ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ បានសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ហោ លីណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាបករណីកាត់តតម្លើងរថយន្តខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ នៅចំណុចយាន្តដ្ឋានគ្មានលេខ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់រថយន្តកាត់តដំឡើងខុសបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់ចំនួន១០គ្រឿង។
មន្ត្រីដែលចុះអនុវត្តលើការងារនេះបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឆែកឆេរជាក់ស្តែងរកឃើញរថយន្តចំនួន១០ គ្រឿង ក្នុងនោះរថយន្តបានតម្លើងរួចចំនួន ៥គ្រឿង(ម៉ាក lexus 03គ្រឿង, camry hybrigde ១គ្រឿង និង highlander ១គ្រឿង) និងចំនួន ៥គ្រឿងទៀតកំពុងតម្លើងពុំទាន់រួច (ម៉ាកlexus ២ គ្រឿង ,camry hybrigde ១គ្រឿង និងpruis ២គ្រឿង)។
ចំពោះវត្ថុតាងទាំង អស់ខាងលើលោកព្រះរាជអាជ្ញារងបាន សម្រេចឲ្យបិទផ្លុំបេរក្សាដាក់ទុកក្នុងយាន្ដដ្ឋានខាងលើចំនួន ៥គ្រឿង(ដែល ដំឡើងពុំទាន់រួច) និងចំនួន ៥គ្រឿងដែលបានតម្លើងរួច បានដកហូតយកមករក្សាទុកនៅនាយកដ្ឋាន និងបាននាំមេការ ឈ្មោះ ឃឹន បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី ៕ ដោយ៖បញ្ញាស័ក្តិ