ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះឃាត់ខ្លួនបុរសជនជាតិចិន និងដកហូតរថយន្ត ស្លាកលេខខ.ម នៅចំណុចក្លិបកម្សាន្តខារ៉ាអូខេ សៀងហៃ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាត្រថ្ងៃទី៤ ឆ្លងចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ។
យុទ្ធនាការនេះដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនបុរសចិនឈ្មោះ ចាង ជិងសឹន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដែលទើបកធ្វើដំណើរមកពីម៉ាកាវ ហើយមានមិត្តភក្តិបើកឡានមកទទួល។
តាមចម្លើយ របស់បុរសជនជាតិចិនខាងលើ បានឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថដឹងថា ដោយនៅក្នុងឡាន របស់មិត្តភក្តិខ្លួនឃើញមានឯកសណ្ឋានកងយោធពលខេមរៈភូមិន្ទ មានស័ក្តិឧត្ដមសេនីយ៍ព្យួរនៅក្នុងឡាន រូបគេក៏បានលើកយកមកពាក់រួចក៏បានថតលេង ប៉ុន្តែមិននឹកស្មានថា ត្រូវគេបង្ហោះតាមបណ្តាញសង្គមហ្វ្រែសប៊ុក(Facebook)ព្រោងព្រាតបែបនេះទេ។
មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា បច្ចុប្បន្ននេះបុរសជនជាតិ ដែលធ្វើដំណើរមកពីម៉ាកាវរូបនេះ កំពុងត្រូវបានមន្ត្រីជំនាញសាកសួរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឈានទៅកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែកចំពោះរថយន្ត និង ម្ចាស់រថយន្ត ដែលជាមន្ត្រីយោធានោះ កំពុងត្រូវបានថ្នាក់ដឹកនាំក្នុងស្ថាប័នកងយោធពលខេមរៈភូមិន្ទ មានវិធានការណ៍តាមវិន័យ របស់កងកម្លាំងរួចហើយដែរ។
ក្រុមអ្នកច្បាប់បានឲ្យដឹងថា បើតាមផ្លូវច្បាប់ បុរសជនជាតិចិនរូបនេះ អាចត្រូវប្រឈមមុខ ចំពោះបទល្មើស ២មាត្រា គឺ មាត្រា ៦១៥ និង មាត្រា ៦១៦។
មាត្រា៦១៥ ចែងថា បទប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬ យោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល ។
ចំណែកមាត្រា ៦១៦ ចែងថា បទប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល អំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវសំលៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសំគាល់ ឬយានយន្តនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសំលៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាសំគាល់ ឬ យានយន្តរបស់នគរបាល ឬ យោធា ដែលអាចនាំអោយមានការភ័ន្តច្រលំក្នុងស្មារតីនៃសាធារណជន៕ ដោយ ៖ ដែនសីមា