បច្ចុប្បន្ននេះ ទាំងមនុស្សស្រី និងមនុស្សប្រុស សុទ្ធតែធ្វើអ្វីបានស្មើភាពគ្នាហើយ ប្រពន្ធអាចចេញទៅធ្វើការនៅក្រៅផ្ទះ ក្នុងខណៈដែលប្តី ក៏ចេះធ្វើម្ហូបអាហារបានយ៉ាងឆ្ងាញ់ពិសាដែរ ដូច្នេះនៅពេលដែលកូន គឺជាកូនសោដួងចិត្ត ដែលកើតចេញពីសេចក្តីស្នេហារបស់អ្នកទាំង២ តើហេតុអ្វីបានមិនឱ្យលោកប្តី មានចំណែករួមក្នុងការចិញ្ចឹមមើលថែខ្លះផង?។ ការពិតទៅ លោកប្តីជាច្រើន ក៏ប្រហែលជាចង់សម្រាលបន្ទុករបស់ម៉ែប្រពន្ធដូចគ្នា គ្រាន់តែនៅមានអារម្មណ៍ថា រាងនៅឆ្គងៗ ចង់ចាប់ ចង់កាន់ត្រង់ណា ដូចជាមិនត្រូវទំនងសោះ ដូចជា ចង់ពកូន តែក៏ខ្លាចថា នឹងរបូតកូនពីដៃ ឬខ្លាចបង្កឱ្យកូនមានបញ្ហាអ្វីមួយជាដើម តែរឿងទាំងនេះ មិនមែនជាបញ្ហាធំទេ គ្រាន់តែម៉ែប្រពន្ធខ្សិបប្រាប់លោកប្តីតែបន្តិចថា ត្រូវធ្វើបែបណា និងធ្វើយ៉ាងណានោះ លោកប្តីច្បាស់ជាអាចជួយមើលថែទាំកូនតូចដោយក្តីស្រឡាញ់ មិនខុសប្លែកពីប្រពន្ធបានមិនខាន។
ចំណុចល្អៗ ដែលទទួលបាន ពេលឱ្យលោកប្តីជួយមើលថែទាំកូនតូច
១. កើតមានសេចក្តីស្រឡាញ់ ហើយភាពពាក់ព័ន្ធស៊ីជម្រៅក្នុងក្រុមគ្រួសារ នឹងកាន់តែស្អិតល្មួតខ្លាំងឡើង
២. លោកប្តីនឹងបានយល់ពីតួនាទីនៃភាពជា “ឪពុក” ខ្លាំងឡើង និងបានដឹងថា ការចិញ្ចឹមមើលថែកូនម្នាក់ មិនមែនជារឿងងាយឡើយ ធ្វើឱ្យការជួយសម្រាលបន្ទុកប្រពន្ធ កើតឡើងដោយក្តីស្ម័គ្រចិត្ត និងពេញចិត្តពេញថ្លើម
៣. ជួយឱ្យម៉ែប្រពន្ធមានពេលទំនេរគ្រប់គ្រាន់ ក្នុងការបំពេញធុរៈផ្ទាល់ខ្លួន និងមើលថែទាំខ្លួនផង
៤. ពេលលោកប្ដីនិយាយលេងជាមួយ កូនតូចចូលចិត្តបញ្ចេញសំឡេង អ៊ឺ អា៎ អេ៎ ម្តងទាប ម្តងខ្ពស់ រាងប្លែកៗ បើទោះជាមើលទៅ គួរឱ្យអស់សំណើចក្នុងខ្សែភ្នែកម៉ែប្រពន្ធក៏ដោយ តែជឿចុះថា សម្រាប់កូនវិញ នោះគឺជាពេលវេលាមាសរបស់គេហើយ
៥. ទោះបីជាលោកប្តីមួយចំនួន អាចនឹងមិនសូវថ្នឹក ឬចំណានក្នុងការជួយមើលថែទាំកូនតូចក៏ដោយ តែក៏អាចមានចំណែក ជួយដោយប្រយោលបានដែរ ដូចជា ការធ្វើម្ហូបអាហារឱ្យញ៉ាំ ឆុងទឹកដោះគោ ឬចេញទៅទិញរបស់ប្រើប្រាស់ជំនួស និងការងារខ្លះ ម៉ែប្រពន្ធមិនចាំបាច់ត្រូវតែទៅគ្រប់ពេលនោះទេ ដូចជា ទៅបង់លុយថ្លៃទឹក ថ្លៃភ្លើង ឬដើរទិញអីវ៉ាន់នៅក្នុង Super market ជាដើម។ ការងារងាយៗបែបនេះ លោកប្តីក៏ធ្វើបានល្អដែរណា៎ អ៊ើ!
៦. ក្រៅពីការងារក្រៅផ្ទះហើយ ការងារក្នុងផ្ទះ ក៏លោកប្តីធ្វើបានល្អមិនចាញ់គ្នាដែរ ដូចជា ការយកខោអាវ និងកន្សែងកូនតូចទៅបោកគក់ ការបោសជូតសម្អាតផ្ទះ ច្រកទឹកចូលដប ឬជួយលាងដបទឹកដោះគោ និងចាន ជាដើម។ ការងារងាយៗប៉ុនហ្នឹង លោកប្តីអាច “ចាត់ការ” បានយ៉ាងរំភើយ
៧. ឱ្យលោកប្តីជួយបញ្ជូនសញ្ញាដាស់តឿនប្រាប់ ពេលជិតដល់ថ្ងៃកំណត់កូនតូចចាក់វ៉ាក់សាំង ឬរឿងសំខាន់ៗផ្សេងៗបាន ដើម្បីកុំឱ្យម៉ែប្រពន្ធភ្លេច
៨. លោកប្តីអាចនឹងមានហេតុផល និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អជាង ដូចជា ពេលដែលកូនធ្វើអ្វីមួយ ត្រូវម៉ាក់ជំទាស់ និងទ្រាំមិនបានចង់តែច្រឡោតនោះ ម៉ែប្រពន្ធអាចនឹងប្រគល់ការងារហ្នឹងទៅឱ្យលោកប្តី ជួយមើលថែទាំកូនជំនួសបណ្តោះអាសន្ន ក៏ជាការដោះស្រាយបញ្ហាបានល្អមួយដែរ។
រឿងមួយទៀត ដែលលោកប្តីអាចជួយម៉ែប្រពន្ធបានល្អដែរនោះគឺ ការនិយាយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត ដូចជា “ថ្ងៃនេះអូននឿយទេ ចង់ឱ្យបងជួយធ្វើអ្វីខ្លះអត់?” ត្រឹមតែប៉ុនហ្នឹង ម៉ែប្រពន្ធក៏រំភើបចិត្ត និងបាត់នឿយហត់ពីការមើលថែទាំកូនពេញ ១ថ្ងៃនោះបាត់ទៅហើយ៕