ប្រធានាធិបតីអាមេរិច បានថ្លែងសារព្រមានត្រង់ៗទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនថា “កុំមើលស្រាលពួកយើង។ កុំចង់សាកជាមួយពួកយើង” ហើយលោកក៏បានថ្កោលទោសពីភាពខ្មៅងងឹតនៃជីវិតនៅក្នុងប្រទេសកូរ៉េខាងជើងផងដែរ។
ការថ្លែងព្រមានរបស់លោកត្រាំ ចំពោះមេដឹកនាំកូរ៉េខាងជើង បានធ្វើឡើងនៅក្នុងសភានៃប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលលោកកំពុងបំពេញទស្សនៈកិច្ចរយៈពេល ២ថ្ងៃ។
លោក ត្រាំថ្លែងព្រមាន គីម ជុងអ៊ុនថា “អាវុធដែលអ្នកនឹងទទួលបាន នឹងមិនធ្វើឲ្យអ្នកមានសុវត្ថិភាពនោះទេ” ហើយលោកក៏វាជំរុញឲ្យប្រទេសដទៃឲ្យចូលរួមកំលាំងគ្នាដើម្បីបញ្ឍប់ទីក្រុងព្យុងយ៉ាង។
មេដឹកនាំមហាអំណាចដដែលក៍បាន ជំរុញឲ្យមេដឹកនាំកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន។
លោក ត្រាំព្រមានថា “ពួកគេ (អាវុធនុយក្លេអ៊ែរ) កំពុងតែធ្វើឲ្យរបបអ្នកធ្លាក់ចូលក្នុងគ្រោះថ្នាក់យ៉ាងសន្សឹមៗ។ គ្រប់ជំហានដែលអ្នកឈានលើផ្លូវងងឹតមួយនេះ វានឹងធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យកាន់តែខ្លាំង”។
លោកក៍បានថ្លែងទៀតថា ប្រទេសកូរ៉េខាងជើងគឺមិនមែនជាឋានសួគ៌នោះទេ តែវាគឺជាឋាននរកដែលគ្មាននរណាម្នាក់នឹងសមរស់នៅ៕ ដោយ ៖ សុភ័ក្ត្រ