Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរត្រូវស្វែងយល់ឲ្យបានច្រើនលើផ្លូវល្បឿនលឿន ខណៈថ្ងៃដំបូងនៃការប្រើប្រាស់ផ្លូវនេះ មានរថយន្តជិត១០.០០០គ្រឿង

spot_img

ភ្នំពេញ ៖ អរុណោទ័យរំកិលមណ្ឌលឡើងផុតព្រឹក្សព្រៃ ជះរស្មីចិញ្ចាចលើផ្ទៃប្រទេសកម្ពុជា មនុស្សម្នាទាំងឡាយ ដែលភាគច្រើនជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តផ្សេងៗនៅភាគខាងលិចប្រទេស ចិញ្ចឹមចិត្តចង់សាកល្បង លើកម្រាលផ្លូវក្រាលកៅស៊ូដ៏រលើបរលោងថ្មី នាថ្ងៃដំបូង គឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ហើយបើគិតពីចាប់ម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២ មានយានយន្តចំនួន ៨.៩២៧គ្រឿង បានវិលកង់ប្រលែងលេងលើកម្រាលថ្នល់កៅស៊ូនៃផ្លូវល្បឿនលឿននេះ ដោយចេញ-ចូលតាមបញ្ជរបង់ប្រាក់ ឬច្រកទាំង០៨ទីតាំង។

បើតាមរបាយការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ត ធ្វើដំណើរលើផ្លូវនេះ មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស បានយកឱកាសនេះដឹកជញ្ជូនទំនិញរបស់ខ្លួន លើផ្លូវល្បឿនលឿនងាយស្រួលនេះផងដែរ, ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺពិតជាខែ្សបន្ទាត់ទេសចរណ៍ និងសេដ្ឋកិច្ចដ៏មានសក្តានុពលសម្រាប់កម្ពុជា។

គេកត់សម្គាល់ឃើញថា ក្នុងចំណោមយានយន្តជិត ១០. ០០០គ្រឿងនេះ ក៏មានករណីម្ចាស់រថយន្តត្រូវការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ មានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ទូរស័ព្ទ ១៣៩៩ ហើយក្រុមការងារប្រឹក្សាយោបល់ បានណែនាំ និងបង្ហាញលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរទាំងនោះ។

ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់លោក-អ្នកប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ រយៈពេល ០១ខែ, ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ០៧៖០០នាទីព្រឹកតទៅ, ហើយចាប់ផ្ដើមគិតលុយ ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ គិតជាគីឡូម៉ែត្រ ប្រហាក់ប្រហែល ទៅ ១២ដុល្លារ មកវិញ ១២ដុល្លារ។

ផ្លូវល្បឿនលឿននេះ អាចធ្វើដំណើរក្នុងល្បឿន ចាប់ពី ៦០គីឡូម៉ែត្រ/ម៉ោង ឡើងទៅ និងមាន ៨ច្រក ចេញ-ចូល ÷

១. ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣,

២. ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦,

៣. ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣,

៤. ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦

៥. ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤,

៦. ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥,

៧. ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២,

៨. ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២,៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×