ព្រៃវែង៖ លោកជាម យៀប បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋស្រុកពាមរក៍ និងស្រុកពាមជរ ក៏ដូចជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួន និងបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៣០០នាក់មកពីស្រុកពាមរក៍ និងស្រុកពាមជរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅស្រុកពាមរក៍។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភាមណ្ឌលខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ជាម យៀប បានមានប្រសាសន៍បន្តថា ដោយមានគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យប្រទេសយើងទទួលបានសមិទ្ធផលជាច្រើន កើតឡើងជាហូហែ មានដូចជា ស្ពាន សាលារៀន វត្តអារាម ជាដើម។ ជាក់ស្តែងស្ពានអ្នកលឿង គឺជាសមិទ្ធផលមួយថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការជំនួយឧបត្ថម្ភពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។
លោកបានមានប្រសាសន៍បន្ថែមថា ដូចយើងទាំងអស់គ្នាបានដឹង និងជ្រាបច្បាស់ហើយថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាកម្មវិធី ដ៏ត្រឹមត្រូវបំផុតសម្រាប់ការអនុវត្ត ដើម្បីបង្កើតឡើងនូវសមិទ្ធផលនានា។ មិនតែប៉ុណ្ណោះប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិក៏បានចូលរួមជួយជំរុញ ការអនុវត្តផងដែរ ដែលធ្វើឲ្យយើងទ្រទ្រង់បាននូវសសរស្តម្ភទាំងបីមាន នយោបាយ សន្តិសុខ និងវប្បធម៌សង្គមកិច្ច ជាឧបករណ៍កើតចេញពី យុទ្ធសាស្ត្រចតុកោណ និងនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងបោះជំហានទៅមុខយ៉ាងរឹងមាំឈរលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕ ដោយ៖បញ្ញាស័ក្តិ