Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើស្រា និងបារី មួយណាហុចគុណវិបត្តិដល់មនុស្សខ្លាំងជាង?

ស្រា និងបារី តើ ១ណា ផ្ដល់គុណវិបត្តិដល់មនុស្សខ្លាំងជាង?

បើឱ្យអង្គុយប្រកែកគ្នាម្នាក់ ១ចំណុច ប្រហែលជាប្រកែកមិនចប់ឡើយ ព្រោះវាជាប្រធានបទ ដែលបើសិនយើងទៅសួរអ្នកដែលជក់បារី៖ ប្រាកដណាស់ ញ៉ាំស្រាត្រូវតែផ្ដល់ផលអាក្រក់ខ្លាំងជាងមិនខាន ទាំងស្រវឹងអួទីនួ ញ៉ាំច្រើន ថ្លើមនឹងក្រិន ថែមទាំងអាចជួបគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ដល់ទៅសួរអ្នកដែលញ៉ាំស្រា ប្រាកដណាស់ បារីត្រូវតែគ្រោះថ្នាក់ជាង ព្រោះវានឹងបំផ្លាញទាំងខ្លួនឯង ប្រថុយនឹងការកើតសភាវមហារីកសួត និងថែមទាំងសាងជាតិពុលខាងខ្យល់អាកាសដល់មនុស្សជុំវិញខ្លួនទៀតផង…ប្រកែកគ្នាមិនចប់ឡើយ។
គិតទៅគិតមក ស្រា និងបារី គឺជាសារធាតុញៀនដូចគ្នាទាំង២ តែញៀនម្នាក់ ១បែប និងញៀនម្នាក់ ១កម្រិត។ អ្នកខ្លះ ញ៉ាំស្រាតែនៅពេលជប់លៀងកម្សាន្តសប្បាយ ឬពេលចូលរួមបុណ្យទានផ្សេងៗប៉ុណ្ណោះ តែអ្នកខ្លះញៀន រហូតដល់ថ្នាក់ត្រូវញ៉ាំរាល់ថ្ងៃ។ ឯអ្នកដែលញៀនបារី ក៏ដូចគ្នាដែរ អ្នកខ្លះជក់តែពេលណាមានអារម្មណ៍តានតឹង ឬពេលជួបជុំមិត្តភក្តិប៉ុណ្ណោះ តែក៏មានអ្នក ដែលត្រូវតែជក់រៀងរាល់ថ្ងៃ ១ថ្ងៃៗច្រើនដើម ព្រោះតែញៀនដែរ។

បើសួរពីគុណវិបត្តិរបស់ទាំងបារី និងស្រា(ជាតិអាល់កុល) ក៏សូមប្រាប់ថា ទាំង ២យ៉ាងនេះ ផ្ដល់ និងសន្សំគុណវិបត្តិនៅក្នុងខ្លួន បែប “សន្សឹមៗ ម្ដងបន្តិចៗ” ដូចគ្នា រង់ចាំថ្ងៃផ្ទុះឡើងនៅក្នុងខ្លួន ពេលវាប្រមូលសន្សំច្រើន ឡើងដល់ចំណុចមួយ។

អ្នកផឹកតែងតែបានឮថា ញ៉ាំស្រាធ្វើឱ្យកើតរោគក្រិនថ្លើម តែវាមិនមែនមានតែប៉ុណ្ណឹងទេ វានៅមានឱកាសកើតជំងឺពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ សរសៃឈាម និងបេះដូង មហារីក និងជំងឺជាច្រើន រាប់សិបមុខទៀតយ៉ាងសន្ធឹកសន្ធាប់ រួមទាំងស្រានៅធ្វើឱ្យមនុស្សបាត់បង់សតិស្មារតី រហូតដល់អាចកើតបញ្ហា និងរងគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតទៀតផង។

ស្ថិតិក៏មានឱ្យយើងឃើញ កើនឡើងរាល់ឆ្នាំ ជាមួយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលបណ្ដាលមកពីការស្រវឹង ហើយបើកបរ។ បើមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០០នាក់ ក្នុងនោះមានមូលហេតុមកពីការផឹកស្រាស្រវឹង ៥០នាក់បាត់ទៅហើយ និងថែមទាំងស្រវឹងខ្លាំង រហូតមានការឈ្លោះទាស់ទែង ដល់ថ្នាក់កាប់សម្លាប់គ្នាបានទៀតផង។

ហើយបើអ៊ីចឹង តើស្រានៅតែជាអ្វី ដែលយើងគួរតែញ៉ាំទៀតឬយ៉ាងណា?

ចំណែកបារីវិញ ជក់ម្នាក់ឯងមែន តែអូសអ្នកដទៃឱ្យស្លាប់ជាមួយដែរ…
វាហាក់ដូចជាកម្មវិធីប្រូម៉ូស្សឹន ចែក និងថែមរង្វាន់ ដែលយើងមិនចង់បានអ៊ីចឹង។ ពេលជក់បារី ដូចដែលយើងតែងឃើញស្រាប់ហើយថា អ្វីដែលផ្លុំចេញមក តាំងពីពេលចាប់ផ្ដើមអុចនោះ គឺជាផ្សែងពុល ដែលហុយសាយភាយពេញអាកាស អាចបំផ្លាញមនុស្សជុំវិញនោះបាន។
ជំងឺដ៏ល្បីល្បាញពេលយើងនឹកដល់គុណវិបត្តិរបស់បារីនោះ គឺមានតែ ថង់ខ្យល់នៅក្នុងសួតហើមប៉ោង និងមហារីកសួត តែមិនមែនមានតែប៉ុណ្ណឹងទេ! យើងមិនបានដឹងឡើយថា គុណវិបត្តិរបស់បារីនៅមានទៀតមួយគំនរឯណោះ…។ ចាប់ផ្ដើមពីកម្រិតស្រាលៗ ដូចជា ពុកធ្មេញ ធ្មេញខ្មៅ ឆាប់ចាស់ រហូតទៅដល់ជំងឺពាក់ព័ន្ធនឹងបេះដូង និងសម្ពាធឈាមជាដើម។
វាជារឿងមួយដែលគួរឱ្យសោកសៅបំផុត ដែលមនុស្សមិនជក់បារីផង តែត្រូវស្រូបយកផ្សែងបារី ព្រោះតែនៅក្នុងគ្រួសារមានអ្នកជក់បារី ឬអ្នករួមដំណើរដែលជក់បារីតាមផ្លូវ ធ្វើឱ្យអ្នកដែលមិនជក់បារី មានឱកាសកើតជំងឺចង្រៃទាំងនោះ មិនខុសពីអ្នកជក់បារីឡើយ។
ទោះជាការជក់បារីមិនបានធ្វើឱ្យយើងស្រវឹង បាត់បង់សតិស្មារតី ឬបើកឡានទៅបុកនរណាមែន តែលទ្ធផលដែលនឹងកើតឡើង ក្នុងអំឡុងពេលច្រើនឆ្នាំខាងមុខទៀតនោះ អាចបំផ្លាញយើង និងមនុស្សជុំវិញខ្លួន ឱ្យរ៉ាំរ៉ៃ រហូតវេទនាខ្លួនមិនចាញ់គ្នាប៉ុន្មានឡើយ។ ដូច្នេះ អានមកដល់ត្រឹមនេះហើយ សឹងតែមិនចាំបាច់គិតច្រើនថា តើគួរឈប់មួយណាមុន?…គឺឈប់ដំណាលគ្នាទាំងអស់ហ្នឹងតែម្ដង! ព្រោះផលល្អដែលបានមកពីការជក់បារី និងញ៉ាំស្រា ដែលធ្វើឱ្យយើងរីករាយសប្បាយ បាត់ភាពធុញថប់តានតឹងនោះ វាជាការ
ដូរដោះគ្នា ដែលហាក់ដូចជាមិនរួចខ្លួនទាល់តែសោះ ជាមួយនឹងអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ មិនថាតែបញ្ហាសុខភាព ឬឧប្បត្តិហេតុឡើយ។

ប្រាកដណាស់! គ្មានអ្វីងាយស្រួលនោះទេ ក្នុងការបញ្ឈប់ពេលញៀននឹងអ្វីម្យ៉ាងហើយនោះ…តែចុងក្រោយទៅ យើងត្រូវតែចាប់ផ្ដើមបញ្ឈប់ និងស៊ូទ្រាំបញ្ឈប់។ ចូរស្វែងរកកម្លាំងជំរុញចិត្ត ដើម្បីបញ្ឈប់ការញៀនស្រា និងបារី ដើម្បីធ្វើឱ្យជីវិត និងសុខភាពរបស់ខ្លួនយើងល្អប្រសើរឡើង។ អ្នកខ្លះបានកម្លាំងជំរុញចិត្ត ពីការដែលខ្លួនឯងមានក្រុមគ្រួសារ មានកូន ទើបធ្វើឱ្យខំតាំងចិត្តឈប់ជក់បារី ឈប់ផឹកស្រា ដើម្បីកុំឱ្យប៉ះពាល់ដល់ក្រុមគ្រួសារ។ នេះគឺជាគំរូដ៏ល្អ ដែលធ្វើឱ្យយើងអាចចាប់ផ្ដើមធ្វើរឿងអ្វីមួយ បានកាន់តែងាយឡើង៕

Whiskey and cigarette
Rear view od mid 20’s hipster guy at a concert. He’s surroyunded by large crowd, having beer and smoking a cigarette. He’s wearing sunglasses and a hat, lit by purple spot light.
Drunk men fighting in pub, their friends trying to pull them apart, broken beer mug on bar counter
×