Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ុក សារាយ ចៅសង្កាត់រង​ទី​២​សង្កាត់​លេខ​៣ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​

spot_img

​ព្រះសីហនុ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា មាន​សមាជិក របស់ខ្លួន​ម្នាក់ មាន​តួនាទី​ជា​ចៅសង្កាត់រង​ទី​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ស្ថិតក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា មេឃុំ​ចៅសង្កាត់​ទាំង​៦៣​រូប ដែល​ជាប់​ការបោះឆ្នោត​នាពេល​កន្លងមក​ទៅ បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច​។​

​លោក សុខ សាវ៉ាត ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​ព្រះសីហនុ ដឹង​នៅ​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ថា លោក​បានទទួល​លិខិត​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ របស់ លោក អ៊ុក សារាយ ចៅសង្កាត់រង​ទី​២ តាមរយៈ​ការបាញ់​ផ្ញើជូន​មក​រូបលោក តាម​បណ្តាញ​សង្គម​WhatsApp ដោយ លោក អ៊ុក សារាយ មិនបាន​យកពាក្យ​សុំ​លាឈប់​នោះ មក​ប្រគល់ជូន​លោក​ផ្ទាល់ដៃ​ទេ​។​
​លោក សុខ សាវ៉ាត បានចាត់ទុក​ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ របស់ អតីត​ចៅសង្កាត់រង​ទី​២ សង្កាត់​លេខ​៣ មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ជា​កូនចៅ ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​សិទ្ធិ របស់​បុគ្គល​ម្នាក់ៗ ហើយ​រូបលោក​មិនមាន​អ្វី​អត្ថាធិប្បាយ​ជំនួស​អ្នក​ចាកចេញ​នោះទេ​។​

​នៅក្នុង​ពាក្យសុំ​លាឈប់ ពី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ស្នាម​ផ្តិតមេដៃ លោក អ៊ុក សារាយ អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​សង្កាត់​លេខ​៣ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ចៅសង្កាត់រង​ទី​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ គោរព​ជូន លោក សុខ សាវ៉ាត ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រះសីហនុ​។ លោក អ៊ុក សារាយ បាន​រៀងរាប់ ដោយយោង​តាម​សភាព​ការ​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រលាយ​ពី​គណបក្សនយោបាយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​រូបលោក​មានបំណង​ចង់​នៅ​បំរើ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជា​បន្តទៀត ទើប​រូបលោក អ៊ុក សារាយ បានសម្រេច​ចិត្ត​សុំ​ចាកចេញ ពី​គណបក្ស​សង្គ្រោះ​ជាតិ មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ចាប់ពី​ថ្ងៃ​ខ្ញុំ​ផ្តិត​ស្នាម​មេដៃ គឺ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ​។​

​ចំណែក​ពាក្យ​សុំចូល​រួមរស់​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា​ឆ្នាំ​២០១៧ មាន​ផ្តិត​ស្នាម​មេដៃ លោក អ៊ុក សារាយ គោរព​ជូន លោក ជួន ណា​រិន្ទ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ លោក អ៊ុក សារាយ បាន​រៀបរាប់ថា ពីមុន​រូបខ្ញុំ​មិន​នឹកស្មានថា ការតស៊ូ​ដណ្តើម​អំណាច​តាមរយៈ​ការបោះឆ្នោត និង​តាមរបៀប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្តែ​ក្រោយពី​បានឃើញ​ឃ្លី​ប វីដេអូ Video និង​សកម្មភាព​ជាក់ស្តែង ការ​ញុះញង់​បំបែកបំបាក់​ខ្មែរ​ជា​ពីរ ដែល​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ សុខចិត្ត​អោនក្បាល​បំរើ​បរទេស គឺ​ដើម្បី​តែ​អំណ​ច មិន​គិតពី​មហន្តរាយ របស់​ជាតិ​មាតុភូមិ​នេះហើយ​ជា​អំពើ​ក្បត់ជាតិ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ុក សារាយ បាន​បញ្ជាក់ថា សម្រេចចិត្ត​សុំចូល​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​

​ខាងក្រោម​នេះ គឺជា​ពាក្យសុំ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ពាក្យ​សុំចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក អ៊ុក សារាយ អតីត​ចៅសង្កាត់រង​ទី​២ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ​៖ សត្យា​


spot_img
×