គឺជារឿងសំខាន់ក្បែរខ្លួន ដែលយើងគួរតែដឹង ព្រោះពេលឈឺក្បាល ឬមានគ្រុនក្តៅ មិនស្រួលខ្លួនម្តងៗ រឿងដំបូងគេដែលមនុស្សយើងនឹកដល់ គឺថ្នាំ “ប៉ារ៉ាសេតាម៉ុល” ថ្នាំសាមញ្ញធម្មតាៗ ដែលត្រូវតែមាននៅក្នុងផ្ទះគ្រប់ៗគ្នា តែការញ៉ាំថ្នាំគ្រប់ប្រភេទ តែងតែមានកម្រិតកំណត់ បើសិនញ៉ាំច្រើនជ្រុលពេក វានឹងហុចផលមិនល្អដល់រាងកាយ។
ថ្នាំ ប៉ារ៉ាសេតាម៉ុល ជាថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅដែលល្អបំផុតក្នុងពេលបច្ចុប្បន្ននេះ តែគ្រោះថ្នាក់របស់ការប្រើថ្នាំប៉ារ៉ាសេតាម៉ុលគឺ មានផលប៉ះពាល់ចំពោះថ្លើម អេប៉ាតូ តុកស៊ិកស៊ីធី ( Hepatotoxicity ) ប៉ះពាល់តាំងពីការធ្វើការងាររបស់ថ្លើម រហូតទៅដល់សភាវថ្លើមគាំងយ៉ាងទាន់ហន់ អឹឃ្យូត លីវើ ហ្វេលីយើ ( Acute liver failure ) ដែលអាចនាំឆ្ពោះទៅរកការស្លាប់បាត់បង់ជីវិតបាន។
ប្រើថ្នាំប៉ារ៉ាសេតាម៉ុលឱ្យមានសុវត្ថិភាព ត្រូវមើលលើកម្រិតខ្នាត ៖
វេជ្ជបណ្ឌិតជំនាញបានណែនាំថា គួរញ៉ាំតាមទម្ងន់ខ្លួន គុណនឹង ១០ ឬ ១៥ដង គិតកម្រិតថ្នាំជាមីល្លីក្រាម ដែលត្រូវលេបសម្រាប់ខ្លួនយើង តែមិនត្រូវលើស ១ ០០០មីល្លីក្រាមឡើយ ក្នុង ១ដង។ ឧទាហរណ៍ បើទម្ងន់ខ្លួន ៥០គីឡូក្រាម កម្រិតថ្នាំដែលត្រូវលេបគឺ ៥០០ ឬ ៧៥០មីល្លីក្រាម ដែលស្មើនឹង ១គ្រាប់ ឬ ១គ្រាប់កន្លះ តែបើមានមាឌធំ និងគុណនឹងទម្ងន់ខ្លួនហើយ លើស ១ ០០០មីល្លីក្រាម ក៏ត្រូវតែលេបមិនលើស ២គ្រាប់ដែរ។
កម្រិតថ្នាំខ្ពស់បំផុតសម្រាប់មនុស្សធំក្នុង ១ថ្ងៃ
- កម្រិតស្តង់ដាទូទៅ មិនលើសពី ៤ ០០០មីល្លីក្រាម រួមទាំងជាតិថ្នាំដែលមានផ្សំក្នុងប៉ារ៉ាសេតាម៉ុលផង ដូចជា ថ្នាំបន្ធូរសាច់ដុំ ថ្នាំសម្រាលអាការផ្តាសាយ ជាដើម។ល។
- សម្រាប់អ្នកដែលត្រូវលេបបន្តបន្ទាប់រយៈពេលវែង ត្រូវស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យ និងញ៉ាំមិនលើសពី ២ ៥០០០-២ ៦០០មីល្លីក្រាមឡើយ។
- អ្នកជំងឺថ្លើម ឬអ្នកដែលញ៉ាំស្រាជាប្រចាំ ត្រូវលេបមិនលើស ២ ០០០មីល្លីក្រាមឡើយ ក្នុង ១ថ្ងៃ។ កម្រិតថ្នាំខ្ពស់បំផុតក្នុង ១ថ្ងៃ សម្រាប់ក្មេងអាយុពី ០-១២ឆ្នាំ
- មិនលើស ៧៥មីល្លីក្រាម ក្នុង ១គីឡូក្រាម មានន័យថា ជាកម្រិតថ្នាំដែលគុណនឹងទម្ងន់ខ្លួនរបស់ក្មេងរួចហើយ និងបញ្ចុកថ្នាំ ១ថ្ងៃមិនលើស ៥ដងឡើយ និងត្រូវអានស្លាកណែនាំឱ្យយល់ជាមុនផង។
- ការលេបថ្នាំ ប៉ារ់ាសេតាម៉ុល លើសកម្រិត នឹងមិនបង្ហាញអាការឱ្យឃើញឆាប់ៗនោះទេ តែវានឹងបង្ហាញចេញមក នៅពេលដល់ដំណាក់កាលគ្រោះថ្នាក់ជ្រុលទៅហើយ ដូចជាកើតអាការរលាកថ្លើម រឹងថ្លើម និងបង្កឱ្យកើតជាមហារីកថ្លើម ជាដើម។ ដូច្នេះគួរប្រើថ្នាំនេះ នៅពេលណាដែលចាំបាច់ប៉ុណ្ណោះ និងបន្ថែមការប្រុងប្រយ័ត្ន ដោយការអានស្លាកព័ត៌មានឱ្យបានលម្អិតជាមុន៕