ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ធ្ងន់ៗថា៖ មន្ត្រីដែលពូកែរាយការណ៍ឱ្យថ្នាក់លើ ហើយទម្លាក់កំហុសឱ្យថ្នាក់ក្រោម មិនគួរត្រូវតែងតាំងជាមន្ត្រីឡើយ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាប័ត្រ និងវិញ្ញាប័នប័ត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប៉ុន្តែមន្ត្រី ដែលមិនបានការដែលគួរតែចៀសវាង គឺគាត់ធ្វើការងារពីរ ដែលសំខាន់ទី១៖ គឺការរាយការណ៍ឱ្យថ្នាក់លើ, ទី២៖ ស្តីបន្ទោសឱ្យថ្នាក់ក្រោម មន្ត្រីបែបនេះត្រូវចងចាំចំណាំទុកមិនគួរតែងតាំងឱ្យកាន់មុខងារបន្តទៀតទេ»។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា៖ មន្ត្រីដែលចាំតែទៅរាយការណ៍ឱ្យថ្នាក់លើ និងម្ខាងទៀតចាំតែស្តីបន្ទោសឱ្យថ្នាក់ក្រោម ដោយគ្មានការចាត់វិធានការណ៍ណាមួយនោះទេ បើមានមន្ត្រីធុនហ្នឹងមែននោះ អញ្ចឹងមិនចាំបាច់ឱ្យមានមន្ត្រីទេ ហើយក៏មិនចាំបាច់ឱ្យមានរដ្ឋមន្ត្រី មានចៅហ្វាខេត្តនោះទេ គឺមានតែនាយករដ្ឋមន្ត្រីតែមួយរូបវាគ្រប់គ្រាន់ទៅហើយ។ ដូច្នេះហើយសូមមន្ត្រីទាំងឡាយត្រូវតែអនុវត្តតាមច្បាប់ កុំអនុវត្តន៍តាមតែបទបញ្ជា និងមិនមែនចាំតែមានបទបញ្ជារបស់នាយករដ្ឋមន្ត្រី ទើបនាំគ្នាអនុវត្តច្បាប់នោះទេ។
ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត ដល់មន្ត្រីរូបណាដែលយកជាគ្នាបាន គឺជាមន្ត្រីដែលបានខិតខំស្រវ៉ា ដោះស្រាយបញ្ហានៅនឹងកន្លែង ដោយប្រមូលផ្តុំនូវការដោះស្រាយដោយភាពឈ្លាសវៃរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង ឱ្យមានប្រសិទ្ធភាព ទើបជាមន្ត្រីដែលត្រូវបានយកចិត្តទុកដាក់រៀបចំ ឱ្យទៅជាមន្ត្រីដឹកនាំកាន់តែខ្ពស់កាន់តែល្អ។សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា មន្ត្រីរាជការទាំងអស់ត្រូវមានការសហការគ្នា ហើយមិនត្រូវប៉ែងជើងគ្នា ព្រោះតែដើម្បីអំណាចនោះឡើយ៕ ដោយ៖បញ្ញាស័ក្តិ