រវាងគូស្នេហ៍ ឬស្វាមីភរិយា ក្រៅពីមាន “ការដឹងចិត្តគ្នាទៅវិញទៅមក” ជាគោលការណ៍សំខាន់ហើយ ការថែបំប៉នសេចក្តីស្នេហា ឱ្យផ្អែមល្ហែមត្រជាក់ត្រជុំ ក៏ជាបច្ច័យមួយ ដែលជួយឱ្យសម្ព័ន្ធភាពជីវិតគូ កាន់តែស្អិតល្មួតឡើងទៀតដែរ ដោយរឿងខ្លះអាចត្រូវរង់ចាំឱ្យមានឱកាសល្អៗជាមុនសិនក្នុងការសាងភាពពេញចិត្តរវាងគ្នានឹងគ្នា។ តទៅនេះ គឺជាតិចនិកមួយចំនួន ដែលអាចបង្កើនភាពផ្អែមល្ហែមឱ្យក្តីស្នេហាត្រជាក់ពេញបេះដូងបានជារៀងរាល់ថ្ងៃ។
ដូចជាការឱប ថើបគ្នា មុនពេលចេញទៅធ្វើការ រួមទាំងការប្រើភាសាកាយក្នុងស្ថានការណ៍ផ្សេងៗដូចជា ខ្សែភ្នែកបារម្ភ ចាប់ក្តោបបាតដៃ ទះស្មាថ្នមៗ ឬសូម្បីតែការនែបនិត្យនៅក្នុងរង្វង់ដៃឱបរបស់គូស្នេហ៍ ក្នុងពេលអង្គុយមើលទូរទស្សន៍ជាមួយគ្នាផងដែរ។ ទាំងអស់នេះមិនត្រឹមតែផ្តល់នូវអារម្មណ៍រ៉ូមែនទិកប៉ុណ្ណោះទេ តែវានៅផ្តល់ភាពកក់ក្តៅក្នុងចិត្តយ៉ាងមិនគួរឱ្យជឿទៀតផង។
ក្រៅពីនេះការរកពេលវេលាក្នុងការចម្អិនម្ហូបអាហារថ្មីៗ ឬនំឆ្ងាញ់ៗ ទុកស៊ើផ្រៃ (surprise) គូស្នេហ៍ពេលត្រឡប់មកដល់ផ្ទះវិញ ក៏ជាការបង្ហាញពីភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះគ្នាមួយដែរ។
រួមទាំងការនិយាយសរសើរគូស្នេហ៍នៅក្នុងឱកាសផ្សេងៗ ដូចជា បង ឬអូន តែងខ្លួនបានស្អាត ឬសង្ហាខ្លាំងណាស់ ឬការសម្តែងក្តីសោមនស្សរីករាយ ចំពោះជោគជ័យក្នុងតួនាទីការងាររបស់គូស្នេហ៍ជាដើម។ ការសម្តែងភាពស្មោះស្ម័គ្រដោយពាក្យសម្តីបែបវិជ្ជមាននេះ គឺជារឿងមួយគួរឱ្យស្រឡាញ់ និងថែមទាំងជាការផ្តល់នូវកម្លាំងចិត្ត និងជួយសាងនូវភាពជឿជាក់ដល់គូស្នេហ៍បានកាន់តែខ្លាំងឡើងទៀតផង។
ហើយនិងការមានពេលវេលាសម្រាប់និយាយចែករំលែកទុក្ខ-សុខរួមគ្នាក្នុង ១ថ្ងៃៗ ទាំងរឿងដែលគួរឱ្យចាប់អារម្មណ៍ ឬជជែកពិភក្សាគ្នាពីបញ្ហាដែលម្នាក់ៗជួបប្រទះមក ជួយគ្នាគិតបន្ធូរបន្ថយ សម្រាលឧបសគ្គទាំងនោះ ឱ្យវារំលងផុតទៅ លើគ្រឹះនៃការមានហេតុផល និងស្មោះស្ម័គ្រ។ មនុស្សជាច្រើននិយាយថា នេះគឺជាការជួយបន្ថែមកម្លាំងចិត្តដ៏ល្អ និងដឹងពីភាពយកចិត្តទុកដាក់ទៀតផង។
អ្វីដែលសំខាន់ គឺកុំភ្លេចខ្លួនបណ្តោយឱ្យបណ្តាញប្រព័ន្ធបណ្ដាញសង្គមអនឡាញ ឬសូស្យៀល ណេតវើក (Social network) ចូលមកមានតួនាទីក្នុងជីវិតប្រចាំថ្ងៃច្រើនជ្រុល រហូតដល់ខ្វះពេលវេលានៅជុំគ្នាជាមួយគូស្នេហ៍ឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យកើតភាពឃ្លាតឆ្ងាយពីគ្នា និងកើតមានចន្លោះប្រហោងក្នុងសម្ព័ន្ធភាពស្នេហ៍បាន។
ក្តីស្នេហ៍ដែលរឹងមាំ ផ្អែមល្ហែម សូមកុំភ្លេចការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ព្រោះវាជាកូនសោសំខាន់ក្នុងការធ្វើឱ្យក្តីស្នេហាមើលទៅនៅតែថ្មី និងរំភើបញាប់ញ័រជាប់ជានិច្ច៕