ពូកត្រូវបានដាក់ពង្រាយ លើកម្រាលព្រំ នៃសណ្ឋាគារផ្កាយ ៥ ដ៏ទំនើប ទើបត្រូវបានប្រែក្លាយជា “ពន្ធនាគារ” បានទទួលព្រះអង្គម្ចាស់១១រូប ហើយនឹងបន្តរង់ចាំទទួល “ស្វាគមន៍” អតីតរដ្ឋមន្ត្រីរាប់សិបនាក់ រួមទាំងក្រុមពាណិជ្ជករផងដែរ ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រទំនើបនៃអាណាចក្រប្រេងកាតនេះ។
រូបភាពក្នុងពន្ធនាគារ “ផ្កាយ៥” កំពុងឃុំខ្លួនព្រះអង្គម្ចាស់ទាំងឡាយនៃរាជវង្ស Saudi Arabia ពីបទពុករលួយ
Daily Mail បានចុះផ្សាយរូបភាពត្រូវបានចាត់ទុកថា ត្រូវបានគេថតនៅសណ្ឋាគារ Ritz Calton នារដ្ឋធានី Riyadh ដែលឃើញមានមនុស្សមួយចំនួនត្រូវបានចាត់ទុកជាជនសង្ស័យក្នុងអំពើពុករលួយ។
ក្រុមជនសង្ស័យត្រូវបានរក្សាទុកក្នុងបន្ទប់ធំ ដែលមានរបស់របរប្រើប្រាស់បែបសាមញ្ញ ខុសប្លែកពីភាពទំនើប ស៊ីវីល័យដូចដែលធ្លាប់ឃើញក្នុងភូមិគ្រឹះរបស់ត្រកូលរាជវង្ស។
ប្រភពខាងលើឲ្យដឹងថា ក្នុងរូបភាពនោះហាក់ដូចជាមានវត្តមានរបស់ព្រះអង្គម្ចាស់ Al-Waleed Bin Talal ក្មួយប្រុសបង្កើតរបស់មហាក្សត្រ Salman។ ពេលនេះព្រះអង្គ Talal កំពុងជាម្ចាស់ទ្រព្យសម្បត្តិតម្លៃ ១៨ ប៊ីលានដុល្លារ ហើយជាអ្នកមានម្នាក់ក្នុងចំណោមអ្នកមានកំពូលនៅមជ្ឈិមបូព៌ា។ ព្រះអង្គម្ចាស់រូបនេះរងការចោទប្រកាន់ពីបទលាងលុយជំរិតប្រាក់ពីពួកមន្ត្រី និងទទួលសំណូកនេះបើតាម Reuters ដកស្រង់ប្រភពព័ត៌មានពី Saudi Arabia កាលពីថ្ងៃទី ៥ ខែ១១។
Daily Mail បានធ្លាយចេញអត្តសញ្ញាណល្បីៗមួយចំនួនរបស់តួអង្គត្រូវចាប់ព្រះកាយជាអាទិ៍ ៖ ព្រះអង្គម្ចាស់ Adel Faleeih អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច ព្រះអង្គម្ចាស់ Miteb Bin Abdeellah មេបញ្ជាការកងឆ្មាំជាតិ។
តាម BBC វិញ នោះបទបញ្ជាចាប់ខ្លួនត្រូវបានដាក់ចេញនៅថ្ងៃទី ៥ខែ១១ ប៉ុន្មានម៉ោងក្រោយពេលមហាក្សត្រ Saudi Arabia បានចេញក្រិត្យបង្កើតគណៈកម្មាធិការប្រឆាំំងអំពើពុករលួយតែងតាំងព្រះអង្គម្ចាស់ Mohammed Bin Salman អាយុ ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជារាជទាយាទផងនោះ ជាប្រធានគណៈកម្មាធិការនេះ៕