Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ វិធីទប់ទល់នឹងគូស្នេហ៍មហាប្រចណ្ឌ ធ្វើយ៉ាងណាឱ្យយល់ចិត្ត និងស្នេហានៅតែហ៊ែបភី

គូស្នេហ៍ប្រចណ្ឌខ្លាំងណាស់! នេះគឺជាបញ្ហាមួយទៀតរបស់សម្ព័ន្ធភាពស្នេហ៍ ដែលធ្វើឱ្យមនុស្សជាច្រើនឈឺក្បាលវិលមុខ ព្រោះពេលខ្លះ បើប្រចណ្ឌតិចតួច ក៏លួចសប្បាយចិត្តតិចៗដែរថា គូស្នេហ៍ស្រឡាញ់យើងខ្លាំង តែបើសិនប្រចណ្ឌខ្លាំង រហូតងាកខ្លួនទៅណាមិនរួច បែបហ្នឹងប្រហែលជាពិបាកចិត្តខ្លាំងណាស់។

គូស្នេហ៍មហាសែនប្រចណ្ឌ និងថែមទាំងហួងហែងខ្លាំងណាស់ យើងអាចកែបញ្ហានេះបាន តាមរយៈ ៥ចំណុចដូចតទៅ…

-បន្ថែមភាពជឿជាក់ដល់គូស្នេហ៍
មូលហេតុមួយ ដែលធ្វើឱ្យកើតអារម្មណ៍ហួងហែងប្រចណ្ឌខ្លាំង អាចកើតពីភាពមិនជឿជាក់លើខ្លួនឯង ដូចជា គិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ រហូតធ្វើឱ្យចេះតែគិតថា គូស្នេហ៍អាចនឹងលួចក្បត់ចិត្តទៅរកអ្នកផ្សេង។ សាកល្បងសង្កេតមើលថា តើគូស្នេហ៍យើង គេជាមនុស្សខ្វះភាពជឿជាក់លើខ្លួនឯងដែរឬទេ? បើមែន យើងសូមណែនាំឱ្យអ្នកសរសើរគេឱ្យបានញឹកញាប់ ប្រាប់ថាស្រឡាញ់គេជាប់ជានិច្ច ដើម្បីសាងភាពជឿជាក់ និងសាង Self-esteem ដល់គេ ដើម្បីឱ្យគេមានអារម្មណ៍ថា ខ្លួនឯងមានគុណតម្លៃច្រើនគ្រប់គ្រាន់ ដែលធ្វើឱ្យអ្នកស្រឡាញ់ និងចង់រស់នៅជាមួយ។

-សាងភាពជឿចិត្តលើសម្ព័ន្ធភាពស្នេហ៍
បើគូស្នេហ៍របស់អ្នកប្រចណ្ឌខ្លាំង ព្រោះធ្លាប់មានអតីតកាលក្រំឈាម ធ្លាប់ត្រូវក្បត់ចិត្តនោះ អ្នកគួរតែធ្វើឱ្យគេដឹងថា សេចក្ដីស្នេហាជាមួយរូបអ្នកក្នុងគ្រានេះ នឹងមិនដូចកាលពីគ្រាមុនៗទេ។ ធ្វើឱ្យគេជឿជាក់ថា អ្នកស្រឡាញ់គេ និងគ្មានថ្ងៃក្បត់ចិត្ត ឱ្យគេត្រូវឈឺចាប់ក្រំឈាមដូចពេលកន្លងមក តាមរយៈការយកចិត្តទុកដាក់រវាងគ្នានឹងគ្នាឱ្យខ្លាំងឡើង ធ្វើគ្រប់យ៉ាងដោយក្ដីស្មោះស្ម័គ្រ គ្មានអាថ៌កំបាំងនឹងគ្នា រក្សាពាក្យសន្យាដែលធ្លាប់បាននិយាយ និងសំខាន់គឺ កាលពីមុនយ៉ាងម៉េច បច្ចុប្បន្ននៅតែដដែល ព្រោះពេលខ្លះភាពព្រងើយកន្តើយ ឬការយកចិត្តទុកដាក់ដែលតិចតួចពេក ក៏អាចជាមូលហេតុដែលធ្វើឱ្យគេគិតច្រើន និងក្លាយជាការយល់ច្រឡំបានដែរ។

-អាប់ឌែតជីវិតប្រចាំថ្ងៃជាប់ជានិច្ច
មនុស្សជាច្រើន ច្រើនតែយល់ឃើញថា ការទូរស័ព្ទទៅគូស្នេហ៍ ដើម្បីប្រាប់ថា កំពុងធ្វើអី នៅទីណា នៅជាមួយអ្នកណា ជារឿងដែលគួរឱ្យរំខានខ្លាំងណាស់ បើសិនជាគិតបែបហ្នឹង សូមប្រាប់ទៅចុះថា បើអ្នកមិនសាងភាពជឿទុកចិត្តដោយខ្លួនឯង តើនរណាគេមកធ្វើឱ្យយើង? លេសដែលអាងថា រវល់ខ្លាំងណាស់ គ្មានពេល នឹងរឹតតែធ្វើឱ្យភាពឃ្លាតឆ្ងាយ រឹតតែធំឡើង ជាពិសេសបើគូស្នេហ៍របស់អ្នកប៉ិនប្រចណ្ឌខ្លាំងស្រាប់ផងនោះ គេនឹងរឹតតែគិតច្រើន គិតវែងឆ្ងាយ និងគិតតែឯងផ្ដេសផ្ដាស់មិនខាន។ ដូច្នេះហើយ គ្រាន់តែទាញទូរស័ព្ទចេញមក សរសេរសារផ្ញើទៅតែបន្តិច តែប៉ុនហ្នឹង ក៏នឹងជួយកាត់បន្ថយអាការហួងហែងប្រចែប្រចណ្ឌបានបាត់ទៅហើយ។

-បើកចិត្ត និយាយគ្នាត្រង់ៗតែម្ដងថា ទើសទាល់ណាស់
វិធីមួយទៀតក្នុងការទប់ទល់នឹងភាពប្រចណ្ឌរបស់គូស្នេហ៍ ដែលត្រូវធ្វើ គួបផ្សំនឹងវិធីផ្សេងទៀតនោះ គឺការប្រាប់ត្រង់ៗតែម្ដងថា អ្នកមានអារម្មណ៍ទើសទាល៉នឹងភាពប៉ិនប្រចណ្ឌរបស់គេ តែសូមណែនាំថា មិនគួរបើកប្រធានបទនេះ បែបវាយលុកនោះទេ គួរតែបង្ហើបឱ្យដឹងមុនតិចៗថា អ្នកស្រឡាញ់គេខ្លាំង ដូចដែលគេស្រឡាញ់អ្នកដែរ និងជឿចុះថា អ្នកនឹងមិនក្បត់ចិត្តគេជាដាច់ខាត ដូចគ្នានឹងចង់សុំឱ្យគេជឿចិត្ត និងកាត់បន្ថយភាពហួងហែងប្រចណ្ឌនោះខ្លះផង ព្រោះជួនកាល វាធ្វើឱ្យអ្នកមានអារម្មណ៍ទើសទាល់ តែ កុំនិយាយដោយកំហឹងឱ្យសោះ ព្រោះសម្ព័ន្ធភាព អាចនឹងយ៉ាប់យ៉ឺនជាងមុន។

-បើទៅលែងរួច ប្រហែលជាត្រូវដកថយហើយ
ជម្រើសចុងក្រោយ ប្រហែលជាត្រូវទទួលស្គាល់យ៉ាងត្រង់ៗថា បើធ្វើគ្រប់វិធីហើយ អាការហួងហែងប្រចែប្រចណ្ឌខ្លាំងរបស់គូស្នេហ៍ គ្មានសញ្ញាថា នឹងល្អប្រសើរឡើងសោះ តែបែរជាកាន់តែអាក្រក់ទៅៗ រហូតអ្នកមានអារម្មណ៍ថា គ្មានសេចក្ដីសុខ ប៉ះពាល់នឹងសភាពផ្លូវចិត្ត និងលែងអាចស៊ូទ្រាំបានតទៅទៀតហើយ អ្នកគួរសួរបេះដូងខ្លួនឯងឱ្យបានច្បាស់ថា តើអ្នកអាចសម្របខ្លួននៅជាមួយភាពប្រចណ្ឌរបស់គូស្នេហ៍នោះបានឬទេ? បើចម្លើយ គឺទៅមិនរួចទេ នោះប្រហែលជាត្រូវកាត់បន្ថយសម្ព័ន្ធភាពនឹងគ្នាហើយ ដើម្បីសុខភាពផ្លូវចិត្តរបស់ខ្លួនឯង។

ភាពហួងហែងប្រចែប្រចណ្ឌរបស់គូស្នេហ៍ បើសិនមានខ្លះៗ ម្ដងម្កាល ប្រហែលជាធ្វើឱ្យរូបអ្នកមានអារម្មណ៍ថា មានតម្លៃពីការដែលត្រូវគេស្រឡាញ់ តែអ្វីដែលវាខ្លាំងជ្រុលពេក វាច្រើនតែក្លាយជាផលអាក្រក់ រឹតតែប្រចណ្ឌខ្លាំង សង្ស័យខ្លាំង ក៏រឹតតែធ្វើឱ្យសម្ព័ន្ធភាពស្នេហ៍មានតែភាពទើសទាល់ ដូច្នេះ កំលោះ-ក្រមុំណា ដែលមានគូស្នេហ៍ប៉ិនប្រចណ្ឌ ត្រូវប្រញាប់កែសម្រួលការយល់ចិត្ត និងសាងភាពជឿចិត្ត ដើម្បីឱ្យសេចក្ដីស្នេហារឹងមាំ៕

13147627 – beautiful young couple sitting on a sofa
Disloyal woman looking another man and her angry boyfriend looking at her on the street
×