Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ បង្ហាញសញ្ញាថា ទឹកស្ទឹងសែន បានហក់ឡើងជាបន្តបន្ទាប់

កំពង់ធំ ៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ចុះថ្ងៃថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា
ស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ បង្ហាញសញ្ញាថា ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤,០០ម៉ែត្រ ជាកម្ពស់ទឹកដែលជិតឈានចូលដល់កម្រិតប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់, ហើយជាមួយគ្នានេះ ទឹកស្ទឹងសែនផ្នែកខាងលើ កំពុងហក់ឡើងជាលំដាប់។

នេះជាការបញ្ជាក់ថា ស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ នៃទឹកទន្លេស្ទឹងសែន បានហក់ឡើងខ្ពស់ជាលំដាប់ដែលអាចនឹងឈានដល់កម្រិតប្រកាសអាសន្ន, ហើយពេលនេះ រដ្ឋបាលខេត្តកំពង់ធំ បានបន្តអំពាវ នាវ ដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើតមានឡើងជាយថាហេតុ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២ បានព្យាករណ៍ថា តំបន់ខ្ពង់រាប មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ខេត្ត ព្រះវិហារ (ជាផ្ទៃរងទឹកភ្លៀងទឹកស្ទឹង) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន, បើផ្អែកតាមស្ថានភាពនេះ ទឹកស្ទឹងផ្នែកខាងលើ នឹងហូរមក ដល់ផ្នែកខាងក្រោម ជាបន្តបន្ទាប់ ក្នុងរយៈពេល ០៣ ទៅ ០៧ថ្ងៃ ខាងមុខទៀត ដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ អាចហក់ឡើងដល់កម្រិតប្រកាសអាសន្ន (១៤,៣០ម៉ែត្រ)។ ក្រៅពីនេះ ដោយសារភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្តាស្រុកផ្សេងទៀត ក៏អាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ, ប្រជាពលរដ្ឋគួរជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×