ តើបែបណាល្អចំពោះរាងកាយខ្លាំងជាងគ្នា?

លទ្ធផលនៃការសិក្សាស្រាវជ្រាវកាលពីខែមិថុនា ឆ្នាំ2018 ដែលបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ ភី អិល អូ អេស មេឌីស៊ីន (PLOS Medicine) បានរកឃើញថា សម្រាប់មនុស្សធំ វ័យពាក់កណ្ដាលមនុស្សឡើងទៅ ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច ប្រមាណជា ១-៤កែវ ក្នុង ១សប្ដាហ៍ មានភាពពាក់ព័ន្ធនឹងការប្រឈមនឹងការស្លាប់ដោយជំងឺផ្សេងៗ តិចជាងអ្នកដែលមិនញ៉ាំជាតិអាល់កុលសោះ។

ក្នុងខែសីហា ឆ្នាំ2018 ដដែល មានរបាយការណ៍ពីការសិក្សាស្រាវជ្រាវ២ ដែលទី១ បានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ ដឹ លែនសិត (The Lancet) និងការងារសិក្សាស្រាវជ្រាវទី២ មានការពិនិត្យរបាយការណ៍ព័ត៌មានជាច្រើនរយព័ត៌មាន និងរួបរួមព័ត៌មានផ្សេងៗមកវិភាគរួមគ្នា ទាំងចំនួនលក់ភេសជ្ជៈដែលមានជាតិអាល់កុល ការញ៉ាំភេសជ្ជៈស្រវឹង នៅក្នុងទីតាំងចំនួន 195កន្លែង បានរកឃើញថា ជាតិអាល់កុលអាចហុចផលប៉ះពាល់ដល់សុខភាពរាងកាយជារួមបាន មានតាំងពីជំងឺបេះដូង មហារីក ជំងឺឆ្លងមេរោគ ឧប្បត្តិហេតុចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ដូច្នេះហើយ ទើបយើងមកដល់ចំណុចសរុបមួយដែលថា ការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលសោះ នឹងមានផលល្អចំពោះរាងកាយច្រើនជាង ដោយសារមកពី…

១-ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល គឺជាមូលហេតុលំដាប់ទី៧ នៃការស្លាប់ និងពិការ

២-ភេសជ្ជៈដែលមានជាតិអាល់កុល ជាមូលហេតុចម្បងនៃការស្លាប់ និងពិការរបស់មនុស្សទូទាំងពិភពលោក ដែលមានអាយុចន្លោះ ១៥-៤៩ឆ្នាំ ដែលមានដូចជា គ្រោះថ្នាក់ចរាចរណ៍ ការរងរបួសពីការធ្វើបាបលើរូបរាងកាយ ហើយភាពប្រឈមក្នុងការស្លាប់ នឹងកើនឡើងច្រើន បើមានជាតិអាល់កុលមកពាក់ព័ន្ធ។

៣-ជាទូទៅ សុខភាពរបស់រាងកាយនឹងកាន់តែអាក្រក់ទៅ បើរកឃើញថា មានការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជាប្រចាំ។ យ៉ាងណាក៏ដោយ ទោះជាមានរបាយការណ៍រកឃើញថា ការញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលបន្តិចបន្តួច ឬតិចជាង ១កែវក្នុង ១ថ្ងៃ អាចកាត់បន្ថយភាពប្រឈមក្នុងការកើតរោគផ្សេងៗបានក្ដី តែវិធីដែលមានសុវត្ថិភាព និងល្អចំពោះរាងកាយខ្លាំងបំផុត គឺការមិនញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល សោះតែម្ដង ប្រសើរជាង។

តើយើងគួរឈប់ញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលជានិរន្តរ៍តែម្ដង ល្អដែរឬទេ?

នៅពេលដែលយើងបានដឹងច្បាស់ហើយថា ការញ៉ាំភេសជ្ជៈមានជាតិអាល់កុល ហុចផលអាក្រក់ ច្រើនជាងផលល្អ ហើយការចៀសវាងពីភេសជ្ជៈមានជាតិអាល់កុលយ៉ាង ១០០% ក៏មើលទៅជាជម្រើសដ៏ល្អមួយក៏ដោយ តែនៅក្នុងសង្គមខ្លះ ភេសជ្ជៈមានជាតិអាល់កុល គឺជាផ្នែកមួយនៃជីវិតរបស់ពួកគេទាំងនោះ យ៉ាងមិនអាចចៀសវាងបាន។ ការគ្រប់គ្រងបរិមាណក្នុងការញ៉ាំគ្រឿងស្រវឹង និងការប្រយ័ត្នប្រយែងខ្លួន មិនឱ្យទៅសាងរឿងរ៉ាវដល់អ្នកដទៃ គួរតែជាជម្រើសមួយដែលល្អបំផុត ដូចជា ជ្រើសរើសញ៉ាំតែនៅក្នុងឱកាសខ្លះ ញ៉ាំក្នុងបរិមាណតិចតួច មិនបណ្ដោយខ្លួនឱ្យស្រវឹងរហូតបាត់បង់ស្មារតី ឬមិនញ៉ាំរហូតដល់ញៀនជាទម្លាប់ ឬទៅបង្ករឿងរ៉ាវជាមួយអ្នកដទៃ រួមទាំងគ្មានបញ្ហាសុខភាពអ្វីឱ្យត្រូវកង្វល់ផងដែរ។ បើសិនជាប្រតិបត្តិតាមហ្នឹងបាន លោកអ្នកនៅអាចញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលតទៅទៀតបាន។

…តែកុំភ្លេចថា ពេលស្រវឹង ចូរកុំបើកបរ ព្រោះក្រៅពីខុសច្បាប់ហើយ នៅអាចជួបនឹងគ្រោះថ្នាក់ចរាចរណ៍រហូតធ្វើឱ្យរូបយើង ឬអ្នកដទៃស្លាប់បាត់បង់ជីវិតទៀតផង។ បើចង់ញ៉ាំ ត្រូវតែមានសតិស្មារតីជាប់ជានិច្ច៕

×