Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប នៅ​ខេត្តកោះកុង បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

​កោះកុង​៖ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មាន​សមាជិក របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​រូប មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា និង​ជំទប់​ទី​២ នៅ​ស្រុក​ថ្មបាំង បាន​ចុះចូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែង​តួនាទី​បច្ចុប្បន្ន របស់​ពួកគេ ក្រោយពេល​បក្សប្រឆាំង នឹងត្រូវ​រំលាយចោល​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប ដែល​រត់ចោល​បក្ស ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច រួមមាន​៖ លោកស្រី ហាស់ ឡៃ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ជា​ជំទប់​ទី​២ ឃុំ​ប្រឡាយ​។ លោក យែ​ស ឆែប អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ជា​ជំទប់​ទី​២ ឃុំ​តា​ទៃ​លើ និង លោក ណុល សុផល អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ឬ​ស្សី​ជ្រុំ កូតា​គណបក្ស​សង្គ្រោះ​ជាតិ​។​

​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប បាន​រៀបរាប់​ក្នុង​ពាក្យស្នើសុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ខ្លឹមសារ​ដូចៗ​គ្នា ដោយ​បញ្ជាក់ថា ពីមុន​ពួកគេ​នឹកស្មានថា ការតស៊ូ​ដណ្តើម​អំណាច​តាមរយៈ​ការបោះឆ្នោត និង​តាមរបៀប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប៉ុន្តែ​ក្រោយពី​បានឃើញ​ឃ្លី​ប វីដេអូ Video និង​សកម្មភាព​ជាក់ស្តែង ការ​ញុះញង់​បំបែកបំបាក់​ខ្មែរ​ជា​ពីរ ដែល​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ សុខចិត្ត​អោនក្បាល​បំរើ​បរទេស គឺ​ដើម្បី​តែ​អំណ​ច មិន​គិតពី​មហន្តរាយ របស់​ជាតិ​មាតុភូមិ​នេះហើយ​ជា​អំពើ​ក្បត់ជាតិ​។ ផ្តើម​ពី​បញ្ហា​នេះ ទោះ​ពួកគេ ក៏​សម្រេចចិត្ត​ដាក់ពាក្យ​សុំចូល​រួមរស់ ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​

​ទោះជា​បែបនេះ​ក្តី អ្នកយកព័ត៌មាន cen.com.kh ប្រចាំខេត្ត​កោះកុង មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កោះកុង ជាពិសេស​អតីត​សមាជិក​ទាំង ៣​រូប ដែល​បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចុះចូល​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា បានទេ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​៨ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ខាងក្រោម​នេះ គឺជា​ឈ្មោះ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៣​រូប នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​បាន​ចាក់​ចេញពី​បក្ស​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ​៖ សត្យា


×